មុននឹងក្លាយជាមនុស្សប្រកបដោយសមត្ថភាពខ្ពស់ម្នាក់ដែលសង្គមត្រូវការ មនុស្សគ្រប់គ្នាត្រូវឆ្លងកាត់ការសិក្សាជាច្រើនឆ្នាំ និងត្រូវការជួបបទពិសោធជីវិតជាច្រើនកន្លែង។ មានមនុស្សខ្លះត្រូវឆ្លងកាត់កំហុសជាច្រើនលើកច្រើនសា ឬបរាជ័យជាច្រើនដងទម្រាំអាចក្លាយជាមនុស្សដែលមានភាពថ្កុំថ្កើង ឬក្លាយជាអ្នកជំនាញដែលមនុស្សគ្រប់គ្នាស្គាល់ និងកោតសរសើរ។
លោក គង់ វិចិត្រា ស្ថាបនិកស្ថាប័នអប់រំ Asia Leading Academy បានលើកឡើងថា បច្ចុប្បន្ននេះ ដោយសារតែការអប់រំមានភាពល្អប្រសើរ យើងឃើញថា និស្សិតមិនតិចទេដែលបានបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សា ឬបានទៅសិក្សានៅក្រៅប្រទេស ជាដើម តែអ្វីដែលជាបញ្ហាប្រឈម គឺមានមនុស្សមិនច្រើនទេដែលអាចឈានទៅដល់តួនាទីសំខាន់ៗក្នុងស្ថាប័នទាំងរដ្ឋ និងឯកជន។
មានអ្នកខ្លះគាត់មានសមត្ថភាព ឬមានការចងចាំល្អ តែអ្វីដែលជាកត្តាប្រឈម គឺគាត់មានភាពរារែកក្នុងការសាកល្បងជាមួយនឹងបទពិសោធជីវិតថ្មីៗ ឬខ្លាចបញ្ហាដែលកើតមានឡើងចំពោះមុខ ទើបធ្វើឱ្យគាត់ក្លាយជាមនុស្សម្នាក់ដែលមិនមានឱកាសប្រើប្រាស់សមត្ថភាពឱ្យអស់ពីលទ្ធភាព។ កត្តាទាំងអស់នេះហើយដែលធ្វើឱ្យយើងមើលឃើញថាមនុស្សមានសមត្ថភាពមួយចំនួនបែរជាស្ថិតនៅកន្លែងដដែលយូរឆ្នាំ ហើយបែរជាមនុស្សធម្មតាមួយចំនួនទទួលបានការអភិវឌ្ឍច្រើនជាង ព្រោះមនុស្សមួយចំនួនគាត់ជាមនុស្សមិនសូវខ្លាំងតែគាត់មានការអភិវឌ្ឍជាប់ជានិច្ច។ មានន័យថា ពួកគាត់ព្យាយាមស្វែងរកបទពិសោធថ្មីៗ ហ៊ានប្រឈមនឹងរឿងរ៉ាវលំបាកៗ ឬបញ្ហាស្មុគស្មាញដើម្បីធ្វើឱ្យការងារ ឬការរស់នៅប្រកបដោយផលិតភាពកាន់តែខ្លាំង។
លោក គង់ វិចិត្រា បាននិយាយថា៖ «ជាធម្មតាឱ្យតែចាប់ផ្តើមធ្វើអ្វីថ្មី ប្រាកដណាស់ថានឹងត្រូវជួបបញ្ហាប្រឈមដែលទាមទារឱ្យមានការដោះស្រាយតែក្រោយពេលស្វែងរកដំណោះស្រាយបានល្អប្រសើរ ឬហ៊ានប្រឈមជាមួយនឹងបញ្ហាលំបាកទាំងអស់នោះ ជីវិតរបស់យើងនឹងចាប់ផ្តើមប្រែប្រួលកាន់តែប្រសើរឡើង ព្រោះយើងទទួលបានចំណេះដឹងថ្មី និងបទពិសោធថ្មីដែលធ្វើឱ្យយើងងាយស្រួលអភិវឌ្ឍខ្លួនទៅថ្ងៃអនាគត»។
អ្នកអប់រំខាងលើបានលើកឡើងផងដែរថាសម្រាប់យុវវ័យ ឬជីវិតជានិស្សិត ជាវ័យដែលពោរពេញទៅដោយកម្លាំង ទាំងផ្នែកបញ្ញាស្មារតី និងរាងកាយ គួរតែព្យាយាមស្វែងរកបទពិសោធថ្មីៗ សាកល្បងធ្វើការងារលំបាកដែលមនុស្សជាច្រើនមិនចាប់អារម្មណ៍ធ្វើ ឬហ៊ានសាកល្បងនូវអ្វីដែលមនុស្សផ្សេងមើលមកថា យើងមិនអាចធ្វើទៅរួច។ ប្រសិនបើយើងជម្នះបាននូវបញ្ហាទាំងអស់នោះហើយ យើងនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលអាចផ្លាស់ប្តូរខ្លួនពីមនុស្សធម្មតាៗ ទៅជាអ្នកជំនាញ ឬមនុស្សដែលមានសមត្ថភាពគ្រប់គ្រងអ្នកដទៃ។ វ័យនេះជាវ័យល្អបំផុតក្នុងការរៀនសូត្រអ្វីដែលថ្មី ព្រោះបើទោះបីជាយើងមិនជោគជ័យក៏យើងនៅមានពេលវេលាច្រើនក្នុងការសន្សំបទពិសោធ ឬចំណេះដឹងដើម្បីអភិវឌ្ឍបន្តដែរ។
ហេតុនេះប្រសិនបើយើងមានគោលដៅក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សម្នាក់ដែលស្ថាប័ន ឬសង្គមត្រូវការបំផុតនោះ សូមកុំធ្វើធម្មតាៗដូចអ្នកដទៃ តែត្រូវគិតឱ្យច្បាស់ថា យើងចង់បានអ្វីហើយជីវិតយើងអាចនឹងជួបបញ្ហាអ្វីខ្លះដែលត្រូវជួបប្រទះ។ បញ្ហា ឬការលំបាកមិនមែនជារឿងគួរឱ្យភ័យខ្លាច ឬត្រូវដើរគេចចេញនោះទេ តែវាជាអ្វីដែលធ្វើឱ្យជីវិតរបស់យើងកាន់តែខ្លាំង និងកាន់តែមានបទពិសោធតែប៉ុណ្ណោះ។ លោក វិចិត្រា បានបន្ថែមទៀតថា មេរៀននានានៅក្នុងប្រព័ន្ធអប់រំ គឺគេបង្រៀនឱ្យយើងចេះដោះស្រាយបញ្ហា ឬចេះអនុវត្តនូវសកម្មភាពនានាដែលនាំឱ្យមានប្រយោជន៍សម្រាប់ការរស់នៅ ហេតុនេះបើយើងមានចំណេះដឹងហើយមិនព្រមយកវាមកអនុវត្ត ឬគេចចេញពីបញ្ហានោះ មានន័យថាយើងមិនមានឱកាសក្នុងការប្រើប្រាស់សមត្ថភាពចំណេះដឹងដើម្បីប្រើប្រាស់ក្នុងជីវិតនោះទេ៕