អ្នកដែលខ្លាចធាត់ ច្រើនតែខ្លាចអាហារដែលមានខ្លាញ់ច្រើន តែសម្រាប់កុមារតូចៗវិញ ខ្លាញ់សំខាន់ និងចាំបាច់ចំពោះរាងកាយមិនមែនធម្មតាឡើយ ជាពិសេសក្នុងអំឡុងពេលចាប់ផ្តើមដំបូងនៃជីវិតដែលរាងកាយ និងខួរក្បាលកំពុងវិវឌ្ឍនោះ។ កុមារតូចៗក្នុងអំឡុងវ័យ 2ខួបដំបូង ត្រូវការកម្លាំងថាមពល និងសារធាតុខ្លាញ់ច្រើនជាងមនុស្សធំ ដើម្បីឱ្យទាន់នឹងអត្រានៃការរីកចម្រើនធំធាត់របស់រាងកាយ និងខួរក្បាលដែលកំពុងតែស្ទុះឡើងខ្លាំង ដែលចាំបាច់កុមារត្រូវតែ ៖
1. ទទួលបានកម្លាំងថាមពលមួយចំណែកពីសារធាតុខ្លាញ់
2. ប្រើប្រាស់សារធាតុខ្លាញ់ទៅជួយថែទាំសុខភាពស្បែក
3. មានសារធាតុខ្លាញ់ជួយបឺតជ្រាបវីតាមីនដែលសំខាន់ៗ មានដូចជា A, D, E, K ចូលក្នុងរាងកាយ
4. បានទទួលសារធាតុខ្លាញ់ដែលចាំបាច់សម្រាប់យកទៅប្រើប្រាស់ក្នុងការសាង និងពង្រីកកោសិកាខួរក្បាល ដើម្បីត្រៀមទទួលការរៀនយល់ដឹង និងការវិវឌ្ឍផ្នែកផ្សេង(ចំណុចនេះសំខាន់ខ្លាំងណាស់)។ដូច្នេះដើម្បីឱ្យរាងកាយ មានការវិវឌ្ឍឡើងរួមទាំងការរៀនយល់ដឹងរបស់កូនតូចដំណើរការទៅយ៉ាងល្អនោះ យើងនាំគ្នាមកជ្រើសរើសប្រភពសារធាតុខ្លាញ់ដែលល្អ និងមានប្រយោជន៍ឱ្យកូនៗវិញប្រសើរជាង ៖
1- សារធាតុខ្លាញ់នៅក្នុងទឹកដោះម្តាយ គឺជាសារធាតុខ្លាញ់ល្អមានប្រយោជន៍មុនគេបំផុតដែលកូនតូចគួរតែបានទទួល ព្រោះមានសារធាតុអាស៊ីតខ្លាញ់ចាំបាច់ដែលជួយបង្កើនដល់ការវិវឌ្ឍរបស់ខួរក្បាល រួមទាំងសារធាតុអាស៊ីតខ្លាញ់ផ្សេងៗទៀតជាង 160ប្រភេទ ដែលទោះជានៅមិនទាន់ដឹងពីមុខនាទីការងាររបស់វាក៏ដោយ តែក៏គេទទួលស្គាល់រួចហើយដែរថា វាមានប្រយោជន៍ក្នុងការវិវឌ្ឍរបស់ខួរក្បាលកុមារយ៉ាងខ្លាំង។
2- ពេលដល់វ័យដែលកុមារអាចញ៉ាំអាហារបានដូចមនុស្សធំហើយនោះ អ្នកម្តាយត្រូវជ្រើសរើសអាហារដែលជាប្រភពនៃសារធាតុខ្លាញ់មានប្រយោជន៍ឱ្យមកទទួលតួនាទីបន្តពីទឹកដោះម្តាយ និងមិនត្រូវភ្លេចរឿងភាពសម្បូរបែបរបស់អាហារនោះឡើយ ព្រោះគ្រប់ចំណែករបស់រាងកាយត្រូវដំណើរការទៅមុខព្រមៗគ្នា។
3- សារធាតុខ្លាញ់នេះមាននៅក្នុងសាច់ត្រីសមុទ្រ ដូចជា ត្រីឆ្ពុង ត្រីប្លាធូ ត្រីតុកកែ ត្រីសាល់ម៉ុន និងត្រីធូណាជាដើម ឬសូម្បីតែត្រីទឹកសាបប្រភេទខ្លះក៏មានសារធាតុអាស៊ីតខ្លាញ់ចាំបាច់ប្រភេទនេះដែរ ដូចជា ត្រីរ៉ស់ ត្រីដំរី ត្រីប្រា – ល -រួម-ទាំងប្រេងឆាប្រភេទផ្សេងៗផងដែរ ដូចជា ប្រេងសណ្តែកលឿង ប្រេងកន្ទក់ ប្រេងគ្រាប់ផ្កាឈូករ័ត្ន និងលើកលែងតែប្រេងដូងមួយចេញ ។ សារធាតុខ្លាញ់ល្អទាំងនេះ មិនមែនមានប្រយោជន៍ចំពោះតែខួរក្បាលរបស់កូនប៉ុណ្ណោះទេ តែវានៅជួយការពារសភាវជាតិខ្លាញ់កើនលើសដែលជាបញ្ហាចម្បងរបស់កុមារសម័យនេះបានទៀតផង៕