ភ្នំពេញ៖ ទោះបីសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាជាច្រើន ដែលរួមមានទាំងហានិភ័យ និងបញ្ហាប្រឈមទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ក៏សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តកំណើនខ្ពស់ និងរឹងមាំក្នុងរយៈពេលខ្លី និងមធ្យមនាពេលខាងមុខនេះដែរ។
ជាមួយនឹងសមិទ្ធផលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី ហើយបានប្រសិទ្ធនាមប្រទេសកម្ពុជាថាជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី” ទៀតផង។ ដោយក្នុងឆ្នាំ 2016 កន្លងទៅ កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា 7.0% ដោយសារការងើបឡើងវិញនៃកំណើនក្នុងវិស័យកសិកម្ម បន្ទាប់ពីស្ទើរតែគ្មានកំណើនសោះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ខណៈដែលកំណើនវិស័យឧស្សាហកម្ម និងសេវាកម្មមានភាពថមថយបន្តិច។ ការថមថយនៃកំណើនក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មនេះ បានបង្ហាញពីភាពចាំបាច់ និងបន្ទាន់នៃការអនុវត្តវិធានការគោលនយោបាយកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើពិពិធកម្មក្នុងគោលដៅស្វែងរកចន្ទល់ថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ច ដើម្បីបន្តធានាចីរភាពនៃកំណើនក្នុងរយៈពេលមធ្យម និងវែង។
យោងតាមទិន្នន័យស្ថិតិផ្លូវការដើមឆ្នាំ 2017 របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ2017 ត្រូវបានប៉ាន់ប្រមាណថា នឹងរក្សាបានកំណើនក្នុងរង្វង់ 7,0%។ ក្នុងនោះវិស័យឧស្សាហកម្មនឹងនៅតែមានកំណើនរឹងមាំក្នុងអត្រាពីរខ្ទង់ដដែល ពោលគឺប្រមាណ 10,7% ដែលនឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចទីមួយដឹកមុខដោយវិស័យកាត់ដេរ និងការរីកធំធាត់នៃវិស័យមិនមែនកាត់ដេរ បើទោះបីជាវិស័យសំណង់មានការថមថយបន្តិចក្តី។ វិស័យកសិកម្មអាចនឹងមានកំណើនល្អ ពោលគឺក្នុងអត្រា 2,0% បើប្រៀបធៀបនឹងឆ្នាំ 2016 ក្នុងអត្រា 1,8% ដោយសារកត្តាអាកាសធាតុដែលមានស្ថានភាពល្អប្រសើរជាងឆ្នាំមុន និងការងើបឡើងវិញនៃតម្លៃទំនិញ ខណៈដែលវិស័យសេវាកម្មអាចនឹងមានកំណើនយឺតជាងឆ្នាំមុនជាមួយនឹងអត្រាកំណើន 6,5% ដោយសារការបន្តថមថយនៃវិស័យទេសចរណ៍ និងអចលនទ្រព្យ។
ជាមួយនឹងកំណើនរឹងមាំក្នុងឆ្នាំ 2017 នេះ ផ.ស.ស ថ្លៃបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ 22. 2 ប៊ីលានដុល្លារអាមេរិក ដែលធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ 1,434 ដុល្លារអាមេរិក។ លើសពីនេះ កម្ពុជាអាចរក្សាបាននូវអតិផរណា ដែលស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ដោយអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា នឹងមានអត្រា 3,8% ក្នុងឆ្នាំ 2017 កើនពី 3,0% ក្នុងឆ្នាំ 2016 ដោយសារនិន្នាការកើនឡើងនៃតម្លៃប្រេងក្នុងទីផ្សារអន្តរជាតិ និងតម្លៃម្ហូបអាហារក្នុងស្រុក។ ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាពជាមួយនឹងការរំពឹងទុកថា ប្រាក់រៀលនឹងនៅបន្តរក្សាបាននូវតម្លៃប្រមាណ 4,037 រៀលក្នុង 1ដុល្លារអាមេរិកនៅក្នុងឆ្នាំ 2017 នេះ៕