ម៉ាស់ការពារសុខភាពបានក្លាយទៅជាគ្រឿងលម្អសម្រស់បន្ថែម នៅក្នុងព្រឹត្តិការបង្ហាញម៉ូដសម្លៀកបំពាក់ London Fashion Week 2020 ដែលត្រូវបានធ្វើឡើងនៅអង់គ្លេស ក្នុងអំឡុងអាសន្នរោគ COVID-19 កំពុងរាតត្បាតពាសពេញពិភពលោក។
សារព័ត៌មាន New York Post បានចុះផ្សាយថា “គ្រឿងលម្អបន្ថែមដែល បំផុតក្នុងព្រឹត្តិការបង្ហាញម៉ូដនៅឯទីក្រុងឡុងដ៍ មិនមែនជាកាបូបដ៏ស្រស់ស្អាតនោះទេ ប៉ុន្តែវាជាម៉ាស់ដ៏ប្រណិត ដែលស្ថិតក្នុងស្ថានភាពវឹកវរដោយសារអាសន្នរោគកូរ៉ូណា”។ ក្រុមអ្នករចនាម៉ូដ បានបន្ថែមរូបភាពខ្លះៗដែលបង្ហាញអំពីលក្ខណៈពិសេសដោយឡែករបស់វា។
ម៉ាស់បិទច្រមុះ និងមាត់ ដើមឡើយត្រូវបានគេប្រើប្រាស់ដើម្បីការពារសុខភាពពីការឆ្លងមេរោគ និងផ្សែងធូលី។ ថ្មីៗនេះ ម៉ាស់បានក្លាយជារបស់សំខាន់ពេលដែលប្រទេសជាច្រើនត្រូវប្រឈមនឹងបញ្ហាផ្សែងដែលកើតឡើងដោយសារភ្លើងឆេះព្រៃ ផ្សែងពុលក្នុងទីក្រុងដែលបង្កឡើងដោយរថយន្ត និងរោងចក្រជាដើម ហើយបច្ចុប្បន្ន វាក៏ក្លាយជាសម្ភារដែលមិនអាចខ្វះបាននៅពេលអាសន្នរោគកូរ៉ូណាបានកើតឡើង និងកំពុងរាតត្បាតពិភពលោក។ ប៉ុន្តែ មិនមែនត្រឹមតែវិស័យសុខាភិបាលប៉ុណ្ណោះទេ តែម៉ាស់ក៏បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម ឬនៅលើឆាកតន្ត្រី និងឆាកបង្ហាញម៉ូដសម្លៀកបំពាក់ជាដើម ហើយវាក៏បានក្លាយជាគ្រឿងលម្អមួយផងដែរ។
Nina Greffee ប្រធានក្រុមហ៊ុនផលិតម៉ាស់់ Cambredge Mask បានប្រាប់សារព័ត៌មាន The Guardian ថា “នៅពេលការពាក់ម៉ាស់បានក្លាយជារឿងប្រចាំថ្ងៃ វាជាការប្រសើរបើសិនគេធ្វើឱ្យវាស៊ីគ្នាជាមួយនឹងខោអាវ”។
ច្រើនឆ្នាំកន្លងមក មានក្រុមហ៊ុនផលិតម៉ាស់ល្បីៗជាច្រើន បានដាក់លក់ម៉ាស់ដ៏ស្រស់ស្អាត ទាន់សម័យ ថែមទាំងអាចការពារសុខភាព។ ចាប់ពីឆ្នាំ2011 ក្រុមហ៊ុនផលិតម៉ាស់ជាច្រើនបានបង្ហាញខ្លួន មានដូចជា ក្រុមហ៊ុន P-Pur, Cambridge Mask, Vogmask, Respro និង Airpop ជាដើម ដែលធ្វើឡើងទៅតាមតម្រូវការសុខាភិបាល និងសោភ័ណភាព។
ក្រុមហ៊ុន Vogmask ដែលមានការិយាល័យកណ្ដាលនៅអាមេរិក បានសហការជាមួយក្រុមហ៊ុនរចនាម៉ូដ Manish Arora ផលិតម៉ាស់មានរូបភាពដ៏ស្រស់ស្អាត និងដាក់លក់នៅក្នុងទីផ្សារឥណ្ឌា ដែលជាប្រទេសមានផ្សែងពុលធ្ងន់ធ្ងរកាលពីឆ្នាំ2016។ ក្រុមហ៊ុនស៊ុយអែត Airinum ក៏បានសហការជាមួយក្រុមហ៊ុនច្នៃម៉ូដអ៊ីតាលី Nemen កាលពីឆ្នាំ2019។ នៅឯប្រទេសចិនវិញ ក្រុមហ៊ុន Airpop បានបង្កើតផលិតផលម៉ាស់ដែលសមស្របជាមួយនឹងទម្រង់មុខរបស់ប្រជាជនអាស៊ី។ Rose Eveleth បានសរសេរនៅលើទំព័រ Vox ថា៖ “បច្ចុប្បន្ន ផលិតផលម៉ាស់របស់ Airpop កំពុងត្រូវបានដាក់លក់នៅទូទាំងប្រទេសចិន ក្នុងតម្លៃ50ដុល្លារអាមេរិក។ ម៉ាស់ទាំងនោះមានពណ៌ផ្សេងៗគ្នា ដែលប្រកបដោយភាពស្រស់ស្អាត”។
ទន្ទឹមនឹងបណ្ដាក្រុមហ៊ុន រោងចក្រផលិតលក្ខណឯករាជ ក៏មានក្រុមហ៊ុនល្បីៗជាច្រើនបានចាប់អារម្មណ៍ដល់គ្រឿងការពារសុខភាពមួយនេះដែរ។ ក្រុមហ៊ុន Yoonx របស់អ៊ីតាលី បានសហការជាមួយក្រុមហ៊ុនច្នៃម៉ូដជាច្រើននៅប្រទេសចិន មានដូចជា Qiu Hao, Xander Zhou និងក្រុមហ៊ុនច្នៃម៉ូដ Sankuanz ហើយបានផលិត និងបង្ហាញម៉ូដម៉ាស់ប្រណិតៗ និងតម្លៃខ្ពស់ដែលមានឈ្មោះថា Yooxygen នៅក្នុងព្រឹត្តិការ Beijing Design Week កាលពីឆ្នាំ2014។ ក្រុមហ៊ុន Gucci ក៏មានផលិតផលម៉ាស់ដែលមានរចនារូបរាងប្លែកភ្នែក។ អ្នករចនាម៉ូដ Marine Serre ក៏បានសហការជាមួយក្រុមហ៊ុន R-Pur ដើម្បីផលិតម៉ាស់ការពារធូលី ហើយបានបង្ហាញម៉ូដរបស់វានៅក្នុងព្រឹត្តិការ Paris Fashion Week 2020។ នៅក្នុងខែមករាកន្លងទៅ ក្រុមហ៊ុន Damur ក៏បានឧទ្ទេសនាមម៉ាស់ដ៏ស្រស់ស្អាត និងអាចការពារសុខភាពបានយ៉ាងល្អ នៅក្នុងព្រឹត្តិការបង្ហាញម៉ូដ Berlin Fashion Week ផងដែរ។
ក្រៅពីនេះ នៅមានយីហោ ក្រុមហ៊ុន និងក្រុមអ្នករចនាម៉ូដសម្លៀកបំពាក់ល្បីៗជាច្រើនផ្សេងទៀត ក៏បានច្នៃម៉ូដ ផលិត និងដាក់លក់ម៉ាស់របស់ខ្លួន នៅក្នុងទីផ្សារពិភពលោក មានដូជជា Off-white ជាដើម។
មិនត្រឹមតែក្រុមហ៊ុនផលិតម៉ាស់នោះទេដែលយកម៉ាស់មកធ្វើជារបស់សម្រាប់កើបលុយ ប៉ុន្តែ ម៉ាស់ក៏ត្រូវបានតារាល្បីៗជាច្រើន យកមកធ្វើជាលក្ខណៈពិសេសរបស់ខ្លួននៅលើឆាកតន្ត្រី ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក្នុងនោះមានក្រុមតារាចម្រៀង BTS នៅកូរ៉េខាងត្បូង តារាចម្រៀងរ៉ែប Future និងកូនស្រី Londyn Wilburn (ពាក់ម៉ាស់ក្នុងព្រឹត្តិការប្រគល់ពាន់រង្វាន់ BET 2017) តារាភាពយន្ត Nick Cannon (នៅក្នុងព្រឹត្តិការ MTV Award 2019) និង តារាចម្រៀងអាមេរិកាំង នាង Kesha (នៅ MusicCares) ឬតារាចម្រៀង Billie Eilish ។ល។
ប្រភព៖ សារព័ត៌មានបរទេស