“ការទទួលស្គាល់របស់ឪពុកម្តាយ នឹងជួយឱ្យកូនកើតមានមោទនភាពចំពោះខ្លួនឯង និងធ្វើឱ្យគេអាចធ្វើរឿងផ្សេងៗបានល្អដូចគ្នាដែរ”នៅពេលកូនធ្វើអំពើល្អ ឬមានស្នាដៃក្នុងការធ្វើអ្វីមួយគួរជាទីពេញចិត្តនោះ ឪពុកម្តាយកុំភ្លេចពោលពាក្យសរសើរ ឬឱ្យរង្វាន់ជាការតបស្នងទៅវិញផង ព្រោះរូបកូនខ្លួនឯងក៏ត្រូវការការទទួលស្គាល់ចំពោះខ្លួនគេដែរថា គេអាចធ្វើបាន ដូច្នេះពាក្យរីករាយសរសើរ ឬរង្វាន់ ក៏ប្រៀបដូចជាកម្លាំងដឹកនាំចិត្តមួយដែរ។
តែការឱ្យរង្វាន់ មិនមែនជាការសូកប៉ាន់កូននោះទេ មានជាច្រើនដងណាស់ដែលឪពុក-ម្តាយតែងប្រើរង្វាន់ធ្វើជារឿងជន្លរចិត្តឱ្យកូនធ្វើនូវរឿងអ្វីម្យ៉ាងឱ្យបាន ឬបញ្ឈប់ទង្វើដែលមិនល្អ ដូចជា បើកូនញ៉ាំបាយអស់ពីចាន ម៉ាក់នឹងទិញសៀវភៅតុក្កតារឿងថ្មីមកឱ្យ ឬបើកូនឈប់យំ ម៉ាក់នឹងនាំទៅទិញនំញ៉ាំ ឬក៏បើកូនប្រឡងបានលេខ1 ម៉ាក់នឹងទិញកង់ថ្មីឱ្យជាដើម។
រឿងទាំងអស់នេះ នឹងហុចផលឱ្យកុមាររៀនយល់ដឹង និងជ្រួតជ្រាបថា ការធ្វើអ្វីក៏ដោយ តែងតែមានចំណុចដូរដោះគ្នា ឬផលតបស្នងដែលគេពេញចិត្តជានិច្ច បើគ្មានរង្វាន់ គេនឹងមិនធ្វើទេ ដូច្នេះយើងហៅទង្វើបែបហ្នឹងថា ការសូកប៉ាន់កូន។
ការឱ្យរង្វាន់ មិនគួរឱ្យផ្ដេសផ្ដាស់ ឬមិនចាំបាច់ត្រូវតែជារបស់របរ វត្ថុ ឬលុយកាក់ជានិច្ចនោះទេ អាចជាការសរសើរដោយវាចាក៏បាន គួរឱ្យរង្វាន់នៅពេលដល់ពេលវេលាដែលស័ក្តិសម និងតាមភាពសមរម្យ។ គ្រប់ពេលដែលឱ្យ គួរប្រាប់ពីហេតុផលផងថា ដោយសារហេតុអីទើបកូនគួរតែបានទទួលរង្វាន់នេះ ដើម្បីឱ្យរង្វាន់នេះក្លាយជារង្វាន់ដែលមានតម្លៃ និងស័ក្តិសិទ្ធិ ត្រូវនឹងមនុស្សដែលស័ក្តិសមនឹងវាដូចគ្នា ដូចជា នៅពេលកូនបានជួយលើកមិត្តភក្តិដែលជំពប់ជើងដួលរងរបួសនៅក្នុងទីលានក្មេងលេង ហើយក្រោកឡើងវិញមិនរួចជាដើមនោះ ឪពុក-ម្តាយគួរឱ្យរង្វាន់ដោយការនិយាយសរសើរ និងលើកតម្កើងនូវអ្វីដែលកូនបានធ្វើ ដែលវានឹងធ្វើឱ្យកូនមានមោទនភាពលើខ្លួនឯង និងរៀនយល់ដឹងក្នុងការធ្វើល្អតទៅទៀតដែរ៕