អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹងថា ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល 10ឆ្នាំចុងក្រោយនេះ គឺមានការកើនឡើងខ្ពស់ ដែលការកើនឡើងនេះ គឺដោយសារតែការចាប់ផ្តើមហូរចូលមកយ៉ាងគំហុកនូវចំនួនអ្នកវិនិយោគបរទេសក្នុងវិស័យមួយនេះ។
បើតាមការកត់សម្គាល់អំពីសក្តានុពល និងភាពទាក់ទាញសំខាន់ៗនៃការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា គេសង្កេតឃើញមានចំណុចមួយចំនួនដូចជា៖ ទី1-ប្រទេសកម្ពុជាស្ថិតក្នុងចំណោមជម្រើសដ៏ល្អបំផុត សម្រាប់វិនិយោគលើវិស័យអចលនទ្រព្យ ដោយផ្អែកលើកំណើនសេដ្ឋកិច្ចដ៏លឿន ធ្វើឱ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើងខ្ពស់ គួបផ្សំនឹងស្ថិរភាពនយោបាយដ៏រឹងមាំ ក៏ដូចជាក្របខ័ណ្ឌច្បាប់ច្បាស់លាស់ក្នុងការគ្រប់គ្រងវិស័យអចលនទ្រព្យ និងសំណង់។
ទី2- ការវិនិយោគលើអចលនទ្រព្យក្នុងរយៈពេល 10ឆ្នាំចុងក្រោយនេះ គឺមានការកើនឡើងខ្ពស់។
ទី3- ការរីកចម្រើននៃវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ បានធ្វើឱ្យតម្រូវការអចលនទ្រព្យសម្រាប់ការស្នាក់នៅ និងធ្វើពាណិជ្ជកម្មកាន់តែកើនឡើងខ្ពស់ឡើងៗ ធ្វើឱ្យអ្នកវិនិយោគមានឱកាសចំណេញច្រើន។ ជាក់ស្តែងប្រាក់ចំណូលបានមកពីការជួលអចលនទ្រព្យជាមធ្យមគឺ 5.33% ក្នុង 1ឆ្នាំដែលឈរលើកម្រិតខ្ពស់បំផុតលំដាប់ទី3 នៅក្នុង
ទ្វីបអាស៊ី។
ទី4- ក្នុងចំណោមបណ្តាប្រទេសអាស៊ាន តម្លៃអចលនទ្រព្យនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដែលមានតម្លៃនៅទាបសមរម្យបំផុត ដែលនេះជាអំណោយផលល្អដល់ការទិញ-លក់ (តម្លៃនៅជាយរាជធានីភ្នំពេញអាចមានតម្លៃចាប់ ពី100USD/m2 ហើយនៅកណ្តាលរាជធានីភ្នំពេញ អាចមានតម្លៃខ្ពស់រហូតដល់ 5,000USD/m2)។
លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate បានថ្លែងប្រាប់ឡារ៉ែនពាណិជ្ជ នៅក្នុងបទសម្ភាសមួយថា៖“វិស័យអចលនទ្រព្យ អាចបែងចែកជា 2ប្រភេទ៖ទី1-ទីផ្សារអចលនទ្រព្យ និងទី2-ការអនុវត្តគម្រោងអចលនទ្រព្យ។ ចំពោះគម្រោងអចលនទ្រព្យ យើងមើលឃើញថាក្នុងរយៈពេល 10ឆ្នាំកន្លងមក មានការកើនឡើងខ្ពស់មែនទែន តាំងពីយើងមិនទាន់មានអី មានតែអគារ 1-2 រហូតដល់ឥឡូវមានអគារខ្ពស់ច្រូងច្រាង”។
លោកបានបន្តថា ក្នុងទីក្រុង ខ្ញុំមិនដឹងថា កើនក្នុងចំនួនប៉ុន្មានទេ តែយើងមើលឃើញថាច្រើន នេះបើយើងនិយាយពីទឹកប្រាក់នៃការវិនិយោគ និងនិយាយពីទំហំនៃការអភិវឌ្ឍ គិតជាម៉ែត្រការ៉េ និងមួយទៀតយើងនិយាយពីតម្លៃអចលនទ្រព្យឡើងថ្លៃ គឺយើងនិយាយពាក់ព័ន្ធនឹងដី។
លោកអគ្គនាយកក្រុមហ៊ុន Key Real Estate បានបញ្ជាក់ថា៖“ដី តាមខ្ញុំសង្កេតជាក់ស្តែង ដីដែលនៅក្នុងក្រុង ត្រូវបានបែងចែកជា 2ប្រភេទ។ ដីដែលបានអភិវឌ្ឍន៍រួច នៅក្នុងនោះមានខណ្ឌ 5 រួមមាន ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ7មករា ខណ្ឌបឹងកេងកង ហើយនិងខណ្ឌទួលគោក។ ជារួម ខណ្ឌដែលអភិវឌ្ឍន៍រួច មានការឡើងថ្លៃជាមធ្យមពី 5 -10% ប៉ុណ្ណោះ។ ប៉ុន្តែ ខណ្ឌដែលនៅក្រៅក្រុង ដូចជាខណ្ឌសែនសុខ ជ្រោយចង្វារ ច្បារអំពៅ ឬស្សីកែវ ពោធិ៍-សែនជ័យ ដង្កោ មានជ័យ ខណ្ឌទាំងអស់នេះបូកគ្នាទៅ ឡើងជាមធ្យមពី 10 ទៅ15 និងពី 15 ទៅ 20% ដោយខណ្ឌខ្លះឡើងថ្លៃច្រើន។ ពី 1ឆ្នាំ ទៅ 1ឆ្នាំ វាប្រែប្រួល គិតជាមធ្យមប្រហាក់ប្រហែលប៉ុណ្ណឹង ។
លោក សន សៀប ក៏បានបញ្ជាក់ដែរថា៖“បើតាមខ្ញុំចាំ នៅឆ្នាំ2005 ខ្ញុំសង្កេតឃើញថា ដីនៅតំបន់បឹងកេងកងក្នុង 1ម៉ែត្រការ៉េថ្លៃ 300ដុល្លារ ហើយមកដល់ឆ្នាំ2015 ដីនៅទីនោះឡើងថ្លៃ 1ម៉ែត្រការ៉េថ្លៃ1,500ដុល្លារ។ ដូច្នេះក្នុងរយៈពេល 10ឆ្នាំ វាឡើងថ្លៃ 1ជា5 ហើយមកដល់បច្ចុប្បន្ន វាឡើងកាន់តែខ្ពស់ទៅទៀត ព្រោះដោយសារតម្រូវការអភិវឌ្ឍន៍ច្រើន ក្នុងតំបន់នោះ”។
“ដីនៅក្នុងទីក្រុងភ្នំពេញដែលគេសម្លឹងឃើញថា មានតម្លៃថ្លៃ មាន 3ទីតាំង មានតំបន់ធនាគារលើផ្លូវក្រមួនស មានតម្លៃចន្លោះពី 7,000 ទៅ 10,000ដុល្លារ ក្នុង 1ម៉ែត្រការ៉េ។ បឹងកេងកងមានតម្លៃ ដល់ទៅប្រមាណ 6,000 ទៅ 7,000ដុល្លារ ក្នុង 1ម៉ែត្រការ៉េ និងនៅកោះពេជ្រ ម្តុំអុីអនមានតម្លៃ 4,000-5,000ដុល្លារ ក្នុង1ម៉ែត្រការ៉េ។ ឯដីនៅជាយក្រុង វាឡើងច្រើនជាង និងនៅក្នុងក្រុងវាឡើងតិចជាង។ ដីនៅក្នុងក្រុងឡើងតិចជាង ឧទាហរណ៍តម្លៃដី 1,200 ហើយឡើង 1,300ដុល្លារ បើគិតភាគរយវាតិចទេ គឺឡើង100ដុល្លារ តែបើដីនៅជាយក្រុងវិញ វាឡើងពី 50 ទៅ 100ដុល្លារ គឺឡើងតែ 50ដុល្លារទេ តែវាគុណនឹង2។ ដូច្នេះភាគរយ ថ្លៃដីនៅក្រៅក្រុងឡើងខ្ពស់ជាង”។ នេះបើតាមលោក សន សៀប បានបញ្ជាក់។
លោក សន សៀប បានឱ្យដឹងថា អ្នកវិនិយោគតែងតែសួរថា តើបច្ចុប្បន្នអចលនទ្រព្យគួរវិនិយោគទៅលើតំបន់មួយណា ឬប្រភេទមួយណា? សម្រាប់ខ្មែរយើង ដីនៅជាយៗក្រុង នៅតែល្អ សម្រាប់ការវិនិយោគហើយនិងដីនៅតាមគម្រោងអភិវឌ្ឍន៍ធំផ្សេងៗនៅតាមបណ្តាខេត្ត ឬនៅតាមតំបន់ឆ្នេរ។
លោកបានឱ្យដឹងទៀតថា ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់របស់វិស័យឯកជន គឺជាការរួមចំណែកមួយក្នុងចក្ខុវិស័យ នៃយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ ឆ្នាំ2035 ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល សំដៅលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate បានមានប្រសាសន៍ទាក់ទងនឹងការវិវឌ្ឍចុងក្រោយនៃវិស័យអចលនទ្រព្យថា ទោះបីអចលនទ្រព្យកម្ពុជាកំពុងទទួលបានកំណើនខ្លាំងក៏ដោយ ក៏ឧស្សាហកម្មនេះទំនងជានឹងរងឥទ្ធិពលដោយពាក់ព័ន្ធទៅនឹងមេរោគ Coronavirus ថ្មីមកពីទីក្រុង Wuhan នៅប្រទេសចិន ដែលខណៈនេះ លោកក៏ទទួលស្គាល់ពីផលប៉ះពាល់លើឧស្សាហកម្មនេះ ដោយសារការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាត្រូវបានចូលរួមដោយវិនិយោគិនចិន ជាពិសេសក្នុងវិស័យសំណង់ និងអចលនទ្រព្យនេះតែម្ដង។
លោក សន សៀប បានបញ្ជាក់ថា៖“វាអាចនឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យ ប៉ុន្តែយើងបានកត់សម្គាល់ថា ផលប៉ះពាល់នេះនឹងមិនមានរយៈពេលយូរទេ។ ការផ្ទុះឡើងនេះ គឺជាកត្តាខាងក្រៅ ហើយខ្ញុំជឿជាក់ថា ស្ថានភាពនឹងឆាប់ជាសះស្បើយ និងស្ងប់ស្ងាត់ទៅវិញ។ ពិតណាស់ក្នុងអំឡុងពេលនេះ វានឹងមានផលប៉ះពាល់តិចតួចលើផ្នែកជួលនៃទីផ្សារអចលនទ្រព្យ។ តែមិនគួរមានការព្រួយបារម្ភច្រើនពេកអំពីវាទេ។ ខ្ញុំគិតថា គ្រាន់តែជាផលប៉ះពាល់មួយរយៈពេលខ្លីប៉ុណ្ណោះ”៕