សុជីវធម៌ សីលធម៌ និងគុណធម៌ ត្រូវបានសង្គមចាត់ទុកថាជាបណ្ដុំនៃគុណតម្លៃដែលមនុស្សម្នាក់មិនអាចខ្វះបានឡើយ គ្រាន់តែថា ធម៌ទាំង3 នេះ មានគុណតម្លៃផ្សេងៗពីគ្នាប៉ុណ្ណោះ។
សុជីវធម៌ គឺសំដៅលើកាយវិការ និងឥរិយាបថសមរម្យ និងពាក្យសម្ដីវាចាពីរោះ សុភាពរាបសា ដែលសង្គមទទួលស្គាល់ និងឱ្យតម្លៃ។ ជាឥរិយាបថ ដែលមើលទៅគាប់ភ្នែក និងពាក្យសម្តី ដែលស្តាប់ទៅមិនទើសត្រចៀក ដែលមនុស្សទូទៅក្នុងសង្គម ត្រូវតែនាំគ្នាប្រកាន់ខ្ជាប់ និងប្រព្រឹត្តជារៀងរាល់ថ្ងៃ នោះគឺជាសុជីវធម៌។
នៅពេល យុវជនម្នាក់ ជួបមនុស្សដែលមានអាយុច្រើនជាងខ្លួន ឬមានវ័យចំណាស់ចាស់ជាង ឬជាព្រឹទ្ធាចារ្យ ហើយយុវជននោះលើកដៃសំពះ លំឱនកាយ និងពោលពាក្យជម្រាបសួរ នេះគឺហៅថា សុជីវធម៌។
ចំណែក សីលធម៌ គឺសំដៅទៅលើទឹកចិត្ត និងចេតនានៃទង្វើ ជាជាងកាយវិការ ឥរិយាបថ និងពាក្យសម្តី។ សីលធម៌ គឺជាភាពត្រឹមត្រូវចរិតនិស្ស័យល្អៗ និងគំនិតល្អៗរបស់មនុស្ស ដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹង ឬមិនដឹងក៏ដោយ។ ការតាំងចិត្តថា មិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគួរគប្បីណាមួយ ឬមិនបង្កការក្ដៅក្រហាយ ឬការឈឺចាប់ដល់អ្នកដទៃ នោះគេហៅថាសីលធម៌។
ការមិនសម្លាប់ ការមិនបៀតបៀន ការមិនកុហក ការមិនប្រព្រឹត្តកាមគុណលើកូន ប្រពន្ធ និងប្តីរបស់អ្នកដទៃ គឺសុទ្ធសឹងតែជាសីលធម៌ទាំងអស់ ដែលក្នុងភាសាព្រះពុទ្ធសាសនា ហៅថាសីល។ ពេលខ្លះ សីលធម៌ ឬអសីលធម៌ ក៏អាចបង្ហាញចេញតាមរយៈកាយវិការ និងសម្ដីវាចាដែរ។
រីឯគុណធម៌វិញ គឺជាទឹកចិត្តអាណិតមេត្តា ដែលកើតមានចំពោះអ្នកដទៃ ហើយចង់ជួយអ្នកដទៃតាមរបៀប ឬមធ្យោបាយណាមួយដោយសុចរិតបរិសុទ្ធ។ គេអាចនិយាយបានថា ឱ្យតែនរណាម្នាក់ ឬសង្គមតូចណាមួយទទួលបានអ្វីមួយពីបុគ្គលណាម្នាក់ ឬក្រុមណាមួយនូវអំពើល្អ អំពើដែលមានប្រយោជន៍ ការអធ្យាស្រ័យ ការជួយយកអាសា ឬជួយសង្គ្រោះ ឬក៏ការលើកលែងទោសឱ្យនោះ នោះហើយគឺ គុណធម៌។
បើអ្នកមានទ្រព្យច្រើន ហើយលះបង់ទ្រព្យខ្លះ ដើម្បីជួយអ្នកក្រខ្សត់ នោះហើយ គុណធម៌។ បើអ្នកមានចំណេះដឹង ហើយចែករំលែកចំណេះដឹងទៅឱ្យអ្នកដទៃ ព្រោះចង់ឱ្យអ្នកដទៃ មានចំណេះដឹងដូចខ្លួនដែរនោះ ហ្នឹងហើយគុណធម៌។ ឃើញអ្នកដទៃមានទុក្ខសោក ហើយមានអ្នកទៅជួយរកមធ្យោបាយ ដើម្បីដោះស្រាយ ឬរំសាយទុក្ខសោកនោះ ហ្នឹងហើយដែលគេហៅថា គុណធម៌។ បុគ្គលណាម្នាក់ ធ្វើខុសចំពោះអ្នក ហើយអ្នកលើកលែងទោសគេ ហ្នឹងដែលហៅថា គុណធម៌។
ការមានក្តីសន្តោសប្រណី ការអត់ឱន និងមានចេតនាចង់ជួយអ្នកដទៃ គឺជាធាតុល្អខាងក្នុងចិត្តរបស់បុគ្គលដែលមានគុណធម៌។ ការមិនច្រណែន ការមិនគុំកួន ការមិនព្យាបាទ ការមិនធ្វើបាបអ្នកដទៃ ក៏ជាធាតុល្អខាងក្នុងរបស់បុគ្គលដែលមានគុណធម៌ដែរ។
សុជីវធម៌ មិនអាចកំណត់បានថា ជាមនុស្សល្អ ឬអាក្រក់បានឡើយ។ អ្នកខ្លះ មើលទៅដូចជាមានសុជីវធម៌ល្អដែរ ដូចជាបង្ហាញឥរិយាបថសុភាពរាបសា ទន់ភ្លន់ ចេះគួរសម ហើយត្រឹមត្រូវសម្បើមណាស់ ប៉ុន្តែបែរជាមានចិត្តច្រណែនឈ្នានីស និងរុកកួនរំខានអ្នកដទៃទៅវិញ ក៏មានដែរ។ សុជីវធម៌ គ្រាន់តែរូបភាព ឬជាទង្វើខាងក្រៅរបស់មនុស្សប៉ុណ្ណោះ មិនអាចកំណត់បានទាំងស្រុងថា មនុស្សនោះ ជាមនុស្សល្អ មានសីលធម៌ ឬគុណធម៌ឡើយ។ មានសុជីវធម៌ តែមិនមានសីលធម៌ និងខ្វះគុណធម៌ ក៏មិនទាន់គ្រប់គ្រាន់ដែរ។
ទាល់តែមានសីលធម៌ផង ទើបអាចកំណត់បានថា ជាមនុស្សល្អ។ សីលធម៌ មានតម្លៃខ្ពស់ជាងសុជីវធម៌។ អ្នកដែលមិនធ្វើអំពើអាក្រក់ដាក់អ្នកដទៃ គឺជាអ្នកដែលមានសីលធម៌ ឬហៅថាសីល។ ប៉ុន្តែ សីលធម៌ មិននិយាយដល់ការជួយអ្នកដទៃ ឬមិនជួយនោះទេ គឺនិយាយត្រឹមតែថា មិនធ្វើអំពើអាក្រក់ប៉ុណ្ណោះ។
ក្នុងចំណោមធម៌ទាំង3 គុណធម៌ ហាក់មានតម្លៃខ្ពស់ជាងគេ។ បុគ្គលណា ដែលមានគុណធម៌ តែងមានលក្ខណៈ 2យ៉ាង គឺទី1 តាំងចិត្តធ្វើទង្វើល្អត្រឹមត្រូវជានិច្ច ដោយមិនធ្វើអំពើទុច្ចរិតជាដាច់ខាត ហើយទី2 ផ្តល់ប្រយោជន៍ដល់អ្នកដទៃ។ បុគ្គលណា មិនធ្វើអាក្រក់ដាក់អ្នកដទៃ ចាត់ទុកថា មានសីលធម៌ ហើយបើចេះជួយអ្នកដទៃទៀតផងនោះ គឺនឹងឈានដល់កម្រិតមួយទៀត គឺគុណធម៌ហ្នឹងឯង៕