ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានចេញគោលការណ៍ថ្មីមួយដោយហាមមន្រ្តីកាំក្រុងត្រូល និងមន្រ្តីគយនៅតាមច្រកព្រំដែនយកកម្រៃសេវាពីការនាំចេញកសិផលពោត ដើម្បីជាការសម្រួលកុំឱ្យតម្លៃពោតធ្លាក់ចុះ។
ការដាក់ចេញគោលការណ៏ថ្មីនេះ គឺជាការឆ្លើយតបនឹងការតវ៉ារបស់ប្រជាពលរដ្ឋជុំវិញការធ្លាក់ចុះតម្លៃពោតក្រហមពី 440រៀលមកត្រឹម 360រៀលក្នុងឆ្នាំ2017 នៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីរសៀលម្សិលមិញនេះ ដោយបានដាក់ចេញនូវគោលការណ៍មួយចំនួនគឺ៖
1. ភ្នាក់ងារគយនិងកាំកុងត្រូលត្រូវបញ្ឈប់ការយកកម្រៃលើការនាំចេញកសិផលពោតចាប់ពីថ្ងៃនេះតទៅ។ 2.ក្រសួងពាណិជ្ជកម្មនឹងចងក្រងរបាយការណ៍ដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ធ្វើការកាត់បន្ថយការបង់ប្រាក់ចំណាយក្រៅផ្លូវការឱ្យបាន100%។
3.ធនាគារអភិវឌ្ឍន៍ជនបទនឹងបើកចំហ និងត្រៀមខ្លួនដើម្បីធ្វើការជាមួយម្ចាស់សៃឡូដែលត្រូវការខ្ចីប្រាក់ដើម្បីទិញកសិផលពោត ឬធ្វើឡសម្ងួត និងពង្រីកឃ្លាំងស្តុកកសិផលជាដើម។ បច្ចុប្បន្នធនាគារពិភពលោកមានគោលការណ៍ប្រើប្រាស់ឥណទានរបស់ខ្លួនដែលមានទឹកប្រាក់សរុប27លានដុល្លារអាមេរិកជាមួយអត្រាការប្រាក់ពីចន្លោះ5% ទៅ7%ក្នុងមួយឆ្នាំ សម្រាប់វិស័យឯកជនជាមួយលក្ខណ្ឌការងារ។
4. ក្រុមហ៊ុនផលិតចំណីសត្វ CP នឹងប្រមូលទិញកសិផលពោតទៅតាមស្តង់ដារឱ្យបានល្អប្រសើរជាងមុន។
5.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងសិក្សាបន្ថែមលើលទ្ធភាពបន្ធូរបន្ថយពន្ធលើប្រាក់ចំណេញសម្រាប់ទំនិញប្រភេទកសិផល។
6. អគ្គនាយកពាណិជ្ជកម្មក្រៅប្រទេស វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នាយកដ្ឋានអភិវឌ្ឍន៍ជនបទនៃក្រសួងពាណិជ្ជកម្មនឹងធ្វើការសិក្សាបន្ថែមលើការអនុវត្តយន្តការកិច្ចសន្យាកសិកម្ម (Contract Farming) រវាងក្រុមហ៊ុនផលិតចំណីសត្វ និងកសិករដាំពោត ដើម្បីធានាបានស្ថេរភាពតម្លៃទីផ្សារក្នុងស្រុក និងការផ្គត់ផ្គង់។
ក្នុងឱកាសនោះដែរ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បច្ចុប្បន្នយើងមានថវិកាបម្រុងក្នុងដៃប្រមាណជា 27លានដុល្លារអាមេរិកដែលអាចប្រើប្រាស់បានលើការផ្តល់កម្ចីសម្រាប់កសិផលពោតជាបណ្តោះអាសន្នសិន ហើយនឹងមានបន្ថែមទៀតដែលអាចកើនដល់ប្រមាណជា 50លានដុល្លារ។
សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីឆ្នាំ2016កន្លងទៅ តម្រូវការនាំចេញពោតពីប្រទេសកម្ពុជាទៅកាន់ទីផ្សារពិភពលោកមានប្រមាណ10ម៉ឺនតោន ដែលមានតម្លៃស្មើនឹង 14លានដុល្លារអាមេរិក៕