រោងចក្រដែលជាដៃគូដំឡើង iPhone ឱ្យ Apple បានពន្យារពេលបើករោងចក្របន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ដោយសារបញ្ហាឈឺក្បាលទាក់ទងនឹងការផ្ទុះវីរុស។ យ៉ាងណាក្ដី កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានចាប់ផ្ដើមបើកដំណើរការរោងចក្រធំៗមួយចំនួននៅប្រទេសចិនរួចហើយ។
Foxconn Technology Group ដែលជារោងចក្រដំឡើងគ្រឿងអេឡិចត្រូនិកធំជាងគេក្នុងលោក កំពុងស្វែងរកវិធីលើកទឹកចិត្តឱ្យបុគ្គលិកវិលត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីការឈប់សម្រាកថ្ងៃចូលឆ្នាំចិនរយៈពេលយូរ និងមានការបិទរោងចក្រដោយសារវីរុសកូរ៉ូណាទៀតផងនោះ។
ជាក់ស្ដែងនៅរោងចក្រធំជាងគេរបស់ Foxconn ដែលមានទីតាំងនៅ Zhengzhou ខេត្ត Henan កម្មករម្នាក់ៗអាចទទួលបានប្រាក់រង្វាន់ជិត 1ពាន់ដុល្លារ ប្រសិនបើអាចបំពេញតាមតម្រូវការមួយចំនួន។ ទឹកប្រាក់នេះ គឺស្មើប្រហែល 2 ទៅ 3ដងនៃប្រាក់ខែធម្មតា ដែលនឹងបើកជូនរយៈពេល 2លើកក្នុងរយៈពេល 5ខែ។
អ្នកតំណាង Foxconn ធ្លាប់បានបញ្ជាក់ថា ការពន្យារពេល គឺប៉ះពាល់ធ្ងន់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន។ ប្រាក់រង្វាន់យ៉ាងច្រើននេះ គឺដើម្បីលើកទឹកចិត្តឱ្យកម្មករវិលត្រឡប់មកធ្វើការវិញ និងកាត់បន្ថយការខូចខាតដោយសារការពន្យារពេលការផលិត៕