ភ្នំពេញ – រដ្ឋមន្រ្ដី 3 រូបមកពីក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានគ្រោងនឹងដាក់សំណើរួមមួយជូនទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សុំបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីជំរុញការងារគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍។
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បញ្ជាក់ថា ក្រសួងទាំងបីបានឯកភាពគ្នាដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដើម្បីជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ ប៉ុន្តែកិច្ចការងារអាចធ្វើទៅបានលុះត្រាតែមានគណៈកម្មការអន្តរក្រសួងមួយដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលជាមុនសិន។ ឯកឧត្ដមបន្ដថា គោលបំណងនៃការរៀបចំការងារនេះគឺធ្វើយ៉ាងណាដើម្បីជួយដល់សហគមន៍ដែលបច្ចុប្បន្នមានសហគមន៍មួយចំនួនមានការគ្រប់គ្រង និងអភិវឌ្ឍបានល្អហើយ ប៉ុន្ដែសហគមន៍មួយចំនួនទៀតនៅមិនទាន់មានការគ្រប់គ្រងបានល្អនៅឡើយទេ។
ដូច្នេះដើម្បីទទួលបានការអភិវឌ្ឍប្រកបដោយនិរន្ដរភាពត្រូវតែមានការគ្រប់គ្រងល្អ គឺការបែងចែកផលប្រយោជន៍ក្នុងសហគមន៍ប្រកបដោយសមធម៌។ ក្នុងនោះយើងត្រូវមានការពង្រឹងចាប់ពីគុណភាពសេវា ដូចជាបញ្ហាផ្ទះស្នាក់នៅ ផ្ទះសំណាក់ សេវាស្នាក់នៅ សេវាដឹកជញ្ជូន សេវាមគ្គុទេសក៍ និងសេវាម្ហូបអាហារ ជាដើម ដែលត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលដើម្បីយកទៅបម្រើដល់សហគមន៍។
គម្រោងនេះត្រូវបានលើកឡើងក្នុងឱកាសកិច្ចប្រជុំបូកសរុបស្ដីពីការងារគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ គម្រោងនេះត្រូវធ្វើឡើងដើម្បីសំដៅប្រែក្លាយតំបន់សហគមន៍ទាំងជាង2ពាន់កន្លែង នៅទូទាំងប្រទេសកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន។
ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជំរុញឱ្យមានការរៀបចំបង្កើតក្រុមការងារថ្នាក់ជាតិអន្ដរក្រសួងមួយដើម្បីត្រូតពិនិត្យរួមគ្នាតាមរយៈការចុះពិនិត្យដល់ទីតាំងសហគមន៍ជាក់ស្ដែងថា តើសហគមន៍ណាមានសក្ដានុពលអ្វី ហើយក្រុមការងារត្រូវដាក់ឈ្មោះសហគមន៍នោះឈ្មោះអ្វី? ពោលគឺត្រូវធ្វើទៅតាមស្ថានភាពជាក់ស្ដែង ឬមួយក្រសួងកសិកមុ្មសង្កេតឃើញថា តំបន់នោះអាចដាក់បញ្ចូលអេកូទេសចរណ៍បាន យើងនឹងកោះប្រជុំដើម្បីដាក់បញ្ចូលតែម្ដង។
ជាមួយគ្នាដែរ ឯកឧត្ដមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងដោយចាត់ទុកថា ការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញការងារគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ ជាឱកាសល្អមួយដែលអាចប្រែក្លាយអេកូទេសចរណ៍ទៅជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចជាតិដទៃទៀតផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសហគមន៍ទូទៅប្រមាណជាង 2,000សហគមន៍ (ការពារព្រៃឈើ សត្វព្រៃ សត្វស្លាប នេសាទ ទេសចរណ៍ជាដើម) ក្នុងនោះមានសហគមន៍ទេសចរណ៍ចំនួន 56 នៅក្នុងខេត្តចំនួន16៕