សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី18 ខែកុម្ភៈកន្លងទៅ បានធ្វើការណែនាំ និងក្រើនរំឭកដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ឱ្យមានការប្រុងប្រយ័ត្ន និងទប់ស្កាត់រាល់ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H5N1 ព្រោះថា ថ្មីៗនេះ ជំងឺនេះកំពុងរីករាលដាលនៅភាគខាងត្បូងនៃប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះក្នុងពិធីចែកសញ្ញាបត្រ នៅរាជធានីភ្នំពេញដោយមានប្រសាសន៍ថា ជំងឺផ្តាសាយបក្សីកំពុងរាលដាលដល់សត្វមាន់នៅភាគខាងត្បូងនៃប្រទេសវៀតណាម ហើយក្រសួងពាក់ព័ន្ធត្រូវចាត់វិធានការដើម្បីទប់ស្កាត់ កុំឱ្យជំងឺនេះចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចបានមានប្រសាសន៍ថា៖“ដូច្នេះយើងត្រូវប្រយ័ត្នអំពីការផ្ទុះជំងឺផ្តាសាយបក្សី ក្នុង ចំណោមសត្វមាន់នៅខាងវៀតណាម។ ប្រជាជនវៀតណាមភ័យខ្លាចថា មាន់របស់ពួកគេនឹងត្រូវបានសម្លាប់ ហើយព្យាយាមលក់មាន់ឈឺរបស់ពួកគេមកប្រទេសកម្ពុជាដោយជាហេតុបង្កឱ្យមានជំងឺនេះឆ្លងរាលដាលមកក្នុងប្រទេសកម្ពុជា”។
ទោះយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចជឿជាក់ថា ប្រទេសវៀតណាមមានការទទួលខុសត្រូវខ្ពស់ក្នុងការការពារជំងឺនេះមិនឱ្យរាលដាលទៅដល់តំបន់ផ្សេងទៀត ឬប្រទេសនានាដូចកាលពីពេលមុន នៅពេលដែលជំងឺមួយបានសម្លាប់សត្វជ្រូកអស់រាប់ពាន់ក្បាល ដើម្បីការពារការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលវាយប្រហារប្រទេសរបស់ពួកគេ។
យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាមបានរាយការណ៍ថា វីរុស H5N1 ត្រូវបានគេរកឃើញនៅក្នុងខេត្តត្រាវិញ ភាគខាងត្បូងរបស់ប្រទេសវៀតណាម។ មន្ទីរបសុព្យាបាល និងសុខភាព សត្វខេត្តបានបញ្ជាក់ថា សត្វបក្សីនៅក្នុងភូមិចំនួន2 នៃស្រុកថ្កូវ បានធ្វើតេស្តរកឃើញវីរុសនេះ ហើយមាន់ប្រហែល 1,000ក្បាលត្រូវបានសម្លាប់។
ទីភ្នាក់ងារព័ត៌មានវៀតណាម បានបញ្ជាក់ទៀតថា ប្រទេសវៀតណាមបានរាយការណ៍ថា មានការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សីចំនួន 16លើក ក្នុងរយៈពេល 21ថ្ងៃ ហើយមានសត្វបក្សីជាង55,000ក្បាល ក៏ត្រូវបានសម្លាប់ដែរ។
តាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចេញសេចក្តីណែនាំមួយចុះថ្ងៃទី18 ខែកុម្ភៈ ដល់មន្ត្រី ឱ្យចាត់វិធានការដើម្បីបង្ការជំងឺផ្តាសាយបក្សី មិនឱ្យឆ្លងរាលដាលមកដល់ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសេចក្តីណែនាំនោះ ឯកឧត្ដមបានណែនាំដល់មន្ត្រីនៃមន្ទីរកសិកម្មនៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម ឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការពង្រឹងវិធានការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលសត្វបក្សី និងផលិតផលបក្សីខុសច្បាប់ពីព្រំដែន និងតាមអាកាសយានដ្ឋានផងដែរ។
បទបញ្ជានៃសារាចរណែនាំនោះ បានបញ្ជាក់ថា“មន្ត្រីត្រូវតែពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាពឱ្យបានល្អិតល្អន់នៅគ្រប់កសិដ្ឋានចិញ្ចឹមសត្វ និងកន្លែងសម្លាប់សត្វ បង្កើនការត្រួតពិនិត្យសុខភាពបក្សីនៅទូទាំងប្រទេស និងចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងករណីសង្ស័យថា មានការផ្ទុះជំងឺផ្តាសាយបក្សី” និងបានណែនាំដល់មន្ត្រីឱ្យពិនិត្យដោយយកចិត្តទុកដាក់លើសុខភាពសត្វបក្សី និងអនាម័យមុនពេលចេញវិញ្ញាបនបត្រអនាម័យសត្វ និងបង្កើនការអប់រំដល់កសិករនៅខេត្តក្នុងការអនុវត្តអនាម័យឱ្យបានល្អ។
សារាចរនោះបានបន្ថែមថា“មន្ត្រីគួរតែសហការជាមួយភាគីវៀតណាមដើម្បីផ្លាស់ប្តូរព័ត៌មានស្តីពីជំងឺផ្តាសាយបក្សី និងការដឹកជញ្ជូនបក្សី ឬផលិតផលបសុបក្សី ដើម្បីបង្ការជំងឺនេះឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព”។
ក្រសួងកសិកម្មបានឱ្យដឹងថា ផ្អែកតាមសារព័ត៌មានរបស់ប្រទេសវៀតណាម នៅពីថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2020 នៅខេត្តត្រាវិញភាគខាងត្បូង មានការផ្ទុះជំងឺផ្តាសាយបក្សីបង្ក ឡើងដោយវីរុស ប្រភេទ A/H5N1 ហើយត្រូវបានកម្ទេចសត្វមាន់ប្រមាណជាង 55,000ក្បាល។
ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍ពីសម្តេចហ៊ុន សែន ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាឱ្យចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនផ្ដាសាយបក្សីនេះភ្លាមៗតែម្ដង។
ឯកឧត្តមបន្តថា នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ដែលមានការចូលរួមពីមន្ត្រីពេទ្យសត្វ និងប្រធានមន្ទីរគ្រប់ខេត្ត ក្រុង ឯកឧត្តមបានណែនាំឱ្យពង្រឹងវិធានការទប់ស្កាត់ជាបន្ទាន់នូវការនាំចូលសត្វមាន់ និងបក្សីពីប្រទេសវៀតណាម។
ឯកឧត្តមបានបញ្ជាក់ថា៖“ក្រសួងនឹងចេញលិខិតណែនាំមួយបន្ថែមទៀត ដើម្បីបញ្ឈប់ការនាំចូលសត្វមាន់រស់ទាំងស្រុង ពីប្រទេសវៀតណាមចាប់ពីពេលនេះតទៅ ទាំងមាន់មានច្បាប់ និងអត់ច្បាប់អនុញ្ញាត រហូតទាល់តែមានសេចក្ដីណែនាំសាជាថ្មី”។
ឯកឧត្តម បានបញ្ជាក់ទៀតថា៖“មន្ត្រីពេទ្យសត្វនៅវៀតណាម ក៏ដូចជាមន្ត្រីពេទ្យសត្វនៅកម្ពុជាយើងដែរ ព្រោះយើងស្ថិតនៅក្រោមដំបូលអង្គការពេទ្យសត្វពិភពលោក។ អុីចឹង ពេលមានផ្ទុះជំងឺ យើងធ្វើសេចក្ដីប្រកាសមួយថា កន្លែងណា គឺជាតំបន់ផ្ទុះជំងឺ ប៉ុន្តែនៅពេលជំនាញចុះទៅធ្វើតេស្ដម្ដងទៀត និងតាមដានម្ដងទៀតថា នៅកន្លែងនោះពុំមានជំងឺទៀតទេ។ ដូច្នេះខាងវៀតណាមនឹងធ្វើសេចក្ដីប្រកាសមួយដោយរំសាយតំបន់ដែលពុំមានផ្ទុះជំងឺនោះ យើងអាចដំណើរការធម្មតាឡើងវិញបាន”។
ទោះជាយ៉ាងណា ឯកឧត្តមបានបន្ថែមថា កម្ពុជាបាននាំចូលសត្វមាន់ពីប្រទេសវៀតណាម គឺមានចំនួនតិចតួចប៉ុណ្ណោះ ហើយមួយរយៈចុងក្រោយនេះ ស្ទើរតែមិនមានការនាំចូលផង។ ភាគច្រើន គឺកម្ពុជានាំចូលសត្វមាន់រស់ពីប្រទេសថៃ ដើម្បីបង្គ្រប់តម្រូវការនៅក្នុងប្រទេស ដែលក្នុង 1ថ្ងៃគឺនាំចូលសត្វមាន់រស់ប្រហែល 1,6000ក្បាល។
ជាមួយគ្នានេះដែរ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការចរាចរបក្សី និងផលិតផលពីបក្សីនាំចូលពីប្រទេសវៀតណាម និងពីតំបន់មួយ ទៅតំបន់មួយទៀតក្នុងផ្ទៃប្រទេស ក្រសួងកសិកម្ម បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានី-ខេត្ត ជាពិសេសខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ត្រូវមានការទទួលខុសត្រូវប្រកបដោយតម្លាភាពខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី និងត្រូវអនុវត្តវិធានការម៉ឺងម៉ាត់ដូចខាងក្រោម៖
1-ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិតផលពីបក្សីខុសច្បាប់ ដែលឆ្លងកាត់តាមច្រកព្រំដែនពីខេត្ត1 ទៅខេត្ត1 ឬពីតំបន់1 ទៅតំបន់1 ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសសមត្ថកិច្ចច្រកចេញ-ចូលតាមព្រំដែន។
2-អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបង្កើនការត្រួតពិនិត្យចរាចរណ៍សត្វ និង ផលិតផលសត្វបន្ថែមទៀត ដោយសហការជាមួយមន្ទីរកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ។
3-ពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាពឱ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងចិញ្ចឹម បក្សី កន្លែងប្រមូលផ្តុំបក្សី កន្លែងអាជីវកម្មបក្សី និងកន្លែងសត្តឃាត។
4-រាល់ការចរាចរបក្សី និងផលិតផលពីបក្សីត្រូវមានលិខិតអនុញ្ញាត វិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ ស្របតាមបទដ្ឋានបច្ចេកទេស និងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពសត្វ។
5-មុនចេញវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ ជាពិសេសបក្សី និងផលិតផលពីបក្សី ត្រូវធ្វើការពិនិត្យសុខភាពសត្វ និងអនាម័យសត្វឱ្យបានត្រឹមត្រូវ ងាយស្រួលក្នុងការតាមដាន និង គ្រប់គ្រងជំងឺ។
6-ត្រូវអនុវត្តវិធានការជីវសុវត្ថិភាព ដោយលាងសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ តាមលក្ខណៈ បច្ចេកទេសលើមធ្យោយបាយដឹកជញ្ជូនសត្វ ជាពិសេសមុន និងក្រោយដឹកជញ្ជូនបក្សី។
7-ត្រូវបង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កសិករចិញ្ចឹមបក្សី ម្ចាស់កសិដ្ឋានចិញ្ចឹមបក្សី ម្ចាស់កន្លែងសត្តឃាត អ្នកសម្លាប់បក្សី និងអ្នកធ្វើអាជីវកម្មទិញ-លក់បក្សី។
8-ធ្វើការសហការជាមួយភាគីនៃប្រទេសវៀតណាម ក្នុងការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងជំងឺផ្តាសាយបក្សី ចរាចរណ៍បក្សី និងផលិតផលពីបក្សី ដើម្បីធ្វើការទប់ស្កាត់ជំងឺផ្តាសាយបក្សីឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
9-ករណីមានការសង្ស័យជំងឺផ្តាសាយបក្សី សូមធ្វើការទំនាក់ទំនងមកព័ត៌មានទាន់ហេតុការណ៍ ដែលមានទូរស័ព្ទលេខ៖ 012 214 970៕