ដូចដែលយើងបានដឹងហើយថា ដោយអាយុរបស់លោកឪពុកអ្នកម្តាយរបស់យើងដែលចេះតែកើនឡើង សុខភាពរាងកាយរបស់លោកទាំង2 ក៏មានតែរុះរោយទៅតាមពេលវេលានោះ តួនាទីជាកូនៗរបស់យើង គឺគួរតែយកចិត្តទុកដាក់រឿងសុខភាពរបស់លោក ដោយការមើលថែទាំ និងពិនិត្យមើលថា តើលោកមានភាពប្រថុយប្រថាននឹងការកើតជំងឺក្នុងវ័យចំណាស់ឬក៏អត់?
1. ជំងឺទឹកនោមផ្អែម
រោគដែលកើតចេញពីភាពខុសប្រក្រតីខាងរាងកាយដែលផលិតអ័រម៉ូនអុីនស៊ូលីនមិនគ្រប់គ្រាន់ បណ្តាលឱ្យកម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ ភាគច្រើនតែងជួបប្រទះលើអ្នកដែលមានទម្ងន់ខ្លួនលើសមាត្រដ្ឋានចំពោះមនុស្សចាស់ដែលក្រុមគ្រួសារកើតជំងឺនេះ។ អាការរបស់ជំងឺនេះ នឹងធ្វើឱ្យបត់ជើងតូច និងស្រេកទឹកញឹកញាប់ ល្វើយ ទម្ងន់ខ្លួនធ្លាក់ចុះ រហូតកើតមានការជ្រៀតចូលរបស់ជំងឺផ្សេងៗ ដូចជា ជំងឺភ្នែក ជំងឺក្រលៀន ជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល។
2. ជំងឺលើសឈាម
ជាជំងឺរ៉ាំរ៉ៃ ដោយនៅក្នុងសភាពប្រក្រតីមនុស្សធម្មតាយើងមានកម្រិតសម្ពាធលោហិត 2បែប គឺតួលេខសម្ពាធឈាមខាងលើត្រូវស្ថិតនៅកម្រិតមិនលើស 140មិល្លីម៉ែត្របារ៉ត តួលេខសម្ពាធឈាមខាងក្រោមមិនលើស 90មិល្លីម៉ែត្របារ៉ត បើខ្ពស់ជាងនោះ នឹងចាត់ចូលក្នុងសភាវសម្ពាធឈាម។ ជារោគដែលកើតញឹកញាប់នៅលើមនុស្សចាស់ តែងកើតក្នុងខណៈដែលមានភាពធុញថប់តានតឹង ដែលភាគច្រើនគ្មានអាការស្តែងចេញទេ តែពេលខ្លះមានអាការញ័រដើមទ្រូង ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ជំងឺនេះឆាប់ពិនិត្យរកឃើញ និងមិនពិបាកព្យាបាលទេ តែបើបណ្តែតបណ្តោយ នឹងធ្វើឱ្យកើតរោគស្ពឹកពិការ អាចដល់ថ្នាក់គាំងបេះដូងបានទៀតផង។
3. ជំងឺខាងខួរក្បាល
ជាជំងឺដែលកើតដោយសារសមត្ថភាពខាងសតិបញ្ញាថមថយចុះ គិត និងចាំមិនសូវបាន ធ្វើឱ្យមានអាការភ្លេចភ្លាំង ដោយជំងឺខាងខួរក្បាលដែលជួបញឹកញាប់នោះគឺ រោគអាល់ហ្សៃមើរ៍ និងរោគផារ៍គិនសុន។ ច្រើនជួបនៅលើមនុស្សដែលមានអាយុច្រើនចាប់ពី 65ឆ្នាំឡើងទៅ។ អាការចាប់ផ្តើមដំបូង គឺច្រើនតែភ្លេចរឿងដែលទើបនឹងកើតឡើងថ្មីៗ ដូចជារករបស់មិនឃើញ ទាំងទុកដាក់នៅកន្លែងដដែលជាប្រចាំជាដើម។ វិធីការពារតាំងពីដើមទីរបស់ជំងឺនេះ គឺគួរព្យាយាមហ្វឹកហាត់ឱ្យខួរក្បាលបានគិតញឹកញាប់ និងព្យាយាមកុំគិតច្រើន មិនធុញថប់តឹងតែងច្រើនក្នុងអារម្មណ៍។
4. ជំងឺបេះដូងខ្វះឈាម
កើតឡើងដោយសារសរសៃឈាមដែលទៅចិញ្ចឹមសាច់ដុំបេះដូងកើតអាការត្បៀតតូច ធ្វើឱ្យឈាមហូរទៅចិញ្ចឹមសាច់ដុំបេះដូងមិនរួច ធ្វើឱ្យសាច់ដុំបេះដូងខ្វះអុកស៊ីហែ៊្សនមួយខណៈពេល ជាមូលហេតុធ្វើឱ្យកើតអាការឈឺដើមទ្រូង តែនឹងធូរស្រាលឡើងវិញនៅពេលបានសម្រាក ហើយបើសរសៃឈាមដែលត្បៀតតូចនោះស្ទះបែបទាន់ហន់វិញនោះ នឹងធ្វើឱ្យសាច់ដុំបេះដូងស្លាប់ នាំឱ្យកើតអាការចុកក្នុងដើមទ្រូងយ៉ាងធ្ងន់ធ្ងរ អាចមានអាការបេះដូងដើរខុសចង្វាក់ ឬឈប់ដើរ ហើយបាត់បង់ជីវិតភ្លាមមុននឹងដល់មន្ទីរពេទ្យទៀតផង។
5. រោគឆ្អឹង
ឆ្អឹងរបស់មនុស្សយើងនឹងចាប់ផ្តើមចុះខ្សោយ និងស្តើងនៅពេលយើងមានអាយុ 45ឆ្នាំឡើងទៅ ហើយមនុស្សស្រីនឹងមានសភាពបែបនេះខ្លាំងជាងបុរស ជាពិសេសស្ត្រីដែលស្ថិតក្នុងវ័យអស់រដូវ។ មូលហេតុបណ្ដាលមកពីសារធាតុអំបិលរ៉ែដែលមានកាល់ស្យូម និងផូស្វ័រត្រូវបានបណ្តេញចេញពីរាងកាយ។ អាការដែលអាចដឹងបាននោះគឺ ពុកធ្មេញ ឈឺឆ្អឹងកម្ពស់ធ្លាក់ចុះ ខ្នងកោង ជើងកោង។ល។ អ្នកជំងឺដែលមិនបានទទួលការមើលថែទាំពីគ្រូពេទ្យ នឹងប្រថុយប្រថានក្នុងការបែកបាក់ឆ្អឹងក្នុងកន្លែងផ្សេងៗនៃរាងកាយ ជាពិសេសឆ្អឹងដៃ ក្នុងចន្លោះពីកែងដៃដល់កដៃ។
វិធីមើលថែទាំ និងការពារការកើតជំងឺលើមនុស្សចាស់
* គ្រប់គ្រងអាហារការហូបចុកឱ្យស័ក្តិសមនឹងរាងកាយ ចៀសវាងអាហារដែលមានជាតិខ្លាញ់ខ្ពស់ រសជាតិផ្អែម និងប្រៃខ្លាំង ។
* កាត់បន្ថយ លែង ឬឈប់សេពវត្ថុគ្រោះថ្នាក់ ដូចជា បារី សុរា។ល។
* ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយ។
* មនុស្សចាស់គួរហាត់ប្រាណក្នុង 1សប្តាហ៍ពី 3 – 4ដង។
* គ្រប់គ្រងទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រិតសមរម្យ មិនឱ្យធាត់ជ្រុលពេក។
* ធ្វើចិត្តឱ្យស្រស់ថ្លា មិនធុញថប់តឹងតែង សម្រាកឱ្យបានគ្រប់គ្រាន់។
* ឧស្សាហ៍សង្កេតមើលអាការខុសប្រក្រតី
ផ្សេងៗរបស់រាងកាយ បើមានអ្វីប្លែកគួរប្រញាប់ទៅប្រឹក្សាគ្រូពេទ្យ។
* ត្រួតពិនិត្យសុខភាពជាប្រចាំ រៀងរាល់ 6 -12ខែម្តង៕