បន្ទាប់ពីលោក ស៊ឹម សុរ៉ាមភូមិ ផ្អាកពីការងារសិល្បៈអស់រយៈពេល 4ឆ្នាំមក គេនាំគ្នាគិតថា លោកប្រហែលជាឆ្អែតឆ្អន់ជាមួយនឹងអាជីពនេះហើយ ខណៈដែលគេដឹងថា លោកមានសង្សារកំណាន់ចិត្ដដែលរស់នៅបរទេសកំពុងតែចង់ឱ្យចេញទៅរស់នៅទីនោះជាមួយគ្នា តែថ្មីៗនេះលោកក៏បានត្រឡប់មកវិញក្នុងអាជីពជាអ្នកដឹកនាំរឿង។
ក្នុងឱកាសប្រារព្ធពិធីក្រុងពាលីរឿង «រថយន្ដទៅសៀមរាប» លោកសុរ៉ាមភូមិបានធ្វើឱ្យអ្នកសិល្បៈដែលបានចូលរួមសម្ដែងនៅក្នុងរឿងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈលោកបង្ហាញវត្ដមានក្នុងនាមជាអ្នកដឹកនាំរឿងឱ្យផលិតកម្មចក្រវាឡិ៍ពេជ្រភាពយន្ដ។
ជុំវិញបញ្ហានេះលោក សុរ៉ាមភូមិ បញ្ជាក់ប្រាប់ថា លោកស្រឡាញ់អាជីពជាអ្នកដឹកនាំរឿងនេះជាយូរមកហើយប៉ុន្ដែគ្មានឱកាសបានសិក្សា ប៉ុន្តែស្របពេលដែលលោកបានផ្អាកពីការងារសម្ដែងអស់រយៈពេលបួនឆ្នាំមកនេះ លោកបានខិតខំស្វះស្វែងដើម្បីសិក្សាលើផ្នែកនេះជាមួយអ្នកជំនាញជាច្រើន។ អតីតតារាសម្ដែងរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំបានចេញទៅរៀននៅថៃ បន្ទាប់មកបានរៀនជាមួយគ្រូជនជាតិអាមេរិក និងគ្រូខ្មែរនៅក្នុងស្រុកផងដែរ។ ជាងនេះទៅទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្ញុំឱ្យកាន់តែខ្លាំងឡើង នាពេលខាងមុខនេះ ខ្ញុំនឹងចេញទៅរៀនផ្នែកបច្ចេកទេសនៅប្រទេសជប៉ុនបន្ថែមទៀត»។
សុរ៉ាមភូមិ បន្ដថា៖ «ពេលខ្ញុំអាចយល់ដឹងពីបច្ចេកទេសនៃការដឹកនាំរឿងច្រើនហើយ វាប្រៀបដូចជាខ្ញុំឈរនៅទីខ្ពស់អ៊ីចឹង មានន័យថានៅពេលខ្ញុំក្លាយជាអ្នកដឹកនាំរឿងដែលឆ្លងកាត់បទពិសោធមកច្រើន ខ្ញុំនឹងអាចយល់ពីអារម្មណ៍របស់តារាសម្ដែងបានច្បាស់ ដូច្នេះនៅពេលខ្ញុំទទួលយកការងារគ្រប់គ្រងការសម្ដែងឱ្យផលិតកម្មរបស់អ្នកដទៃ ខ្ញុំពុំចាំបាច់ព្រួយបារម្ភឡើយ»។
ដោយឡែកពាក់ព័ន្ធនឹងការដឹកនាំរឿង «រថយន្ដទៅសៀមរាប» លោកបញ្ជាក់ថា នៅក្នុងរឿងនេះលោកបានចូលរួមនិពន្ធ និងដឹកនាំរឿងផងដែរ ដោយខ្លឹមសារសាច់រឿងចង់បង្ហាញពីជីវិតដ៏ស្មុគស្មាញរបស់អ្នកបើករថយន្ដឈ្នួល។ ទោះបីរឿងនេះជាស្នាដៃទីមួយរបស់លោកក៏ដោយ ក៏លោកបានតាំងចិត្ដធ្វើរឿងនេះឱ្យមានគុណភាពដែរ ខណៈក្នុងរឿងនេះលោកក៏មានភាគហ៊ុន 50%ផងដែរ។
ទោះយ៉ាងណាលោកបានបញ្ជាក់ប្រាប់ថា បើទោះជាថ្ងៃអនាគតលោកទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងអាជីពអ្នកដឹកនាំរឿងក៏ដោយ ក៏លោកមិនបោះបង់ចោលការងារសម្ដែងដែរ ព្រោះលោកបានមើលឃើញតារាសិល្បៈអន្ដរជាតិជាច្រើនបានធ្វើជាតារាសម្ដែងផង និងជាអ្នកដឹកនាំរឿងផង៕