ស្របពេលដែលរឿង “វិលចរិត” នឹងដាក់បញ្ចាំងជាថ្មីក្នុង3ប្រទេសដំណាលគ្នាមាន កម្ពុជា ថៃ និងឡាវនោះ លោក ហ៊ុយ យ៉ាឡេង បានដឹកនាំតួសំខាន់ៗពីរដួងផ្សេងទៀតគឺ កញ្ញា ឆុំ វត្តី និងលោក វណ្ណី ពិសិដ្ឋ និងបានផ្តល់បទសម្ភាសផ្តាច់មុខជាមួយគេហទំព័រ ឡារ៉ែន កាលពីល្ងាចថ្ងៃទី19 ខែកក្កដា ឆ្នាំ2017 នៅផ្សារទំនើបអ៊ីអនម៉ល។
ផលិតករ ហ៊ុយ យ៉ាឡេង បានប្រាប់ថា សម្រាប់រឿង «វិកលចរិត» ដែលនឹងដាក់បញ្ចាំងក្នុង3ប្រទេសដំណាលគ្នានោះនឹងធ្វើឡើងនៅថ្ងៃទី3 ខែសីហា ឆ្នាំ2017 ខាងមុខនេះ។ លោកថា ការយករឿងទៅដាក់បញ្ចាំងនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ តែម្តង ពិតជាមានផលលំបាកខ្លាំងណាស់ ដោយត្រូវទៅរកអ្នកបកប្រែភាសាថៃធ្វើការទំនាក់ទំនងសព្វបែបយ៉ាង ដូចជាបញ្ចូលសំឡេងជាភាសាថៃ ដោយប្រើប្រាស់ពេលវេលាដល់ទៅ៤ខែឯណោះ។
តួសុភាព(ហ៊ុយ យ៉ាឡេង) ក្នុងរឿងវិកលចរិកខាងលើ បានបន្តថា ផលលំបាកធំបំផុត គឺការឆ្លងរឿងទៅកាន់ប្រទេសគេ ត្រូវប្រើប្រាស់ រយៈពេល ១ខែ ទើបអាចដាក់បញ្ចាំង ក្នុងរោងកុនបាន។ លោកថា ការឆ្លងពិបាក ដោយសារតែរឿងគេ មានរាប់រយរឿង ហើយរឿងយើងទៅក្រោយគេ នៅក្រោមគេ ទម្រាំដល់យើង ត្រូវប្រើប្រាស់ពេលយូរ ។
បើទោះបីជាប្រើប្រាស់ពេលយូរយ៉ាងនេះក្តី លោកបំណងចង់បង្ហាញស្នាដៃនៃខ្សែភាពយន្តខ្មែរ ទៅកាន់ប្រទេសគេ យើងត្រូវអត់ធ្មត់ ក៏ព្រោះតែចង់ឲ្យថៃទទួលស្គាល់ស្នាដៃខ្មែរ ដូចជំនាន់មុន ខណៈរឿងខ្មែរខ្ពស់ជាងគេ តែពេលនេះគេខ្ពស់ជាងយើង។
លោកថា ការចង់បង្ហាញរឿង វិកលចរិក ទៅកាន់ថៃ និង ឡាវ ព្រោះតែចង់ឲ្យប្រទេសគេ គិតថា កុនខ្មែរមិនអន់នោះទេ ផលិតឡើង មានគុណភាព និងកំពុងងើបឡើងវិញហើយ ។
ដោយឡែកលោក វណ្ណី ពិសិដ្ឋ និង កញ្ញា ឆុំ វត្តី ក៏បានប្រាប់ថា ដល់ពេលឃើញរឿង«វិកលចរិក» ដែលខ្លួនសម្តែង ចេញបង្ហាញ ខ្លួនលើឆាកអន្តរជាតិ ជាពិសេសដាក់បញ្ចាំងនៅ ថៃ និងឡាវ អ៊ីចឹង ពួកយើងពិតជាសប្បាយចិត្ត រកអ្វីថ្លែងមិនត្រូវនោះទេ ។ ពួកយើង គិតថាវាជាមោទនភាពមួយ សម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល ដែលរឿងខ្មែរ អាចដាក់បញ្ចាំង បាននៅក្រៅប្រទេស យ៉ាងដូច្នោះ ។ ម្យ៉ាងវិញពួកយើងគិតថា វាជាចំណែកមួយ ដែលជួយឲ្យ ភាពយន្តខ្មែរ ងើបឡើងវិញ ដើម្បីប្រកួតប្រជែង លើទីផ្សារ អន្តរជាតិ ។
ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនា វីដេអូសម្ភាស ហ៊ុយ យ៉ាឡេង ដឹកនាំតួពីរដួងក្នុងរឿង«វិកលចរិក» ចូលឆាកអន្ដរជាតិផ្តល់សម្ភាសន៍ផ្តាច់មុខអោយឡារ៉ែន ខាងក្រោមនេះ៖