អ្នកដឹកនាំរឿង Yeon Sang Ho បានប្រកាសពីកាលបរិច្ឆេទចាក់បញ្ចាំងដំបូងនៃកំពូលភាពយន្ដល្បីរឿង រថភ្លើងទៅប៊ូសាន វគ្គ២ ( Train To Busan 2) ដែលគម្រោងនឹងវាយលុករដូវក្ដៅនេះហើយ។
ភាគ២ នេះ ត្រូវបានប្រកាសចំណងជើងជាផ្លូវការថា « Peninsula » ដែលជាដំណើរប្រយុទ្ធបន្ដជាមួយក្រុមហ្ស៊ូមប៊ី ទាំងពេលយប់នឹងពេលថ្ងៃ។ ភាពយន្ដមួននេះត្រូវបានអញ្ចើញតារាសម្ដែងល្បីជាច្រើនចូលរួមដូចជា Kang Dong Won, Lee Jung Hyun, Kwon Hae Hyo, Kim Min Jae, Kim Do Yoon ជាដើម។ ផ្ទាំងរូបភាពប្រកាសភាពយន្ដ ត្រូវបានចែកចេញជា២ដូចគ្នា បានបង្ហាញឱ្យឃើញពេលថ្ងៃនឹងយប់។ អ្នកដឹកនាំរឿង Yeon Sang Ho ធ្លាប់បានអះអាងគម្រោងចាក់បញ្ចាំងជាលើកដំបូងយ៉ាងពិសេសបំផុតនៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០២០ ។ លោកបានធ្វើការសង្ខេបរឿងថា « Peninsula » ឬឧបទ្វីប កើតឡើងក្នុងរយៈពេល ៤ ឆ្នាំបន្ទាប់ពីការផ្ទុះឡើងនៃការរាតត្បាតខ្មោចឆៅហ្ស៊ូមប៊ីដែលដេញតាមតួឯកនៅលើរថភ្លើងដែលបើកពីត្បូងទៅក្រុងប៊ូសាន។ ឧបទ្វីបកូរ៉េ ត្រូវបានបំផ្លិចបំផ្លាញហើយលោក Jung-seok ដែលជាអតីតទាហានដែលបានរត់គេចខ្លួនទៅក្រៅប្រទេសនឹងត្រូវបានផ្តល់បេសកកម្មឱ្យត្រឡប់មកវិញហើយជួបជាមួយអ្នកនៅរស់ដែលមិនបានរំពឹងទុក។ វាមិនមែនជារឿងភាគរបស់ Train To Busan ទេព្រោះវាមិនមែនជារឿងបន្តដែលកើតឡើងក្នុងសកលលោកតែមួយ។
ខ្សែភាពយន្តភ័យរន្ធត់ដើម Train To Busan បានបំបែកកំណត់ត្រាខ្សែភាពយន្តកូរ៉េខាងត្បូងជាច្រើននៅក្នុងឆ្នាំ ២០១៦ រួមទាំងជាខ្សែភាពយន្តដំបូងដែលទទួលបានប្រាក់ចំណូលសរុបខ្ពស់បំផុតក្នុងមួយថ្ងៃ។ Train To Busan ក៏ជាខ្សែភាពយន្តដំបូងប្រចាំឆ្នាំនៅប្រទេសកូរ៉េដែលទាក់ទាញបាន 10,000,000 នៅក្នុងតារាង box office។ កុំឱ្យខកខានក្នុងការរង់ចាំទស្សនាភាពយន្ដនេះឱ្យសោះ៕