អ្នកនាំពាក្យក្រសួងសុខាភិបាលបានបង្ហាញពីរបៀបនៃការបង្ការការចម្លងមេរោគតាមរយៈខ្យល់ ដោយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នដើម្បីចៀសវាងការចម្លង ជំងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នេះបើតាមការធ្វើបាឋកថា ស្ដីពីចំណេះដឹង និងស្វែងយល់ពីសកម្មភាពឆ្លើយតប របស់ក្រសួងសុខាភិបាលចំពោះការវិវឌ្ឍរបស់មេរោគកូវីដ-19 កាលពីរសៀលថ្ងៃទី25 ខែកុម្ភៈ ម្សិលមិញ នៅទីស្ដីការក្រសួងសុខាភិបាល។
ឯកឧត្ដមវេជ្ជណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា៖« ការឆ្លងមេរោគធំៗ គឺមាន2 ការឆ្លងតាមខ្យល់អាកាស និងឆ្លងតាមដំណក់លម្អងតូចៗ ដូចជាការកណ្តាស់ និងក្អកជាដើម។ ឯកឧត្ដមបានបន្ដថា ជំងឺដែលឆ្លងតាមខ្យល់មានមេរោគ ដូចជាមេរោគរបេង មេរោគស្អូច កញ្ជ្រឹល អុតស្វាយជាដើម»។
ឯកឧត្ដមមានប្រសាសន៍ថា៖« មេរោគឆ្លងតាមខ្យល់នេះ ទោះបីជាពាក់ម៉ាស់យ៉ាងណា ក៏មិនអាចការពារបានដែរ គឺវាអាចច្រោះចូលតាមប្រហោង តាមម៉ាស់ធំជាង ប៉ុន្តែអាចការពារបានទាល់តែពាក់ម៉ាស់របស់ពេទ្យ ទើបបានទប់ជាប់។ ចំពោះការឆ្លងតាមដំណក់លម្អងទឹកតូចៗវិញ មានន័យថា នៅពេលដំណក់ទឹកតូចៗ ចេញពីអ្នកជំងឺដល់កន្លែងណា មេរោគដល់ទីនោះ ជាក់ស្តែង រួមមានដូចជាជំងឺខាន់ស្លាក់ ជំងឺផ្តាសាយ និងវីរុសកូរ៉ូណា(COVID-19)នេះ ជាដើម»។ ឯកឧត្ដមបានឱ្យដឹងថា៖« ពេលដំណក់ទឹកតូចៗដល់ទីណា មេរោគទៅដល់ទីនោះ ដំណក់ទឹកហ្នឹង កើតមកពីការក្អក និងកណ្តាស់។ បើតាមការសិក្សា ចំពោះកណ្តាស់ និងក្អកនេះ អាចមានចម្ងាយជិត 1ម៉ែត្រ ហើយនៅពេលក្អកកន្លែងណា ទឹកនឹងនៅទីនោះ។ អ៊ីចឹងបានគេឱ្យពាក់ម៉ាស់ ដើម្បីចៀសវាងការឆ្លង ដែលអ្នកជំងឺគួរតែពាក់ម៉ាស់ ដើម្បីទប់ស្កាត់នៅពេលកណ្តាស់ ហើយ ឆ្លងទៅគេ»។
ឯកឧត្ដមបានបញ្ជាក់ថា៖« សម្រាប់អ្នកជាវិញ មិនចាំបាច់ពាក់ម៉ាស់ទេ ប៉ុន្តែត្រូវឧស្សាហ៍ លាងដៃនឹងសាប៊ូ ព្រោះថា អ្នកជា ឧស្សាហ៍ប៉ះពាល់នឹងទីកន្លែងផ្សេងៗ ដែលជាហេតុនាំឱ្យមេរោគឆាប់ឆ្លងនៅពេលយកដៃទៅញីច្រមុះ មាត់ ឬភ្នែក»។
ឯកឧត្ដមបានថ្លែងបញ្ជាក់ទៀតថា៖« អ្នកជា ឬមនុស្សទាំងឡាយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺ ត្រូវកាត់បន្ថយការយកដៃទៅប៉ះពាល់ផ្ទៃមុខជាអតិបរមាកាន់តែល្អ ហើយយើងបង្ហាញថ្ងៃនេះមិនសម្រាប់តែមេរោគកូរ៉ូណាទេ មេរោគផ្សេងទៀតក៏ទប់ស្កាត់ការឆ្លងដែរ»។
ឯកឧត្ដមវេជ្ជបណ្ឌិត លី សូវ៉ាន់ បានលើកឡើងថា ដៃប្រៀបដូចជាវត្ថុមួយចំនួនដែលអាចចម្លងជំងឺ ឬអាចនិយាយថា ដៃបានប៉ះពាល់ទីកន្លែងជាច្រើន ដែលជាហេតុនាំឱ្យមេរោគឆាប់ឆ្លង។ ដៃយើងជាអ្នកចម្លង ហើយបណ្តាលឱ្យមានអាលាក់ហ្ស៊ី កើតលើផ្ទៃមុខ ព្រោះថា ដៃមានសារធាតុច្រើន ដូចជាមេរោគដែលអាចចម្លងបាន។
ឯកឧត្ដមបានលើកឡើងទៀតថា ក្រសួងសុខាភិបាលមិនបានបង្ខំឱ្យមានការពាក់ម៉ាស់នោះទេ ប៉ុន្តែការពាក់ម៉ាស់ គឺនៅពេលចាំបាច់ ដូចជានៅតំបន់មួយចំនួនដែលមានមនុស្សច្រើន ឬការទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យជាដើម។
សូមបញ្ជាក់ថា ឯកឧត្តម លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា(គិតម៉ោង 7យប់ ថ្ងៃទី24 ខែកុម្ភ: ឆ្នាំ2020) កម្ពុជាពុំទាន់រកឃើញ ករណីអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(Covid-19) បន្ថែមទៀតទេ តែលទ្ធភាពរកឃើញករណី អាចនឹងកើតមាន ពីព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡើយ នៅទីក្រុង Wuhan ប្រទេសចិន និងមានការឆ្លងជំងឺនេះទៅប្រទេសដទៃ។
បើទោះជាកម្ពុជា ពុំទាន់មានករណីថ្មីនៃវីរុសកូរ៉ូណាថ្មីនេះក្ដី ក៏ក្រុមឆ្លើយតបបន្ទាន់ ក៏ដូចជាក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បាននិងកំពុងឃ្លាំមើលអ្នកដំណើរចេញចូលគ្រប់ច្រកតាមព្រំដែនគោកទាំងអស់ ដូចជាប្រទេសថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយានដ្ឋានអន្តរជាតិទាំង3 គឺភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយ:ម៉ាស៊ីនស្ទង់កម្ដៅ និងពិនិត្យសុខភាព។
ឯកឧត្តម បានបន្តថា «យើងមានមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលដំណើរការទាំងថ្ងៃទាំងយប់ ធ្វើតេស្តវត្ថុវិភាគ ដែលបានផ្ញើមកពីទូទាំងប្រទេស និងយើងត្រៀមមន្ទីរពិសោធន៍ 2ទៀតក្នុងក្រសួងសុខាភិបាលដើម្បីជំនួយក្នុងការធ្វើតេស្តបន្ថែមទៀត។
គួររំឭកថា កន្លងមក កម្ពុជាមានករណីតែ 1គត់ពាក់ព័ន្ធនឹងវីរុសកូរ៉ូណា គឺបុរសជនជាតិចិនម្នាក់អាយុ 60ឆ្នាំ ដែលធ្វើដំណើរពីទីក្រុង Wuhan មកលេងខេត្តព្រះសីហនុ តែត្រូវបានព្យាបាលជាសះស្បើយ និងត្រឡប់ទៅស្រុកកំណើតវិញហើយ៕