ដោយសារតែតម្រូវការ នៃការប្រើប្រាស់ថាមពលកើនឡើង និងការកើនឡើងនៃសកម្មភាពអភិវឌ្ឍន៍ ការផ្គត់ផ្គង់ថាមពល ក្នុងប្រទេសកម្ពុជា បានកើនឡើងយ៉ាងខ្លាំង។ នេះបើផ្អែកតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។
របាយការណ៍បានបញ្ជាក់ថា ការផ្គត់ផ្គង់ថាមពលបានកើនឡើងពី 2,635មេហ្គាវ៉ាត់ ក្នុងឆ្នាំ 2018 ដល់ 3,382មេហ្គាវ៉ាត់នៅឆ្នាំ2019 ដែលកើនឡើង 28% ពី 1ឆ្នាំ ទៅ 1ឆ្នាំថាមពល ដែលទទួលបានមកពីប្រភពជាច្រើន ដែលបានរួមបញ្ចូលគ្នា ដូចជា ទំនប់វារីអគ្គិសនី រោងចក្រដើរដោយធ្យូងថ្ម រោងចក្រផលិតប្រេងម៉ាស៊ូត និងបន្ទះសូឡា ជាដើម។
របាយការណ៍បានបញ្ជាក់ថា ការផ្គត់ផ្គង់ថាមពលពីប្រភពផ្សេងៗទាំងនោះ រួមមាន ថាមពល 675មេហ្គាវ៉ាត់ ពីរោងចក្រថាមពលធ្យូងថ្មថាមពល, 627មេហ្គាវ៉ាត់ ពីរោងចក្រថាមពលប្រើម៉ាស៊ូត និង 123មេហ្គាវ៉ាត់ ពីថាមពលកកើតឡើងវិញ។
នៅឆ្នាំ2019 ប្រភពថាមពលប្រតិបត្តិការសំខាន់ៗ សម្រាប់ព្រះរាជាណាចក្រកម្ពុជា គឺទំនប់ វារីអគ្គិសនីចំនួន7 ដែលបង្កើតថាមពលបាន 1,328មេហ្គាវ៉ាត់ ដែលស្មើនឹង 33.5% នៃការផ្គត់ផ្គង់ ថាមពលសរុបរបស់ប្រទេស។ ប្រទេសកម្ពុជាក៏បាននាំចូលថាមពលចំនួន 626មេហ្គាវ៉ាត់ ពីប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ ដោយនៅឆ្នាំ2019 បានកើនឡើង 41%បើប្រៀបធៀបទៅនឹងឆ្នាំមុនហ្នឹង។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា និន្នាការបន្តកើនឡើងនៃការប្រើប្រាស់អគ្គិសនីនៅកម្ពុជា មានន័យថា រដ្ឋាភិបាលត្រូវតែបន្តស្វែងរកប្រភពថាមពលដែលអាចជឿទុកចិត្តបានផ្សេងទៀត ដើម្បីធានាបាននូវតម្រូវការ ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ស្ថិរភាពដល់អាជីវកម្ម និងការផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជន។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា៖“ការអភិវឌ្ឍនូវប្រភពថាមពល និងការបង្កើនសមត្ថភាពផលិតថាមពល ការបញ្ជូន ការចែកចាយ និងការធ្វើឱ្យមានអគ្គិសនីដល់អាជីវកម្ម និងអ្នកប្រើប្រាស់ គឺជាភារកិច្ចចម្បងរបស់យើង។ យើងកំពុងតែអភិវឌ្ឍប្រភពថាមពលថ្មីៗឥតឈប់ឈរ និងបង្កើនការផ្គត់ផ្គង់ដើម្បីឆ្លើយតបនឹងតម្រូវការថាមពលរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនេះ ការកែលម្អការផ្គត់ផ្គង់សេវាអគ្គិសនីដល់អ្នកប្រើប្រាស់ និងការបន្ថយថ្លៃអគ្គិសនីក៏កំពុងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៅទូទាំងប្រទេសដែរ”។
យោងតាមរបាយការណ៍ដដែលបានបង្ហាញថា កាលពីឆ្នាំមុន អាជ្ញាប័ណ្ណចំនួន364 ត្រូវបានផ្តល់ទៅឱ្យអ្នកចែកចាយថាមពល ដែលគ្របដណ្តប់លើភូមិចំនួន3,131 ក្នុងចំណោមភូមិចំនួន 4,168 ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានអត្រាគ្របដណ្តប់ 92,68%។ អគ្គិសនីប្រើប្រាស់តាមគ្រួសារ ត្រូវបានកត់ត្រាក្នុងអត្រា 2,68លានគ្រួសារ ក្នុងចំណោម 3,57លានគ្រួសារនៅទូទាំងប្រទេស ដែលនេះជាអត្រាគ្របដណ្តប់បានចំនួន 74,78%។
ជាគោលដៅរបស់រដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់អគ្គិសនីដល់ភូមិទាំងអស់នៅទូទាំងប្រទេស នៅត្រឹមឆ្នាំ2020 ទំនងជាមិនត្រូវបានឈានដល់នោះទេ។ មានភូមិចំនួនជាង200 ដែលមានទីតាំងស្ថិតនៅតំបន់ដាច់ស្រយាល និងលើកោះ ជាកន្លែងដែលគេគិតថា មិនអាចធ្វើទៅបានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាពេលបច្ចុប្បន្ន។
ក៏ប៉ុន្តែថ្មីៗនេះ ក្រសួងរ៉ែ និងថាមពលក៏បានប្រកាសដែរថា នឹងធ្វើការបញ្ចុះតម្លៃអគ្គិសនី 40រៀល ក្នុង 1គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យឧស្សាហកម្មដើម្បីរក្សាភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា៖“តាមគោលនយោបាយរបស់រដ្ឋាភិបាល យើងសម្រេចបញ្ចុះតម្លៃអគ្គិសនី 40រៀល ក្នុង1គីឡូវ៉ាត់ម៉ោង សម្រាប់អ្នកវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់នៅប្រទេសរបស់យើងខណៈឆ្នាំមុនមានការបញ្ចុះតម្លៃ 80រៀលរួចទៅហើយ ក្នុង 1គីឡូវ៉ាត់ម៉ោង ហើយយើងនឹងធ្វើការបញ្ចុះតម្លៃជាបន្តបន្ទាប់ទៀត។ គោលការណ៍ថ្មីនេះនឹងចាប់អនុវត្តនៅក្នុងខែកុម្ភៈ នេះតទៅ”។
អ្នកក្នុងវិស័យស្រូវអង្ករ និងសហគ្រាសធុនតូច និងមធ្យម បានអបអរសាទរចំពោះការបញ្ចុះតម្លៃថាមពលអគ្គិសនីរបស់រដ្ឋាភិបាល ប៉ុន្តែបានអំពាវនាវឱ្យបង្កើនគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីឱ្យកាន់តែប្រសើរ។ វិស័យឯកជន ដែលជាម្ចាស់អាជីវកម្ម រោងម៉ាស៊ីនកិនស្រូវជាង 300ទីតាំង នឹងទទួលបានផលប្រយោជន៍ធំ ពីការបញ្ចុះតម្លៃអគ្គិសនីនេះបើទោះបីជានៅមានកម្រិតទាបក៏ដោយ៕