កម្ពុជាជាប្រទេសដែលមានសក្តានុពលផ្នែកធនធានធម្មជាតិ តែទន្ទឹមនឹងស្ថានភាពវិជ្ជមាននេះធនធានដ៏មានតម្លៃរបស់យើងក៏បានជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដែលកើតឡើងពីសកម្មភាពរបស់មនុស្ស និងបញ្ហាធម្មជាតិមួយចំនួនផ្សេងទៀត។ ហេតុនេះការជំរុញឱ្យមនុស្សគ្រប់គ្នាយល់ពីតម្លៃ និងចេះស្រឡាញ់ធម្មជាតិ ជាវិធីដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់មួយផ្នែកធំលើធនធានធម្មជាតិ។
ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីបំផុសទឹកចិត្តឱ្យប្រជាជន ជាពិសេសយុវជនស្រឡាញ់ធនធានធម្មជាតិ កាលពីថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2020 កន្លងទៅយើងបានរៀបចំកម្មវិធីទិវានៃក្តីស្រឡាញ់នៅព្រៃឡង់ ដោយបង្កើតគំនិតស្រឡាញ់ចំពោះបរិស្ថាន និងធនធានធម្មជាតិ។
សកម្មភាពនេះត្រូវបានគេរំពឹងថានឹងអាចធ្វើឱ្យមនុស្សគ្រប់គ្នាមានស្មារតីក្នុងការស្រឡាញ់ និងចូលរួមការពារអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា និងជាពិសេសគឺនៅតំបន់ព្រៃឡង់ផ្ទាល់តែម្តង។ ឯកឧត្តមបានបន្តថាដោយសារតែកត្តាសុខសន្តិភាព និងការអភិវឌ្ឍបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការគិតគូរពីការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីកសាងសង្គមមួយប្រកបដោយបរិស្ថានល្អស្អាត ធនធានធម្មជាតិត្រូវបានការពារ និងមានផាសុកភាពសម្រាប់ការរស់នៅ។
ឯកឧត្តម នេត ភក្ត្រា បានមានប្រសាសន៍ថា៖«កម្មវិធីដ៏មានសារៈសំខាន់នេះមានការបំបួសដើមឈើ និងធ្វើការបង្ហាញ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៃតំបន់ព្រៃឡង់ដល់អ្នកចូលរួមផងដែរ»។
បើតាមក្រសួងបរិស្ថានបានបញ្ជាក់ថាព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់នៅឆ្នាំ 2016 ស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន លើផ្ទៃដីសរុបជាង 43ម៉ឺនហិកតា។
តំបន់នេះជាតំបន់ដែលមានសក្តានុពលផ្នែកអេកូធម្មជាតិគ្រប់ប្រភេទទាំងព្រៃឈើ ធនធានក្នុងទឹក និងសត្វព្រៃជាដើម។ បន្ថែមពីលើនេះបើនិយាយពីផលប្រយោជន៍សំខាន់នៃធនធានធម្មជាតិនៅទូទាំងប្រទេស កម្ពូជាបានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខ័ណ្ឌទីផ្សារស្ម័គ្រចិត្តបានថវិកាដល់ទៅ 11.6លានដុល្លារអាមេរិក ខណៈក្រុមការងារបច្ចេកទេសកំពុងសិក្សាបញ្ចូលតំបន់ព្រៃឡង់ជាតំបន់អាចលក់ឥណទានកាបូនបានក្នុងពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា នៅពេលដែលប្រជាជន ភ្ញៀវទេសចរ ជាពិសេសនិស្សិតនៃសាកលវិទ្យាល័យនានា បានទៅឃើញទិដ្ឋភាពជាក់ស្តែងនៃព្រៃដ៏អស្ចារ្យរបស់កម្ពុជា ពួកគេនឹងចាប់ផ្តើមមានចិត្តស្រឡាញ់ និងគិតគូរពីធម្មជាតិ។ កត្តានេះជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញប្រកបដោយប្រសិទ្ធភាពលើការអភិរក្សធនធានធម្មជាតិ ព្រោះអ្នកទាំងអស់នោះសុទ្ធតែជាបុគ្គលសកម្មលើគ្រប់វិស័យ។ ហេតុនេះនៅពេលគេចូលរួមក្នុងការងារអភិវឌ្ឍ ឬអាជីវកម្មធំៗនានានៅក្នុងប្រទេស ពួកគេនឹងក្លាយជាបុគ្គលសំខាន់ក្នុងការតស៊ូមតិ ដើម្បីកាត់បន្ថយផលប៉ះពាល់លើធម្មជាតិក្នុងគម្រោងនានារបស់ស្ថាប័ន៕