ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ឆ្នាំ2020 ក៏ដូចជាដើម្បីបង្ហាញអំពីតម្លាភាពនៃការប្រើប្រាស់ និងបែងចែកធនធានសាធារណៈដែលទទួលបានពីកំណើន ព្រមទាំងដើម្បីធានាឱ្យមានការចូលរួមមតិពីគ្រប់តួអង្គពាក់ព័ន្ធ និងសាធារណជនទូទៅ ក្នុងការតម្រង់ការប្រើប្រាស់ធនធានថវិកាឱ្យកាន់-តែមានប្រសិទ្ធភាពខ្ពស់ នេះគឺជាការងារដ៏សំខាន់
ដែលរាជរដ្ឋភិបាលកម្ពុជាកំពុងបន្តពង្រឹង។
វេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ2020 បានប្រព្រឹត្តទៅកាលពីចុងខែមករា ឆ្នាំ2020 កន្លងមកក្រោមអធិបតីភាព រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ឱ្យដឹងថា ជារួម កំណើនសេដ្ឋកិច្ចពិភពលោកកំពុងមាននិន្នាការធ្លាក់ចុះដោយរួមទាំងតំបន់អាស៊ានផងដែរ។ ជាក់ស្តែង សេដ្ឋកិច្ចពិភពលោកឆ្នាំ2019 មានកំណើនប្រមាណ 2.9%ប៉ុណ្ណោះ ធៀបនឹងការព្យាករប្រមាណ 3.4%។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា៖“ក្នុងបរិការណ៍នៃការថមថយកំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់ខាងលើនេះ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ2019 នៅតែមានភាពរឹងមាំ ក្នុងរង្វង់7% ទោះបីត្រូវប្រឈមនឹងហានិភ័យពីខាងក្រៅ ហើយសកម្មភាពសេដ្ឋកិច្ចនៅក្នុងរយៈពេល 2ខែចុងឆ្នាំមានការថមថយខ្លះ ពិសេសវិស័យទេសចរណ៍ និងសំណង់ក្តី។ ប្រការនេះអាចធ្វើឱ្យយើងចាត់ទុកថាកម្ពុជាជាប្រទេសដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងអាស៊ាន”។
ជាមួយគ្នានេះដែរ អត្រាអតិផរណា បន្តស្ថិតក្នុងកម្រិតទាប ហើយអត្រាប្តូរប្រាក់នៅតែបន្តមានស្ថិរភាពល្អ ក្នុងខណៈដែលអត្រាអ្នកអត់ការងារធ្វើតាមការអង្កេតរបស់ WB មានប្រមាណតែ 0.3%ប៉ុណ្ណោះ។
ការនាំចេញមានសម្ទុះកំណើនល្អ ដោយមានការកើនឡើងប្រមាណ 15% ហើយលំហូរទុនវិនិយោគផ្ទាល់ពីបរទេសមានកំណើនរហូតទៅដល់ 13% នៃផ.ស.ស ដែលធ្វើឱ្យតុល្យភាពនៃជញ្ជីងទូទាត់កាន់តែមានលក្ខណៈល្អប្រសើរជាទូទៅ។
ទុនបម្រុងអន្តរជាតិបានកើនឡើងរហូតដល់ប្រមាណជាង 17.4ប៊ីលានដុល្លារអាមេរិក ដែលអាចធានាបាននូវការនាំចូលរហូតទៅដល់ប្រមាណ 8ខែ។
ទន្ទឹមនឹងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់និងរឹងមាំ ហើយម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពខាងលើនេះ កម្ពុជាក៏សម្រេចបាននូវលទ្ធផលល្អប្រសើរនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ។
ប្រការនេះ បានធ្វើឱ្យយើងសម្រេចបាននូវអតិរេកថវិកាចរន្តរហូតទៅដល់ជាង 8% នៃផ.ស.ស ធៀបនឹងការគ្រោងទុកប្រមាណតែ 2.81 នៃ ផ.ស.ស ប៉ុណ្ណោះ ដែលធ្វើឱ្យប្រាក់សន្សំរបស់រាជរដ្ឋាភិបាលបានកើនឡើងដល់ប្រមាណ 18% នៃ ផ.ស.ស សម្រាប់ពង្រីកលម្ហថវិកា និងធនធានថវិកាបម្រុងទុកសម្រាប់ត្រៀមទប់ទល់នឹងវិបត្តិ និងហានិភ័យផ្សេងៗជាយថាហេតុ។ នេះបើតាមឯកឧត្តម វង្សី វិស្សុត។
ឯកឧត្តម វង្សី វិស្សុត បានបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ2020 នេះ នឹងនៅតែអាចសម្រេចក្នុងរង្វង់ 6%ទោះបីត្រូវប្រឈមការលំបាក និងហានិភ័យទាំងខាងក្នុង និងទាំងខាងក្រៅច្រើនជាងមុនក្តី ពិសេសករណីការរាលដាលនៃវីរុសកូរ៉ូណា នៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការកំណត់កំណើនសេដ្ឋកិច្ចប្រមាណ 6,5% នៃ ផ.ស.ស ក្នុងច្បាប់ថវិកាឆ្នាំ2020 គឺបានរាប់បញ្ចូលករណីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីសហភាពអឺរ៉ុបរួចហើយ ព្រោះយើងដឹងថា វានឹងមកដល់គ្រាន់តែមុន ឬក្រោយប៉ុណ្ណោះ។
ស្របនឹងការបន្តពង្រឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ឆ្នាំ2020 ការជំរុញ និងគម្រោងស្តារផ្លូវថ្នល់កម្ពុជា ក៏ត្រូវបានបន្តពង្រឹង តាមរយៈគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ 2 និងផ្លូវជាតិលេខ22 ដែលមានប្រវែងសរុប 72.17គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ 56.1លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។ គម្រោងនេះ ត្រូវសាងសង់ដោយប្រើប្រាស់រយៈពេល 30ខែ ចាប់ពីខែតុលា ឆ្នាំ2019 ដល់ខែមេសា ឆ្នាំ2022។
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដោយសារប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយបានធ្វើឱ្យកំណើនវិនិយោគិនបរទេសកាន់តែកើនឡើង កំណើនសេដ្ឋកិច្ចជាតិកាន់តែមាននិរន្តរភាព បណ្ដាលឱ្យមធ្យោបាយដឹកជញ្ជូនកាន់តែកើនឡើងយ៉ាងគំហុក ដែលចាំបាច់ក្នុងការធ្វើទំនើបកម្ម និងសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បន្ទាប់ពីផ្លូវនេះបានសាងសង់រួចជាស្ថាពរ វានឹងក្លាយជាប្រព័ន្ធភ័ស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិឧស្សាហកម្មរបស់ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ជាពិសេសតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ភ្នំដិន-ទិញបៀន) ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច ហើយវាក៏អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ3 មួយកម្រិតផងដែរ។
ឯកឧត្ដមស៊ុន ចាន់ថុល ក៏បានមានប្រសាសន៍ដែរថា៖ “បន្ទាប់ពីផ្លូវនេះបានសាងសង់រួចជាស្ថាពរ វានឹងជួយលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើដំណើរ និងគឺជាប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ ដ៏មានសក្ដានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត”៕