Facebook បានឱ្យដឹងថា អ្នកលេងបណ្ដាញសង្គមដែលប្រើស្មាតហ្វូនកាមេរ៉ាតែមួយគ្រាប់ ក៏អាចបង្ហោះរូបថត 3D នៅលើបណ្ដាញសង្គមនេះបានដែរ។
ក្រុមហ៊ុន Facebook បានបន្ថែមមុខងារ 3D Photo តាំងពីឆ្នាំ2019 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនដែលមានកាមេរ៉ាភ្លោះ ចែករំលែករូបថតដែលអាចមើលឃើញជម្រៅបរិយាកាសក្នុងរូបថត ដោយយោងទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលគេហៅថា AI។ កាលពីចុងខែកុម្ភៈ នៅលើ blog របស់ខ្លួន Facebook បានអះអាងថា នឹងអនុញ្ញាតឱ្យអ្នកលេង Facebook ដែលប្រើស្មាតហ្វូនកាមេរ៉ាតែមួយគ្រាប់ អាចប្រើប្រាស់កម្មវិធី 3D Photo នេះបាន។
ដោយប្រើបច្ចេកវិទ្យា Machine Learning និង AI ក្រុមហ៊ុន Facebook អនុញ្ញាតឱ្យប្រព័ន្ធម៉ាស៊ីនរបស់ខ្លួនមានសមត្ថភាពបង្កើតរចនាសម្ព័ន្ធរូបភាព 2D ឱ្យទៅជា 3D បានដោយងាយ។
“ការពង្រីកមុខងារនេះ អនុញ្ញាតឱ្យបច្ចេកវិទ្យារូបភាព 3D ក្លាយជាមុខងារពេញនិយមមួយដែលមនុស្សរាប់លាននាក់កំពុងប្រើស្មាតហ្វូន និងថេប្លេតកាមេរ៉ាតែមួយគ្រាប់ អាចប្រើប្រាស់បានគ្រប់គ្នា។ វាជួយឱ្យអ្នកប្រើប្រាស់ ទស្សនារូបភាពចាស់ៗ កាលពីជំនាន់ដើម ទៅតាមរបៀបមើលថ្មី” នេះជាការលើកឡើងរបស់ Facebook។
កន្លងមក ស្មាតហ្វូន Google Pixel ឬកម្មវិធី LucidPix (ត្រូវបង់ថ្លៃសេវាកម្ម) ក៏អាចប្រែក្លាយរូបភាព 2D ឱ្យទៅជា 3D បានដែរ។ ប៉ុន្តែប្រការដែលខុសគ្នានោះគឺថា Facebook គឺជាបណ្ដាញសង្គមមួយដែលមានអ្នកប្រើប្រាស់ចំនួន 2,7ពាន់លាននាក់ ដូច្នេះ វាមានន័យថា បច្ចេកវិទ្យា 3D Photo នេះ នឹងមានគេប្រើច្រើនជាងមុន ហើយមិនបាច់បង់ថ្លៃទៀតផង។
ទោះជាមិនទាន់បានល្អដូចចិត្ត ប៉ុន្តែ បើតាម Petapixel លទ្ធផលនៃការប្ដូររូបរបស់ 3D Photo នៅលើ Facebook គឺ “ពិតជាគួរឱ្យជឿជាក់ណាស់”។ មុខងារនេះនឹងត្រូវ Facebook ដាក់ឱ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខ សម្រាប់អ្នកដែលប្រើ Facebook នៅលើស្មាតហ្វូន iOS ចាប់ពី iPhone 7 ឡើងទៅ ឬស្មាតហ្វូន Android ចាប់ពីប្រភេទមធ្យមឡើងទៅ៕
ប្រភព៖ សារព័ត៌មានបរទេស