តាមរយៈសារព័ត៌មានកូរ៉េដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះឱ្យដឹងថា សកម្មភាពសប្បុរសធម៌របស់តារាស្រីល្បីឈ្មោះក្នុងរឿង « ចាំងគីម» គឺអ្នកនាង អុី យ៉ុងអេ តែងតែបង្ហាញឱ្យមហាជនបានឃើញ និងចាប់អារម្មណ៍ចូលរួមបេសកម្មមនុស្សធម៌ជាមួយអ្នកនាង។ ជាក់ស្ដែងថ្មីៗនេះ តារាស្រីរូបនេះ បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥០ លានវ៉ុន នៅក្នុងយុទ្ធនាការប្រឆាំងនិងទប់ស្កាត់វីរ៉ុស Covid-19 ជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ។
ទំហំទឹកប្រាក់ ៥០ លានវ៉ុននេះ អ្នកនាង អុី យ៉ុងអេ បានប្រាប់អ្នកសារព័ត៌មានកូរ៉េខាងត្បូងថា ជាការរួមចំណែកជួយសង្គ្រោះនិងឧបត្ថម្ភដល់ក្រុមគ្រួសារអ្នកជំងឺមានផ្ទុកវីរ៉ុស Covid-19 ក្នុងទីក្រុង ដេកូ ប្រទេសកូរ៉េខាងត្បូង ខណៈដែលវីរ៉ុសកាចសាហាវមួយនេះកំពុងរាតត្បាតពាសពេញទីក្រុងយ៉ាងខ្លាំងក្លា។ អ្នកនាងបានរំពឹងថា ប្រជាជននៅក្នុងទីក្រុង ដេកូ អាចនឹងតស៊ូ យកឈ្នះលើវីរ៉ុស Covid-19 នេះបានតាមរយៈការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ។
សូមជម្រាបផងដែរថា មិនត្រឹមតែបង្ហាញក្ដីបារម្ភនិងយកចិត្តទុកដាក់ចំពោះប្រជាជនកូរ៉េខាងត្បូងនោះទេ តារាស្រីវ័យ ៤៩ ឆ្នាំរូបនេះ បានបង្ហោះឃ្លីបវីដេអូខ្លីមួយនៅលើបណ្ដាញសង្គមអនឡាញន៍ ដោយផ្ញើសារជាការលើកទឹកចិត្តទៅកាន់ជនជាតិចិនទាំងអស់ ដែលកំពុងប្រឈមជាមួយវីរ៉ុសដ៏សាហាវនេះ ។ គួរបញ្ជាក់បន្ថែមថា រហូតមកទល់ព្រឹកថ្ងៃនេះ សារព័ត៌មានកូរ៉េបានអះអាងថា ចំនួនអ្នកឆ្លងវីរ៉ុស Covid-19 បានកើនឡើងដល់ ១១៤៦ ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ១១នាក់បានបាត់បង់ជីវិត៕