ត្រី “ពិរ៉ាន់យ៉ា” ល្បីឈ្មោះថា ជាត្រីដែលគ្រោះថ្នាក់បំផុតមួយប្រភេទរបស់ពិភពលោក រស់នៅរួមគ្នាជាហ្វូង និងសម្រុកចូលវាយប្រហារចំណីយ៉ាងលឿនរហ័សដោយធ្មេញដ៏មុតស្រួចរបស់វា។ អាចនិយាយបានថា ជាវិធីសម្លាប់គូសត្រូវ ឬចំណីអាហារយ៉ាងសាហាវ ក្នុងរយៈពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។
ត្រីពិរ៉ាន់យ៉ា (Piranha) មានឈ្មោះខាងវិទ្យាសាស្រ្តហៅថា Serrasalmas spp ជាត្រីទឹកសាបមួយក្រុមដែលត្រូវបានចាត់ចូលទៅក្នុងត្រកូលត្រី ស៊ើរ៉ាសាល់ម៉ាស់ (Serrasalmas) ដែលត្រីក្នុងក្រុមនេះមានទាំងអស់ 25ប្រភេទ តែមានតែ 4ប្រភេទប៉ុណ្ណោះដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វដទៃទៀត។
ត្រីពិរ៉ាន់យ៉ា ស៊ីសាច់ឆៅជាអាហារ ច្រើនតែរស់នៅរួមគ្នាជាហ្វូងខ្នាតធំ ប្រទះឃើញមានច្រើននៅក្នុងទន្លេអាម៉ាហ្សូន និងទន្លេជាច្រើនទៀតក្នុងទ្វីបអាមេរិកខាងត្បូង។ មានធ្មេញមុតស្រួចរាងត្រីកោណខ្នាតធំ ផ្នែកខាងក្បាលមានទំហំធំ មានសាច់ដុំបរិវេណថ្ពាល់រឹងមាំ សម្រាប់ប្រើខាំស៊ីសាច់របស់សត្វណាដែលធ្លាក់ចូលទៅជិតកន្លែងរស់នៅរបស់ពួកវាជាអាហារ ជាពិសេសសត្វដែលកំពុងភ្ញាក់ផ្អើល ឬស្ថិតក្នុងសភាវទន់ខ្សោយមានរបួស។ សំឡេងគ្រុងគ្រាំងរបស់ទឹកដែលខ្ទាតខ្ចាយ នឹងទាក់ទាញត្រីពិរ៉ាន់យ៉ាឱ្យចូលមកយ៉ាងឆាប់រហ័ស ដោយត្រីពិរ៉ាន់យ៉ានឹងប្រើធ្មេញដែលមុតស្រួចនោះខាំស៊ីសាច់របស់សត្វធំៗ រហូតធ្លុះទៅដល់ឆ្អឹងកងខ្នងបាន ត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ។ ភាពកាចសាហាវរបស់ត្រីពិរ៉ាន់យ៉ា ខុសប្លែកពីគ្នាទៅតាមប្រភេទនីមួយៗ តែគេជឿថា ត្រីពិរ៉ាន់យ៉ាគ្រប់ប្រភេទអាចហឹតចាប់ក្លិនឈាមនៅក្នុងទឹកបាន ដូចត្រីឆ្លាមដែរ។
ត្រីពិរ៉ាន់យ៉ាមានដងខ្លួនសំប៉ែត ពោះទូលាយ ស្រដៀងត្រីកន្រ្តប់របស់ខ្មែរយើងដែរ ប្រភេទនីមួយៗមានពណ៌អុចៗនៅលើដងខ្លួន ខុសប្លែកពីគ្នា ស្រកាបរិវេណខ្សែពោះមានរាងជាបន្លាៗ ស្រដៀងធ្មេញរណាចំនួន 24 – 31គ្រាប់ មានអាវុធសំខាន់គឺ “ធ្មេញ” ដែលមានតែមួយជួរជារាងត្រីកោណ និងមុតខ្លាំងណាស់ អាចខាំសាច់ឆៅឱ្យដាច់យ៉ាងងាយស្រួល បបូរមាត់ខាងក្រោមលយចេញមកវែងជាងបបូរមាត់ខាងលើ តែនៅពេលបិទមាត់ទៅ នឹងជិតឈឹងតែម្តង។
នៅក្នុងពេលដែលត្រីពិរ៉ាន់យ៉ាចាប់ផ្តើមបញ្ចេញអាការឃ្លាន បើគ្មានសត្វអ្វីធ្លាក់ចូលមកក្នុងបរិវេណដែលពួកវារស់នៅទេនោះ ត្រីពិរ៉ាន់យ៉ានឹងស៊ីត្រីផ្សេងទៀតជាអាហារ ដោយប្រើវិធីប្រមាញ់ចំណីដោយការស្ទុះចូលទៅខាំស៊ីយ៉ាង
រហ័ស និងចោមរោមខាំស៊ី រហូតសឹងតែគ្មាននៅសល់បំណែក ទើបពួកវាទទួលបានរហស្សនាមថា “ពេជ្ឈឃាតនៃដងទន្លេទឹកសាប” យ៉ាងណាក៏ដោយ ទោះជាល្បីឈ្មោះថា ជាត្រីដ៏សាហាវ មែនក៏ដោយ តែត្រីពិរ៉ាន់យ៉ាក៏ជាត្រីដែលប៉ឹនភ្ញាក់ផ្អើលណាស់ដែរ ដូច្នេះហើយទើបពួកវាត្រូវរស់នៅជាហ្វូងធំៗ ដើម្បីនឹងបានវាយសម្រុកទៅលើចំណី តែជាញឹកញាប់ណាស់ដែលវាក៏ក្លាយជាចំណីរបស់សត្វដែលមានទំហំធំជាង ដូចជា ត្រីរ៉ស់យក្សអាម៉ាហ្សូន ឬត្រីអៈរ៉ាផៃម៉ា ត្រីឡូម៉ាទន្លេ និងបក្សីស៊ីត្រីជាអាហារច្រើនប្រភេទទៀត រួមទាំងមនុស្សនៅក្នុងតំបន់ដែលនិយមហូបត្រីពិរ៉ាន់យ៉ាជាអាហារផងដែរ។
សម្រាប់ត្រីពិរ៉ាន់យ៉ា ប្រភេទដែលមានឈ្មោះល្បីថា កាចសាហាវខ្លាំងបំផុតនោះគឺ ត្រីពិរ៉ាន់យ៉ាក្រហម ឬពិរ៉ាន់យ៉ាពោះក្រហម ស្រកាមានខ្នាតតូចៗ មានពណ៌ក្រហមលាយផ្កាឈូក ចាំងផ្លេកៗដូចកាកពេជ្រ ទំហំខ្លួនធំពេញទំហឹងប្រមាណជា 33សង់ទីម៉ែត្រ(ជាង 3តឹក) ទម្ងន់ប្រមាណជា 3.5គីឡូក្រាម ថែមទាំងមានអាយុវែងទៀតផង ព្រោះអាចរស់នៅលើគោកដោយគ្មានត្រូវទឹកសោះបានយូរដល់ទៅ 2ម៉ោងឯណោះ៕