កីឡា ជាផ្នែកមួយដ៏សំខាន់នៃការរស់នៅ ហេតុនេះហើយទើបជានិច្ចកាលគេតែងតែឃើញព្រឹត្តិការណ៍កីឡាធំៗជាច្រើន ត្រូវបានរៀបចំឡើងនៅគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ នៅឆ្នាំ2020 នេះ កីឡាក៏ត្រូវបានគេយកចិត្តទុកដាក់ខ្លាំងផងដែរនៅក្នុងមហោស្រពគីហ្សូណាជប៉ុនកម្ពុជាលើកទី9 ដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC)។
នៅឆ្នាំនេះ ប្រធានបទសំខាន់នៃមហោស្រពគីហ្សូណាជប៉ុនកម្ពុជា គឺ “អានុភាពនៃកីឡា” ដោយសារតែប្រទេសជប៉ុននឹងក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក អាស្រ័យហេតុនេះហើយ ទើបគេឃើញមានការរៀបចំព្រឹត្តិការណ៍កីឡាមួយចំនួន បន្ថែមពីលើទស្សនីយភាពសិល្បៈវប្បធម៌សំខាន់ៗរវាងកម្ពុជា-ជប៉ុន ដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងនោះក៏មានការរៀបចំសិក្ខាសាលាទាក់ទងនឹងការអប់រំ សុខភាព សិល្បៈ បច្ចេកវិទ្យា និងបង្ហាញពីម្ហូបអាហារខ្មែរ និងជប៉ុនផងដែរ។
ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា ដោយសារតែប្រទេសជប៉ុននឹងរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅឆ្នាំនេះ ទើបយើងនាំគ្នាយកឱកាស និងដួងព្រលឹងនៃការប្រកូតកីឡាអូឡាំពិកដាក់បញ្ចូលក្នុងមហោស្រពគីហ្សូណានៅឆ្នាំនេះ។ ឯកឧត្តមបញ្ជាក់ផងដែរថា កីឡាបានបង្ហាត់បង្រៀននូវសារៈសំខាន់នៃការខិតខំសាមគ្គីភាព យុត្តិធម៌ ភាពអត់ធ្មត់ និងផ្តល់ឱ្យនូវមិត្តភាព រួមទាំងមេរៀនសំខាន់ៗជាច្រើនទៀតសម្រាប់ជួយដល់ការរស់នៅ។
ឯកឧត្តមមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា មហោស្រពគីហ្សូណាជប៉ុនកម្ពុជានៅឆ្នាំនេះ នឹងក្លាយជាឱកាសសម្រាប់ប្រជាជនគ្រប់រូបចូលរួមគិតពីអានុភាពនៃកីឡាក្នុងការរស់នៅប្រចាំថ្ងៃ និងសង្គម»។
គួរបញ្ជាក់ផងដែរថា មហោស្រពគីហ្សូណាប្រចាំឆ្នាំ2020 នេះ បានបើកជាផ្លូវការកាលពីថ្ងៃទី20 ខែកុម្ភៈឆ្នាំ2020 ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនសំខាន់ៗជាច្រើនរូបផ្សេងទៀត។ បន្ថែមពីលើនេះក៏មានការចូលរួមពីក្រុមសិល្បៈវប្បធម៌នៃប្រទេសទាំង2 និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ ជាពិសេសយុវជន៕