ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកថា ផលិតកម្មស្រូវ គឺជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យកសិកម្ម ដែលកន្លងមក ក្នុងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញការអភិវឌ្ឍដំណាំស្រូវ ឱ្យសម្រេចបានជោគជ័យតាមផែនការអភិវឌ្ឍន៍ផលិតកម្មស្រូវ នៅកម្ពុជាឆ្នាំ2011-2020ផងដែរ។
ថ្លែងក្នុងពិធីបុណ្យដារលាន នាខេត្ដតាកែវ កាលពីពេលថ្មីនេះ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា វិស័យកសិកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទ្រទ្រង់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ ធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ គាំទ្រដល់ការនាំចេញ និងជាពិសេសដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ពិពិធភាវូបនីយកម្ម និងពាណិជ្ជវូបនីយកម្មកសិកម្ម សំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ និងគុណភាពសមស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។
ជាមួយគ្នានោះដែរ ឯកឧត្ដមបានថ្លែងថា ស្រូវគឺជាដំណាំយុទ្ធសាស្ត្រមួយប្រភេទ ដែលបានផ្តល់ប្រយោជន៍ជាច្រើន ព្រមទាំងបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ បង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុកជាដើម។ ជាក់ស្តែង ឯកឧត្ដមមានប្រសាសន៍ថាស្រូវ ជាដំណាំចម្បងដែលបានរួមចំណែកប្រមាណ15% នៃតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ជាក់ស្តែងផ្ទៃដីដាំដុះសម្រេចបាន នៅក្នុងឆ្នាំ2018 មានជាង 3.3លានហិកតា ជាមួយទិន្នផល 10.8លានតោន។
បន្ថែមពីនេះ ឯកឧត្ដមបានឱ្យដឹងបន្តថា បើយោងតាមការប៉ាន់ស្មានជំហានដំបូងកាលពីឆ្នាំ2019 ផលស្រូវសម្រេចបានប្រមាណ 10.88លានតោន ហើយនឹងអាចនៅសល់ស្រូវសរុបប្រមាណជាង 5លានតោន ឬអង្ករចំនួនជាង 3លានតោនទៀត។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដមបានឱ្យដឹងទៀតថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងយោងលើសេចក្តីត្រូវការជាមូលដ្ឋានក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋកាន់តែកើនឡើងជាលំដាប់ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 ក្នុងទិសដៅពិតប្រាកដមួយ គឺដើម្បីជំរុញ និងពន្លឿនការអភិវឌ្ឍន៍លើគ្រប់វិស័យជាជំហានៗច្បាស់លាស់ សមស្របតាមពេលវេលា និងធនធានរបស់ជាតិ ធ្វើយ៉ាងណាឈានឆ្ពោះទៅសម្រេចគោលដៅនៃឆ្នាំ2030 និង2050។
យ៉ាងណាក្ដី ឯកឧត្ដមក៏បានបញ្ជាក់ដែរថា ក្រសួងកសិកម្ម តែងបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍផលិតកម្មស្រូវ ឱ្យកាន់តែល្អប្រសើរឡើង និងមានភាពប្រកួតប្រជែង តាមរយៈការដាក់បញ្ចូលផែនការអភិវឌ្ឍន៍ផលិតកម្មស្រូវ ទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកសិកម្ម2019-2023 យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ2019 -2023 និងបន្តជំរុញការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ស្រូវឆ្ពោះទៅឆ្នាំ2030 ឱ្យបានជោគជ័យតាមគោលដៅគ្រោងទុក។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអះអាងបន្ថែមទៀតថា ដើម្បីសម្រេចឱ្យបាននូវផលិតកម្មស្រូវបន្ថែមទៀតក្រសួងបានណែនាំឱ្យអគ្គនាយដ្ឋាន កសិកម្ម មន្ទីរកសិកម្មខេត្ត និងតួអង្គពាក់ព័ន្ធផ្សេងៗទៀតត្រូវយកចិត្តទុកដាក់ថែមទៀតលើការអនុវត្តបច្ចេកទេសពង្រឹង និងពង្រីកការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្ត ការងារស្រាវជ្រាវ និងបណ្តុះបណ្តាល ពង្រឹងការងារដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជំរុញ និងលើកទឹកចិត្តការចុះបញ្ជីកសិដ្ឋានគ្រប់ប្រភេទ លើកកម្ពស់ប្រសិទ្ធភាពចំពោះការផ្តល់សេវាសាធារណ: បន្ដពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនឱ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា នៅខែមករា ឆ្នាំ2020 កម្ពុជាបាននាំចេញអង្ករចំនួន 50,450តោន ថយចុះ 15.39ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2019។ មូលហេតុនៃការថយចុះនេះបណ្តាលមកពីការយកពន្ធអង្ករកម្ពុជា នាំចូលនៅសហគមន៍អឺរ៉ុបនៅឆ្នាំដំបូង ដោយក្នុងអង្ករ 1តោនចំនួន 175អឺរ៉ូ គិតចាប់ពីថ្ងៃទី19 ខែមករា ឆ្នាំ2019មក។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងបន្តថា ទឹកប្រាក់សរុបពីបានការនាំអង្ករចេញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែមករា ឆ្នាំ2020 មានប្រមាណជា 39លានដុល្លារអាមេរិក។
ចំណែកឯទីផ្សារអាស៊ានវិញ ឃើញថា មានការប្រែប្រួលខ្លះ អាស្រ័យលើប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម។ ក្នុងនោះ សហព័ន្ធស្រូវអង្ករ បានបញ្ជាក់បន្ថែមទៀតថា ទីផ្សារចម្បងរបស់កម្ពុជា គឺប្រទេសម៉ាឡេស៊ី និងប្រ៊ុយណេ ដែលមិនមានការប្រែប្រួលខ្លាំងនោះទេ គឺនៅរក្សាបានស្ថានភាពល្អ មានលំនឹងនៅឡើយ។ រីឯទីផ្សារផ្សេងៗទៀត បានកើនឡើងប្រមាណ 40% ក្នុងនោះប្រទេសហ្គាបុង នៅតែបន្តនាំមុខដដែល ស្របពេលជាមួយគ្នានោះ ប្រទសអូស្ត្រាលី ក៏បានបង្កើនល្បឿនក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជា ដ៏គួរឱ្យកត់សម្គាល់ផងដែរ៕