កាលពីអំឡុងខែកញ្ញា ឆ្នាំមុននេះ អ្នកមេម៉ាយបបូរមាត់ស្រស់ Angelina Jolie បានដាក់ពាក្យលែងលះអតីតស្វាមី ក្នុងករណីដែល Brad Pitt បានប្រើអំពើហឹង្សាមកលើកូនប្រុសចិញ្ចឹម Maddox នៅលើយន្ដហោះឯកជន ព្រមទាំងទះតប់មកលើរូបនាងទៀតផង។ រហូតដល់តារាហូលីវូដស្រីរូបនេះសម្រេចចិត្តចែកផ្លូវគ្នា ហើយកូនប្រុស ស្រី 6 នាក់ទៀត ក៏ក្លាយជាកូនកំព្រាឪពុក និងក្លាយជាគ្រួសារដែលមានស្ថានភាពតានតឹងក្នុងអារម្មណ៍បំផុត។
ប៉ុន្តែមួយរយៈក្រោយមកនេះទំនាក់ទំនងរវាង Angelina Jolie ជាមួយអតីតស្វាមីរបស់នាង លោក Brad Pitt បានប្រែជាប្រសើឡើងវិញហើយ និងសង្កេតមើលទៅហាក់បីដូចជាមានសន្ដិភាពផ្លូវចិត្តនឹងគ្នាជាថ្មីម្ដងទៀតក្នុងការបើកឱកាសឱ្យអតីតស្វាមីរូបនេះបានជួបជុំសួរសុខទុក្ខកូនៗទាំង 6 នាក់របស់គេ។ យោងតាមប្រភពព័ត៌មាន Hollywood Life បានឱ្យដឹងថា លោក Brad Pitt រមែងណាត់ជួបជាមួយអ្នកនាង Angelina Jolie ជាមួយកូនៗទាំង 6 នាក់នោះនៅក្នុងហាងទំនិញមួយដែលស្ថិតនៅក្បែរផ្ទះរបស់លោក ហើយពួកគេបានអង្គុយពិភាក្សាទល់មុខគ្នាដោយលួចលាក់ និងស្ងាត់ៗទៀតផង។
នេះជាហេតុផលមួយដែលអ្នកនាង Angelina Jolie មិនអាចនាំកូនៗទៅជួបលោក Brad Pitt នៅក្នុងផ្ទះរបស់លោកបាន ដោយសារតែនាងមិនចង់ខូចចិត្ត និងមើលទៅហាក់បីដូចជានាងចង់វិលទៅរកអតីតស្វាមីម្នាក់នេះវិញផងដែរ។ ដូច្នេះហើយទើបការជួបគ្នារបស់ពួកគេម្ដងៗ ពួកគេត្រូវរកន្លែងណាមួយដែលស្ងប់ស្ងាត់ មានសុវត្ថិភាពបំផុត និងកំបាំងពីភ្នែករបស់មជ្ឈដ្ឋានមហាជន និងអ្នកសារព័ត៌មានទៀតផង៕