Google បានដាក់ពាក្យសុំនូវការលើកលែងមួយជាមួយនឹងរដ្ឋាភិបាលអាមេរិក ដើម្បីអាចឱ្យខ្លួនបានបន្តផ្ដល់អាជ្ញាប័ណ្ណដល់ Huawei ឱ្យប្រើប្រាស់ Mobile Services របស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗនានា។
Huawei គឺកំពុងស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ចាប់តាំងពីខែឧសភា ឆ្នាំ2019មកម្ល៉េះ ដែលមានន័យថា គឺមិនអាចរកស៊ីជាមួយក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកបានឡើយ ក្នុងនោះរួមមាន Google ជាដើម។ លុះត្រាតែមានការលើកលែងពិសេសពីសំណាក់រដ្ឋាភិបាលអាមេរិក។
Microsoft គឺជាក្រុមហ៊ុនមួយដែលទទួលបានការលើកលែង ហើយពេលនេះអាចធ្វើការជាមួយ Huawei រួចមកហើយ។
ប្រសិនបើ Google ផ្ដល់ការលើកលែងស្រដៀងគ្នានេះ Huawei អាចនឹងធ្វើការអាប់ឌែតឧបករណ៍របស់ខ្លួនជាមួយ Google Mobile Services បានភ្លាមៗ ដែលមានន័យថា កម្មវិធី និងសេវាកម្មដូចជា Play Store, Maps, Photos, YouTube និង Gmail អាចដំណើរការលើស្មាតហ្វូន Android របស់ Huawei បាន។
ឥឡូវនេះ Huawei មាននូវ Huawei Mobile Services ផ្ទាល់ខ្លួន ដែលសម្រាប់ជំនួស Google Mobile Services ប៉ុន្តែ HMS នៅមិនទាន់មានភាពទូលំទូលាយនៅឡើយទេ ដ្បិតថា Huawei ចំណាយថវិកាច្រើនសន្ធឹកក្នុងការបង្កើតវាក្ដី៕