ក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund បានប្រាប់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ថា រូបគេនឹងមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លិបនៅរដូវក្តៅនេះឡើយ។ ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះត្រូវបានទាក់ទងឲ្យផ្ទេរចេញពីក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga ប៉ុន្តែ Dortmund បានផ្តល់ឲ្យរូបគេនូវថ្ងៃកំណត់មួយ នៅមុនពេលរូបគេត្រូវតែចាកចេញពីក្លិបនេះ ហើយថ្ងៃកំណត់នោះ បានផុតអស់ទៅហើយ។
ក្រោយពីខ្សែប្រយុទ្ធ Aubameyang បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ដើម្បីជួយឲ្យក្រុម Dortmund ផ្តួលក្រុម AC Milan ក្នុងលទ្ធផល3-1 ក្នុងការប្រកួតមិត្តភាពដណ្តើមពាន International Champions Cup នៅទឹកដីចិន លោក Michael Zorc ប្រធានផ្នែកកីឡារបស់ Dortmund បាននិយាយកាលពីថ្ងៃអង្គារថា៖ «យើងគិតថា ទីផ្សារដោះដូរគឺត្រូវបានបិទហើយ ពេលវេលានៃការសម្រេចចិត្តបានឈានដល់ទីបញ្ចប់ហើយ»។
Aubameyang ដែលបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតលីកចំនួន31គ្រាប់សម្រាប់ការប្រកួត32លើកកាលពីរដូវកាលមុននោះ ត្រូវបានរំពឹងទុកថា នឹងផ្ទេរទៅកាន់ប្រទេសចិន ក្របខ័ណ្ឌ Premier League ឬក៏ទៅកាន់ក្លិប AC Milan ក្នុងក្របខ័ណ្ឌ Serie A ប៉ុន្តែរូបគេត្រូវបានបញ្ជាក់ប្រាប់ថា រូបគេនឹងត្រូវបន្តអាជីពរបស់គេក្នុងក្លិប Dortmund ដដែល។
ក្លិប Chelsea ត្រូវបានរំពឹងទុកថា នឹងដាក់សំណើដេញថ្លៃទិញដែរ ខណៈដែលពួកគេកំពុងសម្លឹងរកមើលខ្សែប្រយុទ្ធដើម្បីជំនួសកន្លែងរបស់ Diego Costa បើទោះបីការដាក់សំណើជាផ្លូវការមិនទាន់ត្រូវបានធ្វើឡើងទៅកាន់ក្លិប Dortmund ក៏ដោយ ហើយកីឡាករជាអាទិភាពរបស់គេនៅតែជាខ្សែប្រយុទ្ធ Alvaro Morata របស់ក្លិប Real Madrid ដដែល៕
ប្រភពពី៖ The Guardian