មុននឹងកើតរឿងហេតុធំឡើង វាតែងតែមានសញ្ញាប្រកាសអាសន្នប្រាប់ជាមុនមិនខាន ប្រៀបដូចមុននឹងកើតមានព្យុះរលកស៊ូណាមិ គេតែងឃើញមានត្រីសមុទ្រទឹកជ្រៅហែលគេចពីសេចក្តីស្លាប់មកទើលើឆ្នេរខ្សាច់អុីចឹងដែរ ចំណែករោគចង្រៃ និងរោគប្លែកៗដែលកើតឡើង នឹងធ្វើឱ្យយើងភិតភ័យដូចគ្នានឹងគ្រានោះដែរ។ ការពិតទៅ វាមិនមែនជាការវាយលុកចូលមកមិនឱ្យយើងដឹងខ្លួននោះទេ តែដោយសារតែយើងបណ្តាយខ្លួនឱ្យក្លាយជាភ្នាក់ងារទទួលមេរោគដោយខ្លួនឯងទៅវិញទេ។
មុនកើតជំងឺចង្រៃនៅក្នុងរាងកាយយើង វាច្រើនតែមកសម្ងំពង្រីកខ្លួនយ៉ាងរីករាយនៅក្នុងខ្លួនយើងមុនមួយរយៈរួចមកហើយ មិនមែននៅស្ងៀមៗវាកើតឡើងតែម្តងនោះទេ ឧទាហរណ៍ដែលមើលឃើញច្បាស់នោះគឺ ជំងឺមហារីក ទំរាំតែរីកធំឡើងក្លាយជាដុំសាច់ដែលយើងស្ទាបដឹងនោះ វាត្រូវពង្រីកខ្លួនបង្កើតកូនចៅរាប់លានក្បាល រហូតចូលទៅនៅក្នុងសរសៃឈាមបានហើយ ទើបដុះចេញមកជាដុំសាច់ឱ្យយើងមើលឃើញនោះ។សញ្ញាប្រកាសអាសន្នទាំងនេះ លោកអ្នកអាចប្រើការសង្កេតមើលខ្លួនឯងក៏បាន មិនពិបាកឡើយ ដូចជា៖
1-លែងចង់ញ៉ាំអាហារ
2-ចុះស្គមខុសប្រក្រតី (ទម្ងន់ខ្លួនស្រកចុះជាង 2គីឡូក្រាមក្នុង 1ខែ)
3-ឆាប់មួម៉ៅ អារម្មណ៍ងាយប្រែប្រួល
4-ចុករួយតាមរាងកាយគួរឱ្យរំខាន
5-ងឿងក្បាលបែបមិនស្រឡះសោះ
6-មានអាការគ្រុនបែបក្តៅរងាៗ
7-មុខមាត់ត្រចៀកមើលទៅឡើងក្រហម ហាក់ដូចជាមានកម្តៅក្តៅគគុកនៅក្នុងរាងកាយ។
សរុបងាយៗថា បើនៅសុខៗមានភាពប្រែប្រួលដែលមិនធ្លាប់កើតមានកើតឡើង មិនថាតែចំពោះរាងកាយ ឬសូម្បីតែក្នុងអារម្មណ៍ និងផ្លូវចិត្តក៏ដោយនោះ សម្តែងថា ច្បាស់ជាមាន “ហេតុភេទ” មិនល្អអ្វីម្យ៉ាងកើតឡើងហើយ ដូច្នេះវាជាតួនាទីរបស់យើងហើយដែលត្រូវតែស្វែងរក “ជនពាល” នោះឱ្យឃើញយ៉ាងឆាប់រហ័ស កុំបណ្តោយឱ្យវានៅសម្ងំពង្រីកខ្លួនក្នុងរាងកាយរបស់យើងរហូតដល់កើតបញ្ហាធំលែងអាចព្យាបាលបានឱ្យសោះ៕