ខ្សែប្រយុទ្ធដ៏មានឥទ្ធិពល Neymar បានទទួលយកសំណើពីក្លិប Paris Saint-Germain ក្រោយពីក្លិបយក្សរបស់បារាំងមួយនេះបានយល់ព្រមចំណាយប្រាក់ទិញរំលាយកិច្ចសន្យាចំនួន 195លានផោន (ស្មើនឹង254លានដុល្លារអាមេរិក)។ នេះបើយោងទៅតាមប្រភពព័ត៌មាននានាក្នុងប្រទេសប្រេស៊ីល។
បណ្តាញសារព័ត៌មានប្រេស៊ីល Esporte Interativo បានចេញផ្សាយថា តារាឆ្នើមរបស់ក្លិប Barcelona រូបនេះបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗជាមួយនឹងក្លិប PSG នៅមុនពេលការផ្ទេរក្នុងតម្លៃខ្លួន195លានផោន។ PSG បានឆ្លើយតបទៅនឹងការចេញផ្សាយបែបនេះតាមរយៈការបញ្ជាក់ប្រាប់កាសែតកីឡា L’Equipe របស់បារាំងថា ពួកគេមិនមែនជាតួឯកក្នុងរឿងរ៉ាវទាក់ទងនឹង Neymar នេះទេ និងបានបញ្ជាក់ថា ការស្នើសុំតម្លៃខ្លួនដ៏ខ្ពស់នេះនៅតែមិនអាចទៅរួចឡើយ។
រឿងរ៉ាវនៃការផ្ទេរ Neymar បានផ្ទុះឡើងកាលពីថ្ងៃចន្ទ នៅពេលដែលកាសែត Sport ក្នុងទីក្រុង Barcelona បានចេញផ្សាយអត្ថបទមួយដែលបង្ហើបពីប្រភពក្នុងប្រទេសប្រេស៊ីលថា រូបគេមិនរីករាយក្នុងក្លិបនេះឡើយ ពីព្រោះរូបគេនៅតែដើរជាតួរងបន្ទាប់ពីតារាឆ្នើម Leonel Messi និង Luis Suarez។ កាសែត MailSport យល់ឃើញថា មន្ត្រីសំខាន់ៗមួយចំនួនក្នុងក្លិបនេះបានធុញទ្រាន់ទៅនឹងការលើកឡើងផ្សេងៗថា រូបគេចង់ចាកចេញពីកីឡដ្ឋាន Camp Nou ហើយ និងយល់ព្រមឲ្យចាកចេញ ប្រសិនបើក្លិបណាមួយហ៊ានឲ្យតម្លៃខ្លួន Neymar ក្នុងទឹកប្រាក់ចំនួន195លានផោន៕
ប្រភពពី៖ Daily Mail