វិថីមួយដែលមានឈ្មោះថា «Park Road» ស្ថិតនៅតំបន់ការទូត Baridhara ក្នុងទីក្រុងដាក្កា ប្រទេសបង់ក្លាដែស ត្រូវបានរដ្ឋាភិបាលនៃប្រទេសនេះប្តូរទៅជា «King Norodom Sihanouk Road» ហើយត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2020។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Dhaka Tribune។
វិថី «King Norodom Sihanouk Road» ដែលដាក់តាមព្រះនាមរបស់ព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនេះ គឺជាការឧទ្ទិសដល់ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង2។
ដូចនឹងព្រះមហាវីរក្សត្រដ៏អមតៈនៃព្រះរាជាណាចក្រកម្ពុជាដែរ លោក Sheikh Mijubur Rahman គឺជាបិតាឯករាជ្យជាតិរបស់បង់ក្លាដែស «Father of Benali Nation»។ លោកគឺជាប្រធានាធិបតីដំបូងបង្អស់របស់ប្រទេសបង់ក្លាដែសនៅឆ្នាំ1971 ហើយបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតដល់ថ្ងៃដែលលោកត្រូវបានគេធ្វើឃាតនៅថ្ងៃទី15 ខែសីហា ឆ្នាំ1975។
លោក Md Tajul Islam រដ្ឋមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន អភិវឌ្ឍន៍ជនបទ និងកិច្ចសហប្រតិបត្តិការ (LGRAD) ជាអ្នកដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ឈ្មោះវិថីថ្មី «King Norodom Sihanouk Road» មួយនេះនៅក្រុងដាក្កា ក្រោមការរៀបចំរបស់អង្គភាព Dhaka North City Corporation (DNCC)៕