តាមរយៈសារព័ត៌មានកូរ៉េ Naver នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០នេះបានឱ្យដឹងថា តារាសម្ដែងល្បីៗប្រចាំស្ថានីយទូរទស្សន៍ SBS នៅក្នុងរឿងភាគល្បីល្បាញ « ‘Dr. Romantic 2 » ត្រូវបានលុបចោលការសម្ដែងពិសេស និងហោះទៅកាន់សហរដ្ឋអាមេរិក ខណៈកំពុងជួបស្ថានភាពវឹកវរនៃវីរ៉ុសកូរ៉ូណានៅកូរ៉េខាងត្បូង។
រឿងភាគល្បីល្បាញ « ‘Dr. Romantic 2 » នៅរដូវកាលទី២នេះ ត្រូវបានគេកត់សម្គាល់ឃើញថា មានចំនួនអ្នកទស្សនាខ្ពស់ជាងគេនៅលើ Netflix ហើយតារាសម្ដែងទាំងអស់ នឹងត្រូវធ្វើដំណើរទៅកាន់កោះ សៃប៉ាន អស់រយៈពេល ៤ ថ្ងៃ ដើម្បីចូលរួមការបង្ហាញវត្តមានតួអង្គ និងសម្ដែងពិសេសនៅទីនោះ។ ក៏ប៉ុន្ដែកម្មវិធីនោះក៏ត្រូវបានលុបចោលវិញ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងជួបស្ថានភាពវឹកវរនៃវីរ៉ុសកូរ៉ូណា។ ហើយតារាសម្ដែងទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យឈប់សម្រាកនៃថ្ងៃវិស្សមកាលជំនួសវិញ។
អ្នកផលិតកម្មវិធីរបស់ស្ថានីយទូរទស្សន៍ SBS បានអះអាងថា « អ្នកគ្រប់គ្រងសិល្បករយើង កំពុងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះតារាសិល្បៈទាំងអស់ ដើម្បីឱ្យប្រាកដបានថា ពួកក្នុងកំពុងស្ថិតក្នុងសុវត្ថិភាព និងថែទាំងសុខភាពបានយ៉ាងល្អប្រសើរ »៕