ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Federation of Associations for SMEs of Cambodia)ហៅកាត់ថា FASMEC បានថ្លែងថា ការជួយជំរុញ និងគាំទ្រលើសកម្មភាពមួយចំនួនទាក់ទងនឹងព័ត៌មានវិទ្យា និងបច្ចេកវិទ្យា នឹងចូលរួមក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍវិស័យកម្មន្តសាលរបស់សហគ្រាសធុនតូច និងមធ្យម គឺជាការបោះជំហានទៅមុខទៅដល់ ឧស្សាហកម្ម4.0 ស្របទៅតាមការវិវឌ្ឍរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានលើកឡើងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង FASMEC និងក្រុមហ៊ុន Metfone នៅការិយាល័យ FASMEC ដើម្បីផ្តល់កញ្ចប់សេវាកម្មពិសេស គាំទ្រផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យា សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។
សូមបញ្ជាក់ថា កន្លងមក សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា FASMEC បានបង្កើតកម្មវិធីជាច្រើន ជាមួយដៃគូសហការក៏ដូចជាក្រសួងពាក់ព័ន្ធនានា ដើម្បីជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម ក៏ប៉ុន្តែនៅមានចំណុចជាច្រើនទៀត ដែលយើងត្រូវការដៃគូសហការ ដើម្បីជំរុញក៏ដូចជារកដំណោះស្រាយបន្ថែមទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ។
អ្វីដែលជាទីចាប់ អារម្មណ៍ជាងគេនោះគឺ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាភាគច្រើនមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យានៅមានកម្រិត ដែលនេះជាកត្តាចម្បងមួយធ្វើឱ្យអាជីវកម្មរបស់ពួកគាត់ ដើរមិនទាន់សម័យកាល និងការវិវឌ្ឍរបស់ពិភពលោកនាពេលបច្ចុប្បន្ន។
លោកឧកញ៉ា តែ តាំងប៉ ក៏បានបញ្ជាក់ថា៖“សព្វថ្ងៃនេះ មានចំនួនជាង 53ម៉ឺនសហគ្រាសធុនតូច និងមធ្យម កំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ហើយឆ្អឹងខ្នង សេដ្ឋកិច្ចប្រទេសកម្ពុជា យើងពឹងផ្អែកយ៉ាងខ្លាំងលើពួកគេទាំងនោះ”។
លោកឧកញ៉ា បានបន្តទៀតថា៖“ប៉ុន្តែសហគ្រាសធុនតូច និងមធ្យមទាំងនោះកំពុងតែជួបប្រទះបញ្ហាជាច្រើន ដូចជាបញ្ហាទីផ្សារ បញ្ហាហិរញ្ញវត្ថុ បញ្ហាបច្ចេកទេស ក៏ដូចជាបញ្ហាសហគ្រិនភាពផងដែរ ដែលនេះជាចំណុចទន់ខ្សោយរបស់ពួកគាត់”។
លោកឧកញ៉ា បានបញ្ជាក់ថា៖“ការចុះហត្ថលេខារវាង FASMEC ជាមួយក្រុមហ៊ុន Metfone នឹងជួយជំរុញគាំទ្រ លើសកម្មភាពមួយចំនួនទាក់ទងនឹងព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ដែលនឹងដើរទៅដល់ឧស្សាហកម្ម4.0 ស្របទៅតាមការវិវឌ្ឍរបស់ពិភពលោកបច្ចុប្បន្ន”។
លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់ដែរថា៖“ការចុះហត្ថលេខានេះ គឺតទៅ FASMEC និងមានកម្លាំងចលករបន្ថែមថ្មីមួយទៀត គាំទ្រដល់ការអភិវឌ្ឍវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើការងារក្នុងវិស័យឯកជន កសាងសមិទ្ធផលជូនជាតិតាមរយៈការសហការជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យមានការប្រកួតប្រជែងជាអន្តរជាតិ”។
លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន Metfone បានថ្លែងថា៖“វាជាកិត្តិយសណាស់ ដែលក្រុមហ៊ុនមិត្តហ្វូនបានរួមបញ្ចូលជាមួយ SME ដើម្បីគាំទ្រសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ហើយវានឹងជួយសង្គមធុរកិច្ចទាំងអស់ឱ្យមានការអភិវឌ្ឍ និងរីកចម្រើន”។
សូមបញ្ជាក់ថា FASMEC គឺជាសមូហភាព នៃសមាគមសម្រាប់វិស័យផ្សេងៗរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបច្ចុប្បន្នមានសមាជិកជាង 60 ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ2010 និងបានទទួលការចុះឈ្មោះនៅក្រសួងមហាផ្ទៃនៅចុងឆ្នាំដដែល ហើយបានចុះបញ្ជីជាសមាគមអាជីវកម្មនៅក្រសួងពាណិជ្ជកម្ម។ នៅពាក់កណ្តាលខែមេសា ឆ្នាំ2011 FASMEC ផ្តល់លទ្ធភាពធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចសម្របខ្លួនទៅនឹងបរិយាកាសធុរកិច្ចផលិតផល និងភាពប្រកួតប្រជែងជាសកល។
ជាមួយគ្នានេះដែរ នាយកដ្ឋានគយ និងរដ្ឋាករ ក៏បានធ្វើការផ្សព្វផ្សាយតាមបណ្តាខេត្ត ធ្វើការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងធុនមធ្យម (SMEs) ក្នុងគោលបំណងលើកកម្ពស់ ការអភិវឌ្ឍសហគ្រាសធុនតូច និងធុនមធ្យម ដើម្បីបង្កើតការងារ បង្កើនសមត្ថភាព និងលទ្ធផលប្រកួតប្រជែងរបស់ផលិតកម្មក្នុងស្រុក ក៏ដូចជាការលើកទឹកចិត្ត ផ្នែកគយ និងពន្ធដារ សម្រាប់សហគ្រាសធុនតូច និងធុនមធ្យម (SMEs) ឆ្នាំ2020 នេះដែរ។
ដោយឡែកបញ្ហាផ្នែកប្រព័ន្ធគ្រប់គ្រងស្តង់ដាគុណភាព មិនទាន់មានលក្ខណៈល្អគ្រប់គ្រាន់ ដំណើរការមិនបានល្អ ដោយនៅខ្វះមន្ត្រីជំនាញផ្នែកនេះជាច្រើននៅឡើយ ទើបគេឃើញមានពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីជំនាញ ផ្នែកប្រព័ន្ធគ្រប់គ្រងស្តង់ដាគុណភាពនេះ ត្រូវបានរៀបចំធ្វើឡើងនៅខេត្តសៀមរាបផងដែរ។
ឯកឧត្តម ចាន់ សូផា អគ្គនាយកនៃវិទ្យាស្ថានស្តង់ដាកម្ពុជា នៃក្រសួងឧស្សហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា៖“បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្មទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ គេទាមទារឱ្យផលិតផលទាំងនោះមានការគ្រប់គ្រងគុណភាពមួយ ដ៏ត្រឹមត្រូវ ដែលមានការវាយតម្លៃពីមន្ត្រីជំនាញផ្នែកប្រព័ន្ធគ្រប់គ្រងស្តង់ដាគុណភាព”។
ឯកឧត្តម បានបន្តថា បច្ចុប្បន្ន មានក្រុមហ៊ុនមួយចំនួន នាំចេញទៅដោយមិនទាន់មានលក្ខណៈល្អគ្រប់គ្រាន់ ដោយសារតែប្រព័ន្ធគ្រប់គ្រងស្តង់ដាគុណភាពនៅកម្ពុជា មិនបានដំណើរការល្អ នៅខ្វះមន្ត្រីជំនាញផ្នែកនេះជាច្រើន ដូច្នេះហើយមានបានជាបច្ចុប្បន្ននេះមានការបណ្តុះបណ្តាលមន្ត្រីជំនាញឱ្យមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើការងារនេះ ជាពិសេស ជួយដល់ក្រុមហ៊ុននានា ឱ្យមានលក្ខណៈល្អគ្រប់គ្រាន់ក្នុងការនាំចេញ។
ឯកឧត្តម ចាន់ សូផា ក៏បានបញ្ជាក់ទៀតដែរថា៖“កន្លងមកក្រុមហ៊ុនដែលមានលក្ខណៈល្អគ្រប់គ្រាន់ក្នុងការនាំចេញផលិតផលទៅក្រៅប្រទេស គេបានជួលអ្នកជំនាញពីប្រទេសផ្សេងមកជួយវាយតម្លៃ និងកំណត់ស្តង់ដាផលិតផលឱ្យ”៕