ផ្អែកលើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ តារាកំប្លែងនាយ តាក់ស៊ី ខណៈនេះកំពុងរងការផ្ទុះការរិះគន់យ៉ាងចាសដៃពីសំណាក់ទស្សនិកជន បន្ទាប់ពីនាយបានប្រកាសបង្ហាញមុខមាត់គូស្នេហ៍ថ្មីដែលត្រូវចូលរោងការឆាប់ៗនេះ ព្រមជាមួយនឹងរថយន្តLEXUS RX330មានតម្លៃខ្ទង់រាប់ម៉ឺនដុល្លារយ៉ាងភ្ញាក់ផ្អើល។
ដំណឹងនៃការរៀបអាពាហ៍ពិពាហ៍ និងទិញរថយន្តរបស់តារាកំប្លែងចាស់វង្សានាយ តាក់ស៊ី នេះមិនត្រឹមតែមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រនោះទេ គឺភ្លាមៗនោះ ក៏ស្រាប់តែមានមតិរិះគន់ជាច្រើន បាននិងកំពុងបាញ់ចាក់ស្រោចមកលើតារាកំប្លែងរូបនេះជាមួយនឹងការហួសចិត្តខ្លាំងក្រោយពេលដឹងពីព័ត៌មាននេះ។ តាមរយៈវីដេអូសម្ភាសន៍ផ្ទាល់ថ្ងៃម្សិលមិញនេះ នាយ តាក់ស៊ី បានបញ្ជាក់ថា នាយនិងអនាគតភរិយាវ័យ៣៩ឆ្នាំ មានស្រុកកំណើតនៅក្រុងបាវិតត្រៀមរៀបការឆាប់ៗនេះហើយ។ ជាមួយគ្នានឹងប្រកាសបែបនេះនាយ តាក់ស៊ី ក៏បានបង្ហាញមុខភរិយាថ្មីព្រមជាមួយការប្រកាសទិញរថយន្តLEXUS RX330បង់រំលស់ ដែលត្រូវចំណាយក្នុង១ខែៗខ្ទង់ជិត៤០០ដុល្លារផងដែរ។យ៉ាងណាមិញព្រោះតែដំណឹងនេះ ទើបធ្វើឲ្យមហាជនមានអារម្មណ៍ហួចចិត្តខ្លាំងចំពោះនាយ តាក់ស៊ី ខណៈគ្រាធ្លាក់ខ្លួនឈឺលំបាកអំពាវនាវរកជំនួយពីសប្បុរសជន ហើយដល់ពេលជាសះស្បើយឡើងវិញ បែរជាមានលុយទិញឡាន LEXUS RX330និងប្រកាសការប្រពន្ធធ្វើព្រងើយ។
បើតាមមតិរិះគន់មហាជនមួយចំនួន បានលើកឡើងថា បើសិនជាការពិត សុទ្ធតែបួសខានមិនបានព្រោះមាននិស្ស័យជាមួយពុទ្ធសាសនា សឹកវិញព្រោះបញ្ហាសុខភាព ចុងក្រោយកាត់ចោលមិនបានកាមកិលេសតណ្ហា អស់និយាយអ្នកដែលធ្លាប់ផ្តល់ជំនួយមិនដឹងហួសចិត្តយ៉ាងណាទេ។ ខ្លះទៀតនិយាយថា អាត្មាមិនចង់និយាយរឿងពិភពគុននេះទេ តែហួសពេក! ម្តងលែងប្រពន្ធ ម្តងទឹកនោមផ្អែម ម្តងបួស ម្តងសុំជំនួយ ដល់ទ្រាំលែងបានយកប្រពន្ធទៀត….!អញ្ចឹងបានពាក្យចាស់លោកថា Ok You Win!។ មិនខុសគ្នានោះទេក៏មានការរិះគន់ថា ឈឺ លះបង់ប្រពន្ធកូន ទៅបួស ទេសនា ឈឺ សឹក ចូលសិល្បៈវិញ រៃអង្គាស ទិញឡានកូរ៉ូឡា ឡានខូច រៃអង្គាស ប្រកាសមុខគូស្នេហ៍ថ្មី បង់រំលស់ឡាន ៣៣០ ការឆាប់ៗ….។តាមរយៈការរិះគន់នេះនៅមិនទាន់មានប្រតិកម្មណាមួយពីសាមីខ្លួននាយ តាក់ស៊ី នៅឡើយទេ។