ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជំនួញជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជាកាលពីថ្ងៃទី18 ខែកក្កដានេះ ឯកឧត្តម Beketzhan Zhumakhanov ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅកម្ពុជា ឡាវ និងវៀតណាមបានបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថានមានបំណងទិញផ្លែស្វាយ និងដំណាំកសិកម្មដទៃមួយចំនួនទៀតដើម្បីយកទៅលក់បន្តនៅទីផ្សារសហគមន៍អឺរ៉ុប។
ឯកឧត្តមឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា គោលបំណងនៃជំនួបរបស់លោក និងគណប្រតិភូនាពេលនេះ គឺដើម្បីពិភាក្សាលើការផ្លាស់ប្តូរជំនួញរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ព្រមទាំងស្នើសុំការណែនាំពីបែបបទ និងនីតិវិធីក្នុងការនាំចូល និងនាំចេញទំនិញរវាងប្រទេសទាំងពីរ។ ក្រៅពីនេះឯកឧត្តមឯកអគ្គរដ្ឋទូតក៏ចង់ស្វែងយល់ពីការស្នើសុំវិញ្ញាបនបត្រក្នុងការនាំចូលសាច់សត្វ និងមានបំណងនាំចេញផ្លែស្វាយ និងដំណាំផ្សេងទៀតពីកម្ពុជា ហើយទស្សនកិច្ចលើកនេះ លោកក៏មានបំណងពិនិត្យមើលនូវលទ្ធភាពនៃការសហការដៃគូជាមួយសហគ្រិនមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីមធ្យោបាយក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ ដោយប្រើប្រាស់រយៈពេលត្រឹមតែ14ថ្ងៃប៉ុណ្ណោះ ដោយត្រូវឆ្លងកាត់កំពង់ផែប្រទេសចិន ហើយក៏អាចប្រើប្រាស់កំពង់ផែនោះធ្វើការនាំផលិតផលនានាចេញទៅកាន់ទីផ្សារប្រទេសអឺរ៉ុបផងដែរ។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានថ្លែងស្វាគមន៏ចំពោះការចាប់ដៃគូសហការ និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់អំពីកសិផលដែលមានសក្តានុពលនាំចេញដែលរួមមានដូចជា ផ្លែស្វាយ និងម្រេច ដែលបច្ចុប្បន្នកំពុងប្រកាសរកទីផ្សារនាំចេញ។ ចំពោះបែបបទក្នុងការនាំចេញ-ចូល ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យភាគីកាហ្សាក់ស្ថានបញ្ជូនមន្រ្តីជំនាញមកពិភាក្សាលម្អិតជាមួយមន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពីបែបបទ និងនីតិវិធីក្នុងការនាំចេញ-ចូល និងពិនិត្យមើលនូវលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ។
ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតពិចារណាក្នុងការគាំទ្រដល់ការពង្រីកកំពង់ផែសមុទ្រ និងទឹកសាបនៅកម្ពុជាដើម្បីឈានទៅប្រកួតប្រជែងតម្លៃនៃការនាំចេញ និងបង្កើនល្បឿនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕