ខណៈដែលគ្មានព័ត៌មានលេចឮពីតារាសម្ដែងស្រី ឌុច លីដា នាងមានគូស្នេហ៍ ឬរៀបការពីពេលណាមកសោះ ស្រាប់តែតារាស្រីរាងតូចច្រឡឹងរូបនេះ បង្ហាញមុខកូនប្រុសដែលទើបសម្រាលបាន ៤ ថ្ងៃ ពិតជាភ្ញាក់ផ្អើលខ្លាំងទាំងក្នុងនិងក្រៅចង្កោមអ្នកសិល្បៈ។ ទាំងអ្នកសិល្បៈ និងមហាជនមួយចំនួនមានការងឿងឆ្ងល់ថា មិនដែលឮថារៀបការ! ហេតុអីបានជា ឌុច លីដា សម្រាលកូនប្រុសម្នាក់បែបនេះទៅវិញ? សង្ស័យមានប្ដីលួចលាក់ទេដឹង? សង្ស័យជាកូនចិញ្ចឹមទេដឹង?
បើផ្អែកតាមសារជាច្រើនរបស់កញ្ញា ឌុច លីដា នៅឯតាមបណ្តាញសង្គមហ្វេសប៊ុក និងរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងអ្នកសិល្បៈដឹងពីជីវិតឯកជនរបស់នាង អាចឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ លីដា គឺពិតជាមានកូនមែន នាងរៀបរាប់ថា ៖«កូនគឺជាកម្លាំងចិត្ត ។ មានកូនរួច មិនអាចទៅណាបានព្រោះតែកូនដ៏គួរឲ្យស្រលាញ់នៅជាប់នឹងដើមទ្រូង »។ កញ្ញា ឌុច លីដា ក៏បានសរសេរទៀតថា៖ «ថ្ងៃហ្នឹងម៉ាក់ឲ្យអូនលេងទឹក មុខខ្លាំងជាងមុនទៀត! អរគុណដល់អ្នកទាំងអស់់គ្នាសម្រាប់ការជូនពរអូន និងម៉ាក់អូន! »។
ប្រភពដដែរបន្តថា ដំណឹងមានកូនរបស់តារាស្រីរូបនេះបានលេចឡើងកាលពីខែមករាមកម៉្លេះ ប៉ុន្តែក៏មិនមានអ្នកជឿច្រើនដែរ ប៉ុន្តែក្រោយពីបង្ហាញមុខកូន និងឈ្មោះឡេង កិត្យាមណី នោះកាន់តែធ្វើឱ្យអ្នកក្នុងចង្កោមអ្នកសិល្បៈជឿជាក់ថាជាដំណឹងពិត។ បើផ្អែកមកលើបណ្តាញសង្គមរបស់តារាស្រីរូបនេះវិញ នាងបានបញ្ចេញរូបថតជាច្រើនសន្លឹកជាមួយកូនប្រុសដ៏គួរឱ្យស្រលាញ់ ជារៀងរាល់ថ្ងៃ។ មានរូបប៉ុនា្មនសន្លឹកនោះ គេឃើញតារាស្រី ទឹម រដ្ឋា បានកាន់ត្រកងឱបទ្រកូនប្រុសរបស់នាងដោយដៃទាំងពីទាំងរៀបរាប់ថា « Happy birthday to Mommy Lida Duch អូនសុំតំណាងឱ្យmommy ហើយព្រោះ mommy អត់បានរៀបខ្លួនទាន់ ម៉ាក់អ៊ំុ Tim Rotha ទៅសាប្រាយ ហាហាហាហា….»។
ទោះជាយ៉ាងណានៅមិនទាន់លេចចេញការរិះគន់ខ្លាំងៗនៅឡើយទេជុំវិញដំណឹងមានកូនមុនរៀបការរបស់តារាស្រីរូបនេះ និងនៅមិនទាន់មានការបកស្រាយបញ្ជាក់ព័ត៌មានច្បាស់ការពី ឌុច លីដា នៅឡើយទេ៕