ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើរដ្ឋាភិបាលជប៉ុនជួយត្រួតពិនិត្យ និងពង្រឹងបទដ្ឋានគតិយុត្តលើវិស័យសំណង់នៅកម្ពុជា។ ការស្នើរបស់រាជរដ្ឋាភិបាលបែបនេះ បានធ្វើឡើងនាឱកាសសម្ដេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក មីកាមី ម៉ាសាហ៊ីរ៉ូ កាលពីពេលថ្មីៗនេះ។
នាឱកាសនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះជំនួយរបស់ជប៉ុន ដល់ការតាក់តែងច្បាប់សំណង់នៅកម្ពុជា។ បន្ថែមលើនោះសម្ដេច បានស្នើសុំឱ្យជប៉ុនបន្តជួយដល់កម្ពុជា ធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្ត ក៏ដូចជាធ្វើការត្រួតពិនិត្យលើវិស័យសំណង់ទាំងឡាយ ដែលកម្ពុជាបាននិងកំពុងសាងសង់ ដើម្បីឱ្យវិស័យនេះមានភាពរឹងមាំ។
សម្ដេច បានលើកឡើងបន្តថា ជប៉ុនកំពុងតែធ្វើការសហការជាមួយក្រសួងរ៉ែ និងថាមពល លើវិស័យអគ្គិសនី ដោយបានពិភាក្សាជាមួយឯកឧត្ដមស៊ុយ សែម ម្តងរួចមកហើយ និងបន្តពិភាក្សាម្ដងទៀត ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនី។
លើសពីនេះទៅទៀត ក៏មានកិច្ចសហប្រតិបត្តិការក្នុងការរៀបចំផែនការមេសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជាផងដែរ ដូចជាមានការពិភាក្សា និងសិក្សាអំពីផែនការមេក្នុងការពង្រីក និងពង្រឹងវិនិយោគកំពង់ផែក្រុងព្រះសីហនុ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី12 ខែកុម្ភៈ កន្លងទៅ បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ2019 CDC បានសម្រេចអនុញ្ញាតគម្រោង វិនិយោគជប៉ុនចំនួន 143គម្រោង ក្នុងទុនវិនិយោគប្រមាណ 2,785លានដុល្លារអាមេរិក។
សូមរំឭកដែរថា ច្បាប់សំណង់កម្ពុជា ត្រូវបានអនុម័តសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី3 ខែវិច្ឆិកា ឆ្នាំ2019 កន្លងទៅនេះ។ កន្លងមក ពាក់ព័ន្ធនឹងច្បាប់ស្តីពីសំណង់នេះដែរ គឺមានការ រួមចំណែកពីប្រទេសជប៉ុន តាមរយៈការផ្តល់ជំនួយទាំងថវិកា និងជួយពង្រឹងបទដ្ឋានគតិយុត្តនៅក្នុងច្បាប់នេះ។
ជុំវិញច្បាប់សំណង់នេះ ប្រមុខរដ្ឋាភិបាលកម្ពុជាព្រមទាំងស្ថាប័នពាក់ព័ន្ធ បានចាត់ទុកថា គឺជាសមិទ្ធផល និងផ្លែផ្កាដ៏ត្រចះត្រចង់ និងជោគជ័យថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ខណៈច្បាប់នេះ ត្រូវបានស្ថាប័នពាក់ព័ន្ធខិតខំ និងរង់ចាំលទ្ធផលជាយូរណាស់មកហើយ ដើម្បីយកមកប្រើប្រាស់ក្នុងការគ្រប់គ្រងវិស័យសំណង់របស់កម្ពុជា។
គួរបញ្ជាក់ថា ច្បាប់សំណង់ ដែលបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីដើមខែវិច្ឆិកា ឆ្នាំ2019 នោះ មានទាំងអស់ 22ជំពូក និង 111មាត្រា។
ច្បាប់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ច្បាប់ថ្មីនេះ ក៏នឹងបង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ព្រមទាំងបង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ផងដែរ។
យ៉ាងណាក្ដី ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចស្នើសុំដល់អ្នកវិនិយោគ អ្នកសាងសង់ ក៏ដូចជាអ្នកគ្រប់គ្រងសំណង់ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់ សូមចូលរួមគោរពច្បាប់សំណង់ និងបទប្បញ្ញត្តិឱ្យមានប្រសិទ្ធភាពប្រកបដោយភាពត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពសំណង់នៅកម្ពុជា៕