អ្នកវិនិយោគិនមកពីប្រទេសអាល្លឺម៉ង់ បានធ្វើការសិក្សាពីលទ្ធភាពដាំឫស្សីនៅកម្ពុជាសម្រាប់កែច្នៃជាផលិតផលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈក្រុមហ៊ុននេះមានបទពិសោធគ្រប់គ្រាន់ ទាំងការដាំដុះ កែច្នៃ និងទីផ្សារ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេសអាល្លឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុបទៀតផង។
លោក THUREING AUNG នាយកក្រុមហ៊ុន LIPP Engineering Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានទទួលការគាំទ្រពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការបោះទុនវិនិយោគលើការដាំដុះឫស្សីដោយប្រើពូជពីបរទេសសម្រាប់ប្រើប្រាស់ លើវិស័យថាមពល និងកែច្នៃទៅជាផលិតផលសម្រាប់នាំចេញផ្សេងទៀតផងដែរ។
លោក THUREING AUNG បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី6 ខែកុម្ភៈកន្លងនេះថា៖ “ក្រុមហ៊ុនបានបម្រុងទុនប្រមាណ 750លានដុល្លារអាមេរិកលើគម្រោងដាំដើមឫស្សី និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជាក្នុងដំណាក់កាលទី1 លើផ្ទៃដីសរុបជាង 25,000ហិកតា និងប្រមូលផលក្រោយការដាំដុះរយៈពេល 4ឆ្នាំ ដោយនឹងកែច្នៃជាផលិតផលធ្វើពីឫស្សីចំនួន 4ប្រភេទដែល រួមមាន Bio-Activated Carbon, BambooPulp, Bio-oil និង Bamboo Fiber”។
លោកបានបន្តថា៖“យើងនឹងបង្កើតរោងចក្រ កែច្នៃផលិតផលពីឫស្សី សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ដែលយើងមានរួចស្រាប់ហើយនៅក្រៅប្រទេស។ ការវិនិយោគនេះអាចចាប់ផ្តើមនៅក្នុងឆ្នាំ2020នេះតែម្ដង”។
លោកបានបន្តទៀតថា គម្រោងវិនិយោគនេះ អាចនឹងធ្វើឱ្យធនធានកសិកម្មមួយនេះមានតម្លៃបន្ថែមទ្វេឡើង និងអាចទាក់ទាញផលិតកម្មឫស្សីឱ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍសហគមន៍តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្មឫស្សី បង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណជា5ម៉ឺនកន្លែង និងចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
លោក THUREING បញ្ជាក់ថា៖“ក្រៅពីបង្កើតរោងចក្រ និងដាំដុះដើមឫស្សី ជាមួយនឹងការបណ្តុះបណ្តាលជំនាញ និងបង្កើនប្រាក់ចំណូលហើយ នៅក្នុងគម្រោង ក្រុមហ៊ុននឹងសាងសង់មន្ទីរពេទ្យ សាលារៀន ផ្ទះស្នាក់នៅសម្រាប់កម្មករ ដែលការចំណាយលើទឹក-ភ្លើងរបស់កម្មករ គឺជាបន្ទុករបស់ក្រុមហ៊ុន ហើយកម្មករក៏នឹងទទួលបានការធានារ៉ាប់រងអាយុ
ជីវិតទៀតផង”។
សូមបញ្ជាក់ថា គម្រោងវិនិយោគនេះ ត្រូវបានឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្វាគមន៍ និងគាំទ្រ ដោយសារថាកម្ពុជាមានធនធានឫស្សីយ៉ាងច្រើន ហើយ ហើយការដាំដុះក៏មានលក្ខណ:អំណោយផលល្អប្រសើរ និងបច្ចុប្បន្ន យើងនៅមិនទាន់ប្រើប្រាស់ធនធានឫស្សីឱ្យអស់សក្តានុពលរបស់វានៅឡើយ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជាមួយរដ្ឋបាលព្រៃឈើ ដើម្បីជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជនសហការរួមគ្នាវិនិយោគលើផលិតកម្មឫស្សីនេះ ដោយក្រសួងនៅរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា៖ “ខ្ញុំសង្ឃឹមថា គម្រោងនេះនឹងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រោះកម្ពុជាមានធនធានគ្រប់គ្រាន់ និងអាកាសធាតុអំណោយផលដល់ដំណាំឧស្សាហកម្មឫស្សីនេះ”។
ឯកឧត្តមបន្តថា៖“គម្រោងនេះនឹងជួយទាក់ទាញដល់ផលិតកម្មឫស្សី និងចូលរួមអភិវឌ្ឍសហគមន៍ តាមរយៈការលើកកម្ពស់ផលិតផលធ្វើពីឫស្សីបង្កើតការងារបណ្តុះបណ្តាលធនធានមនុស្ស ហើយក្រសួងនឹងផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឱ្យក្រុមហ៊ុនទទួលបានជោគជ័យលើគម្រោងនេះ”។
បើតាមលោក Thureign ដំណាំឫស្សីនឹងទទួលបានផលក្នុងរយៈពេល 4ឆ្នាំក្រោយពីដាំដុះដែលក្រុមហ៊ុនរំពឹងថា នឹងទទួលបានចំណូលប្រមាណ 5ពាន់លានដុល្លារក្នុងរយៈពេល 5ឆ្នាំដំបូង។ លោកនិយាយថា ក្រៅពីស្វែងរកការវិនិយោគលើដំណាំឫស្សីហើយ ក្រុមហ៊ុនក៏កំពុងស្វែងរកការវិនិយោគលើការចិញ្ចឹមសត្វពពែនៅកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។
លោកបន្តថា៖ “ការជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ ព្រោះកម្ពុជាជាប្រទេសកំពុង អភិវឌ្ឍន៍ហើយមានដីទំនេរច្រើន អាកាសធាតុអំណោយផលដល់ការដាំឫស្សី។ ប្រទេសកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើកិច្ចព្រមព្រៀងបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅដែលគេរំពឹងថា កម្ពុជានឹងក្លាយជាសមាជិកនៃបណ្តាញនេះ”។
សូមបញ្ជាក់ថា អង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ ដែលហៅកាត់ថា អុីនបារ (INBAR : International Network for Bamboo and Rattan) គឺជាអង្គការអន្តររដ្ឋាភិបាលមួយបង្កើតឡើងនៅឆ្នាំ1997 ដោយសន្ធិសញ្ញាបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ទីស្នាក់ការកណ្ដាលរបស់អង្គការនេះស្ថិតនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសនាំមុខគេ។
អង្គការនេះក៏មានការិយាល័យថ្នាក់តំបន់ចំនួន 4កន្លែងផ្សេងទៀតដែរ គឺនៅប្រទេសឥណ្ឌា ប្រទេសហ្គាណា ប្រទេសអេត្យូពី និងប្រទេសអេក្វាទ័រ។ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ របស់អង្គការនេះ គឺដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកែប្រែទម្លាប់ប្រជាពលរដ្ឋពីការប្រើ ប្រាស់ឈើ មកប្រើប្រាស់ឫស្សី និងផ្តៅ តាមរយៈការអភិវឌ្ឍការងារដាំដុះ និងការកែច្នៃឫស្សី និងផ្តៅ តាមគោលការណ៍អភិវឌ្ឍន៍បៃតង។
ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ការចូលជាសមាជិករបស់អង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និង ផ្តៅនេះ គឺបើកចំហសម្រាប់ប្រទេសទាំងឡាយណា ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ។ គិតត្រឹមខែកញ្ញា ឆ្នាំ2018 អង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅនេះ មានសមាជិកសរុបចំនួន 43ប្រទេស។ រដ្ឋសមាជិកអាស៊ាន ដែលមិនទាន់បានចូលជាសមាជិកអង្គការបណ្ដាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ មានចំនួន4 គឺកម្ពុជា ប្រ៊ុយណេ សិង្ហបុរី និងឡាវ។
លោកឧកញ៉ា លឹម ហេង អនុប្រធានពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានក្រុមហ៊ុន អានម៉ារឌី បានមានប្រសាសន៍ប្រាប់ឡារ៉ែនពាណិជ្ជថា៖“ក្រុមហ៊ុនដែលស្វែងរកការវិនិយោគលើដំណាំឫស្សី ខ្ញុំគ្រាន់តែឮ តែមិនទាន់ឃើញគេមករកយើងនៅឡើយទេ។ ប៉ុន្តែប្រសិនបើមកធ្វើកិច្ចសហការវិនិយោគមែន ក្រុមហ៊ុនខ្ញុំនឹងស្វាគមន៍ ហើយក្រុមហ៊ុនយើងក៏បានត្រៀមរួចរាល់ ដោយបានដំណើរការ 2ឆ្នាំមកហើយ”។
លោកឧកញ៉ាបានបញ្ជាក់ថា៖“ក្រុមហ៊ុនណាដែលមកបណ្តាក់ទុនរកស៊ីនៅស្រុកខ្មែរយើង មិនថាក្រុមហ៊ុនខ្ញុំ ឬក្រុមហ៊ុនដទៃទៀតទេ យើងសូមស្វាគមន៍ជានិច្ច ព្រោះក្នុងការដាំដំណាំឫស្សី ជួយបានច្រើនណាស់ ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ព្រោះបច្ចុប្បន្នក្រុមហ៊ុនសង្ហារិមពិភពលោក បាននាំគ្នាងាកមកប្រើប្រាស់ឫស្សីជំនួសដើមឈើវិញហើយ។ ដោយសារការប្រើប្រាស់ឈើ នាំឱ្យមានការលួចកាប់ព្រៃឈើធម្មជាតិយកមកកែច្នៃ។ ដូច្នេះការប្រើឫស្សីធ្វើជាគ្រឿងសង្ហារិម ធ្វើឱ្យជួយកាត់បន្ថយការប្រើប្រាស់ដើមឈើ និងការបំផ្លាញព្រៃឈើផងដែរ”។
លោកឧកញ៉ាក៏បានបញ្ជាក់ដែរថា៖“ប្រសិនបើក្រុមហ៊ុនដែលស្វែងរកការវិនិយោគលើដំណាំឫស្សីនោះមកធ្វើកិច្ចសហការ យើងមិនគិតថាជាដៃគូប្រជែងនោះទេ តែគឺជាការល្អ និងការពង្រឹងទីផ្សារដំណាំឫស្សីកាន់តែធំនៅកម្ពុជា។ ព្រោះក្រុមហ៊ុនខ្ញុំមួយ មិនអាចពង្រីកទីផ្សារជាសកលបានទេបើមានការវិនិយោគកាន់តែច្រើន កាន់តែល្អ ហើយយើងក៏មិនចង់បានត្រឹមតែក្រុមហ៊ុនដែលមកវិនិយោគត្រឹមតែជាង 2ម៉ឺនហិកតានេះទេ ខ្ញុំចង់បានច្រើនជាងនេះ”។
លោកឧកញ៉ាក៏បានឱ្យដឹងដែរថា នៅកម្ពុជាមានតែក្រុមហ៊ុនអានម៉ារឌីមួយទេ ដែលមានការវិនិយោគលើដំណាំឫស្សីធំ ក្រៅពីនោះ គឺច្រើនតែជាការដាំតាមគ្រួសារយកទំពាំងលក់ ដែលមានពូជពីស្រុកថៃ។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថែមទៀតថា៖“ដើម្បីក្លាយជាទីផ្សារធំមួយសម្រាប់កម្ពុជា យើងត្រូវការដីរាប់សែនហិកតា លើការវិនិយោគដំណាំឫស្សី វាល្អជាងក្រុមហ៊ុនយើងតូចដែលមិនអាចប្រកួតប្រជែងបាន ព្រោះយើងក៏មិនទាន់មានទីផ្សារផ្ទាល់ យើងត្រូវស្វែងរកទីផ្សារមួយឱ្យគេមកទិញផ្ទាល់ និងទទួលស្គាល់ជាអន្តរជាតិ។ ដូច្នេះយើងមិនចង្អៀតចង្អល់ទេ ដើម្បីជោគជ័យធំ យើងត្រូវការពង្រីកខ្លួន និងរកដៃគូវិនិយោគឱ្យកាន់តែធំ ទើបជោគជ័យ”៕