ប្រទេសចិន៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានស្រាវជ្រាវ និងបង្កើតមួយសុវត្ថិភាពឆ្លាតវៃដែលអាចជួយសមត្ថកិច្ចទប់ទល់នឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណា Covid-19។ នេះបើតាម Tech Times។
ក្រុមហ៊ុនបច្ចេកវិទ្យា Kuang-Chi នៅក្នុងតំបន់ Shenzhen បានឧទ្ទេសនាមមួកសុវត្ថិភាពឆ្លាតវៃមួយប្រភេទ ដែលអនុញ្ញាតឱ្យស្កេនរហ័សដើម្បីស្វែងរកអ្នកដែលមានកម្ដៅខ្លួនខ្ពស់នៅក្នុងហ្វូងមនុស្ស ដែលនេះជួយឱ្យសមត្ថកិច្ចមានភាពងាយស្រួលក្នុងការទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគកូរ៉ូណា។ ក្រៅពីនេះ មួកសុវត្ថិភាពឆ្លាតវៃ AI helmets
នេះក៏អាចស្កេន QR កូដ និងស្គាល់ ឬចំណាំផ្ទៃមុខមនុស្សក្នុងរយៈចម្ងាយ5ម៉ែត្រផងដែរ។ មួកនេះក៏មានបំពាក់បច្ចេកវិទ្យា 5G Wi-Fi និង Bluethooth ព្រមទាំងមានភ្ជាប់វ៉ែនតា VR(virtual reality) ទៀតផង។
ផលិតផលរបស់ Kuang-Chi បានបង្ហាញខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ2019 ប៉ុន្តែ វាទើបតែត្រូវបានប្រើប្រាស់ច្រើននៅក្នុងតំបន់សៀងហៃ និងបណ្ដាទីក្រុងមួយចំនួនទៀតរបស់ចិន។ នេះគឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលទទួលបានជំនួយពីរដ្ឋាភិបាលចិន។
ក្រុមហ៊ុនមួយចំនួនផ្សេងទៀតរបស់ចិន ក៏កំពុងតែស្រាវជ្រាវ និងអភិវឌ្ឍផលិតផលដែលអាចស្កេនកម្ដៅខ្លួនដោយប្រើពេលខ្លីបំផុត។ ប្រព័ន្ធស្វែងរកអ្នកដែលមានកម្ដៅខ្លួនខ្ពស់ ដែលត្រូវបានបង្កើតឡើងដោយ Baidu និង Megvii នេះ កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុងប៉េកាំង ប្រទេសចិន៕
ប្រភព៖ សារព័ត៌មានបរទេស