ផែនទីឌីជីថលមួយឈ្មោះថា Coronamap Live ឬចុចពាក្យ https://coronamap.live/ ជាផ្ទាំងផ្សព្វផ្សាយអំពីដំណឹងនៃទីតាំងកើតឡើងនៃចំនួនអ្នកឆ្លងជំងឺ COVID-19 ត្រូវបានបង្កើតយ៉ាងរហ័ស បន្ទាប់ពីតួលេខកាន់តែកើនឡើងច្រើននៅកណ្ដាលក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារពេលនេះកូរ៉េខាងត្បូងបានក្លាយជាប្រទេសទី2 បន្ទាប់ពីចិនដែលមានការឆ្លងរាលដាលខ្លាំងបំផុត។ គិតមកត្រឹមពេលនេះ រដ្ឋាភិបាលបានប្រកាសថា មានមនុស្ស 8នាក់បានស្លាប់ដោយសារកូរ៉ូណាវីរុស ខណៈដែល 830នាក់ផ្សេងទៀតបានឆ្លងជំងឺនេះ។
ផែនទីឌីជីថលមួយនេះ មានតួនាទីអាចអាប់ឌែតបានរហ័ស 24ម៉ោង/7ថ្ងៃ។ គោលបំណងដើម្បីបង្ការកុំឱ្យឆ្លងរាលដាលដល់អ្នកដទៃទៀត ហើយវាត្រូវបានរដ្ឋាភិបាលអនុញ្ញាតឱ្យប្រើបាននៅលើឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងបាននៅដំឡើងនៅទីតាមសាធារណៈផ្សេងៗផងដែរ ដូចជា អាកាសយានដ្ឋានអន្តរជាតិ មន្ទីរពេទ្យ និងផ្សារទំនើបនានា។ វាមាន 3ពណ៌ មានសញ្ញាបង្ហាញផ្សេងគ្នា គឺក្រហម មានន័យថា ឆ្លងបាន 1ថ្ងៃហើយ។ លឿង និងបៃតង ជាសញ្ញាប្រាប់ថា មានអ្នកឈឺតិចៗ អំឡុង 8 ឬ 9ថ្ងៃហើយ។ ចំណែកភាសាមាន អង់គ្លេស ចិន និងកូរ៉េ។
លើសពីនេះក៏មានវេបសាយក្នុងស្រុកមួយ បានបង្កើតមុនរួចទៅហើយ គឺ https://wuhanvirus.kr/ ជាភាសាកូរ៉េសុទ្ធ ដែលមានតួនាទីស្រដៀងគ្នានេះដែរ ដែលស្រង់ពីទិន្នន័យពីអង្គការសុខភាពពិភពលោក (WHO)៕