ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបានបាញ់រះទៅលើមិត្តរួមការងារ នៅក្នុងរោងចក្រស្រាបៀរមួយ នៅក្នុងរដ្ឋ Winconsin សហរដ្ឋអាមេរិក បណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងហោច5នាក់។
យោងតាមសារព័ត៌មាន RT ហេតុការណ៍នេះបានកើនឡើងកាលពីថ្ងៃទី26កុម្ភៈ(ម៉ោងនៅអាមេរិក) នៅក្នុងក្រុមហ៊ុនផលិតស្រាបៀរ Miller Coors ដែលស្ថិតក្នុងតំបន់ Milwaukee នៃរដ្ឋ Wisconsin។ បុគ្គលិកម្នាក់អាយុ51ឆ្នាំ ដែលទើបត្រូវបានបណ្ដេញចេញពីការងារ បានត្រឡប់មកកាន់ក្រុមហ៊ុនខាងលើ និងបានបាញ់រះទៅលើបុគ្គលិកក្រុមហ៊ុននេះ បណ្ដាលឱ្យអតីតមិត្តរួមការងារ5នាក់របស់ខ្មាន់កាំភ្លើង បាត់បង់ជីវិត។ បន្ទាប់ពីការបាញ់រះ ខ្មាន់កាំភ្លើងនេះក៏បានបាញ់សម្លាប់ខ្លួននៅនឹងកន្លែងកើតហេតុ។
កន្លែងកើតហេតុខាងលើ ស្ថិតនៅឯករិយាល័យកណ្ដាលរបស់ក្រុមហ៊ុន Miller Coors ដែលស្ថិតនៅតាមបណ្ដោយមហាវិថី West Highland។
មន្ត្រីនគរបាលជាន់ខ្ពស់នៃទីក្រុង Milwaukee លោក Afonso Morales បានឱ្យដឹងថា ខ្មាន់កាំភ្លើងវ័យ51ឆ្នាំរូបនេះ ត្រូវបានបណ្ដេញចេញពីក្រុមហ៊ុនក្នុងថ្ងៃកើតហេតុ មុនពេលមានការបាញ់រះនេះ។ បន្ទាប់ពីកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ និងចាប់ផ្ដើមស៊ើបអង្កេតករណីនេះ។
អភិបាលក្រុង Milwaukee លោក Tom Barrett បានថ្លែងថា “នេះគឺជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់បុគ្គលិកនៅក្នុងក្រុមហ៊ុននេះ”។
ប្រធានាធិបតីអាមេរិក លោក Donald Trump មានប្រសាសន៍ថា ក្រៅពីអ្នកដែលបានបាត់បង់ជីវិត ក៏មានអ្នករងរបួសជាច្រើននាក់ នៅក្នុងហេតុការណ៍បាញ់រះនេះ។ លោក Trump ថ្លែងថា “ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះអ្នករងគ្រោះ និងគ្រួសារសពនៅតំបន់ Milwaukee ក្នុងរដ្ឋ Wisconsin។ ឃាតករម្នាក់បានបាញ់រះក្នុងក្រុមហ៊ុនផលិតស្រាបៀរមួយ និងបានសម្លាប់មនុស្សចំនួន5នាក់ និងធ្វើឱ្យមនុស្សច្រើននាក់់ទៀតរងរបួស។ បេះដូងរបស់យើងបានប្រេះបែក ព្រោះតែការស្លាប់របស់ជនរងគ្រោះ និងទុក្ខក្រៀមក្រំរបស់ក្រុមគ្រួសារនៃសព”៕
ប្រភព៖ សារព័ត៌មានបរទេស