ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ឆ្នាំ2020នេះ ជាឆ្នាំអនុវត្តច្បាប់ចរាចរណ៍ ដោយការផាកពិន័យជាចម្បង ខណៈដែលឆ្នាំ2019កន្លងទៅជាឆ្នាំអប់រំ។
ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្2020 នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា៖ “កន្លងមកយើងយកវិធានការអប់រំជាសំខាន់ ហើយឆ្នាំ2020 នេះ ខ្ញុំគិតថា គួរតែយើងដូរចំណាត់ថ្នាក់អាទិភាព ពីការអប់រំ ដែលជាអាទិភាពចម្បង ទៅជាការអនុវត្តច្បាប់ជាចម្បង។ បានន័យថា យើងមិនបោះបង់ចោលវិធានការអប់រំទេ តែនៅឆ្នាំនេះ យើងយកការអនុវត្តច្បាប់ជាចម្បង។ ច្បាប់បានចាប់បង្ខំឱ្យមនុស្សទាំងអស់គ្នា គោរព អនុវត្ត ទោះបីអ្នកនោះ បានដឹង ឬមិនបានដឹងក៏ដោយ។ មិនអាចយកលេសថា ច្បាប់ហ្នឹង ខ្ញុំអត់បានដឹង អត់បានរៀនផង អីចឹងខ្ញុំអត់មានទោសទេ។ តែច្បាប់ គឺច្បាប់ហើយ ចង់អ្នកឯងដឹង ឬអ្នកឯង មិនដឹង គឺគេធ្វើហើយ។ អីចឹង បានខ្ញុំថា យើងដូរអាទិភាពរបស់យើង ពីការអប់រំផ្សព្វផ្សាយ ជាសំខាន់ មកការអនុវត្តជាសំខាន់។ ប៉ុន្តែមិនមែនបានន័យថា យើងបោះបង់ការអប់រំផ្សព្វផ្សាយទេ។ គឺនៅតែយកចិត្តទុកដាក់ជាប្រចាំអីចឹង។ អានេះ ជាការដូរនូវទស្សនទានមួយ សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក”។
កាលពីឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន 4,121លើក សម្លាប់មនុស្ស 1,981នាក់ និងរងរបួស 6,141នាក់។
របាយការណ៍ប្រចាំថ្ងៃរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បង្ហាញថា នៅក្នុងខែមករា ឆ្នាំ2020 នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងសរុបចំនួន 358លើក បណ្តាលឱ្យស្លាប់ 206នាក់ និងរបួស 559នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង 206នាក់ គឺមាន 159នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ និងមិនពាក់មួកសុវត្ថិភាព 116នាក់។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃចន្ទ ទី០2មីនាខាងមុខនេះ នឹងមានការជួបប្រជុំ ដើម្បីធ្វើវិសោធនកម្មអនុក្រឹត្យ ដើម្បីបន្ថែមទោសប្បញ្ញត្តិ អំពីស្ថានភាពទម្ងន់ទោស ដែលមានការបង្កើនប្រាក់ផាកពិន័យ លើអ្នកល្មើសច្បាប់ចរាចរណ៍។៕