សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី( AFC) បានចេញសេចក្តីប្រកាសពិន័យជាទឹកប្រាក់ចំនួន 2,500ដុល្លារ ទៅលើគ្រូបង្វឹកក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំថៃ លោក Ithsara Sritharo ពីបទមិនចូលរួមធ្វើសន្និសីទព័ត៌មានក្រោយការប្រកួត។ កាលនោះក្រុម U19 ថៃបានទាត់ចាញ់ U19 កម្ពុជា ក្នុងលទ្ធផល 2ទល់1 នាការប្រកួតពានរង្វាន់វគ្គជម្រុះក្នុងពូលពាន AFC U-19 Championship 2020 កាលពីថ្ងៃទី8 វិច្ឆិកា ឆ្នាំ2019។
ក្រៅពីពិន័យគ្រូបង្វឹករូបនេះហើយ AFCក៏បានពិន័យសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ជាទឹកប្រាក់ចំនួន 5,000ដុល្លារដោយសារមិនធ្វើឯកសាររាយការណ៍ទៅAFC លើករណីគ្រូបង្វឹករូបនេះមិនចូលរួមធ្វើសន្និសីទកាសែតក្រោយការប្រកួតនោះទៀតផង។
គ្រូបង្វឹករូបនេះមានពេល 30ថ្ងៃដើម្បីប្ដឹងឧទ្ធរណ៍ ហើយសមាគមបាល់ទាត់ថៃត្រូវតែរាយការណ៍អំពីភាពអសកម្មរបស់មន្ត្រីគ្រូបង្វឹកដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួននាការប្រកួតពានរង្វាន់ដែលរៀបចំដោយ AFC ហើយបើលើកក្រោយគ្រូបង្វឹករូបនេះ រំលោភបំពានលើចំណុចដដែលនេះទៀត នឹងត្រូវពិន័យបន្ថែមពីលើទៀត៕