យ៉ាងហោចណាស់ មានមនុស្សចំនួន30នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានវាយប្រហារទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី2មិនាកន្លងទៅ។
AFP បានឱ្យដឹងថា ហេតុការណ៍វាយប្រហារ និងចាប់ចំណាប់ខ្មាំងនេះ បានកើតឡើងនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Virra Mall ក្នុងតំបន់ Greenhills ខណ្ឌ San Juan ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល10ព្រឹកថ្ងៃនេះ ស្នូរគ្រាប់កាំភ្លើងបានផ្ទុះឡើងនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្ម Virra Mall។ មនុស្សរាប់ពាន់នាក់បាននាំគ្នារត់់ចេញពីតំបន់ពាណិជ្ជកម្មនេះ។
អាភិបាលខណ្ឌ San Juan លោក Francis Zamora បានឱ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានគេអះអាងថាជាបុគ្គលិកសន្តិសុខម្នាក់របស់មជ្ឈមណ្ឌលពាណិជ្ជកម្មដែលទើបត្រូវបានបណ្ដេញចេញពីការងារថ្មីៗនេះ។ បុរសនេះបានត្រឡប់មកកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅព្រឹកនេះ ហើយបានដាក់លក្ខខណ្ឌមួយចំនួន មុនពេលចាប់មនុស្សប្រហែល30នាក់ ធ្វើជាចំណាប់ខ្មាំង។ ក៏ប៉ុន្តែ អ្នកនាំពាក្យរបស់នគរបាល Christopher Jan Lagunilla បានឱ្យដឹងថា ចំណាប់ខ្មាំងមានតែ20នាក់ប៉ុណ្ណោះ ក្នុងនោះមានទាំងភ្ញៀវ និងបុគ្គលិកមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងថា មានអ្នកស្លាប់ ឬរបួសប៉ុន្មាននាក់នៅឡើយ ប៉ុន្តែ AFP បានចុះផ្សាយថា យ៉ាងហោចមានមនុស្សម្នាក់បានរងរបួសដោយត្រូវគ្រាប់កាំភ្លើង និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
យោងតាមលោកអភិបាល Zamora ជនសង្ស័យមានការមិនពេញចិត្តចំពោះការដែលខ្លួនត្រូវបណ្ដេញចេញពីការងារ។ ជនសង្ស័យបានស្នើឱ្យមានកិច្ចប្រជុំមួយតាមទូរស័ព្ទជាមួយបុគ្គលិកសន្តិសុខផ្សេងៗរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម រួមនឹងបុគ្គលិកផងដែរ។
លោក Zamora ថ្លែងថា “ជនសង្ស័យនេះបានបញ្ចុះបញ្ចូលបុគ្គលិកសន្តិសុខដទៃឱ្យចូលរួមជាមួយខ្លួនដើម្បី “ផ្ដួលរំលំ” គណៈគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម”។ មន្ត្រីរូបនេះបន្តថា ជនសង្ស័យហាក់ដូចជាបានយកគ្រាប់បែកមកតាមខ្លួនទៀតផង។
ក្រោយមកមិនយូរប៉ុន្មាន ជនសង្ស័យដែលជាអតីតបុគ្គលិកសន្តិសុខរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ ក៏ត្រូវបានចាប់ខ្លួន។ ចំណែកចំណាប់ខ្មាំងទាំងអស់ក៏ត្រូវបានដោះលែង។
ខ្មាន់កាំភ្លើងនេះបានស្នើឱ្យអាជ្ញាធររៀបចំឱ្យខ្លួន អាចនិយាយនៅចំពោះមុខអតីតមិត្តរួមការងារ ក៏ដូចជាអ្នកយកព័ត៌មាន អំពីមូលហេតុដែលនាំឱ្យកើតមានហេតុការណ៍នេះ។ ក្រុមអ្នកគ្រប់គ្រងផ្នែកសន្តិសុខនៃមជ្ឈមណ្ឌលពាណិជ្ជកម្មក៏បានសុំទោស និងបានលាលែងពីតំណែងទៅតាមការស្នើរបស់ជនសង្ស័យ។
ចំពោះមូលហេតុនៃអំពើខុសច្បាប់ខាងលើនេះ ត្រូវបានគេដឹងថា កើតឡើងដោយជនសង្ស័យមិនសុខចិត្ត បន្ទាប់ពីត្រូវបានបណ្ដេញចេញពីការងារ៕
ប្រភព៖ សារព័ត៌មានបរទេស