ដោយសារការបំពុលកាន់តែច្រើននៅក្នុងចំណីអាហារដែលយើងទទួលទាន និងខ្យល់បរិយាកាសដែលអ្នកដកដង្ហើម អ្នកចាំបាច់ត្រូវតែការពារខ្លួនអ្នកពីជំងឺមហារីក។ ជំងឺមហារីកសួត ជំងឺមហារីកពោះវៀនធំ ជំងឺមហារីកក្រពេញប្រូស្ដាត ជំងឺមហារីកសុដន់ និងជំងឺមហារីកមាត់ស្បូន កំពុងកើតមានកាន់តែច្រើនឡើងៗពីឆ្នាំទៅមួយឆ្នាំ។
ទង្វើធ្វេសប្រហែលព្រងើយកន្ដើយជាមួយការត្រួតពិនិត្យសុខភាព គឺមានគ្រោះថ្នាក់ខ្លាំង តែប្រសិនបើអ្នកបានពិនិត្យឃើញឆាប់រហ័សគ្រប់គ្រាន់ ជំងឺទាំងនេះអាចព្យាបាលឱ្យជាសះស្បើយបានវិញ។ ជំងឺមហារីកដែលត្រូវបានពិនិត្យឃើញយឺតពេលជាញឹកញាប់ មិនអាចព្យាបាលបានឡើយ ឬអាចទាមទារការព្យាបាលដោយគីមី និងការវះកាត់ធំ ដែលមានការឈឺចាប់ និងការចំណាយខ្ពស់។
នៅពេលដែលអ្នកមានអាយុកាន់តែច្រើន អ្នកចាប់ផ្ដើមមានជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងជាតិកូឡេស្ដេរ៉ូលខ្ពស់ ដែលប្រសិនបើទុកចោលមិនព្យាបាលនឹងបណ្ដាលឱ្យខូចផ្នែកផ្សេងទៀតជាច្រើននៃរាងកាយរបស់អ្នក។ ឧទាហរណ៍ ជំងឺទឹកនោមផ្អែមអាចបណ្ដាលឱ្យពិការភ្នែក ខូចតម្រងនោម គាំងបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល ស្ពឹកដៃជើង និងឆ្លងរោគជាដើម។
អ្នកអាចចាប់ផ្ដើមថែទាំសុខភាពរបស់អ្នកបានតាមរយៈការយកចិត្តទុកដាក់ ការកែប្រែរបៀបដែលអ្នករស់នៅ និងការទទួលទានអាហារ។ តួយ៉ាងហានិភ័យនៃការកើតជំងឺបេះដូង ក៏ដូចជាជំងឺផ្សេងទៀតជាច្រើន អាចត្រូវបានកាត់បន្ថយតាមរយៈការទទួលទានអាហារត្រឹមត្រូវ បន្ថែមលើការហាត់ប្រាណគ្រប់គ្រាន់។ ត្រូវទទួលទានបន្លែ ផ្លែឈើ និងត្រី ឱ្យបានច្រើនជាងមុន។ ចៀសវាងការទទួលទានសាច់ក្រហម អាហារខ្លាញ់ និងអាហារចៀន បំពង។ ត្រូវកាត់បន្ថយទម្លាប់ជក់បារីរបស់អ្នក។ ជំហានទាំងនេះ ក៏នឹងជួយអ្នកក្នុងការកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកផងដែរ។
ពិនិត្យសុខភាពដើម្បីអ្វី?
រាងកាយមនុស្សម្នាក់ៗប្រៀបដូចជារថយន្តដែលចាំបាច់ត្រូវពិនិត្យពិច័យ ថែរក្សា និងកែតម្រូវឱ្យទាន់ពេលវេលាមុននឹងជំងឺរាតត្បាត ឬធ្ងន់ធ្ងរ ដូច្នេះការពិនិត្យសុខភាពជារឿងសំខាន់ដែលអាចធ្វើឱ្យអ្នក៖
1. ដឹងពីស្ថានភាពសុខភាពរបស់ខ្លួនឯង ថាតើខ្លួនឯងមានសភាពលក្ខណៈធម្មតា ឬខ្វះខាតនូវជីវជាតិ ឬមានឱកាសកើតជំងឺផ្សេងៗ បើធៀបទៅនឹងភេទ អាយុវ័យ និងអាជីព។
2. ជាការថែរក្សាសុខភាពដោយវិធីការពារជាមុន ដឹងលឿនព្យាបាលទាន់ពេល ឬការពារទុកជាមុន អាចជួយកាត់បន្ថយការបាត់បង់មនុស្សជាទីស្រឡាញ់ ការប៉ះទង្គិចសុខភាពផ្លូវចិត្ត ការខាតបង់ពេលវេលា និងទ្រព្យធន។
3. ជាដំណើរនៃការធ្វើឱ្យជីវិតប្រសើរឡើងផ្នែកសុខភាព ថាតើត្រូវបំពេញ និងកាត់បន្ថយអ្វីខ្លះ ដើម្បីឱ្យមានតុល្យភាព និងមានសុខភាពល្អ មានអាយុវែង កាត់បន្ថយបញ្ហាក្នុងក្រុមគ្រួសារ បញ្ហាសេដ្ឋកិច្ច និងជីវភាពគ្រួសារ ទាំងខ្លួនឯង និងគ្រួសារផងដែរ។
ការណែនាំដើម្បីភាពងាយស្រួលមុនពេលពិនិត្យសុខភាព
របៀបគួរដឹង និងត្រៀមខ្លួនមុនពិនិត្យ៖
1. មិនត្រូវបរិភោគទឹក អាហារ និងភេសជ្ជៈគ្រប់ប្រភេទ មុនទទួលការពិនិត្យសុខភាពយ៉ាងតិច 8-10 ម៉ោង។
2. សូមពន្យារការទទួលទានថ្នាំនៅពេលព្រឹករបស់អ្នក រហូតដល់ការបូមឈាមត្រូវបានបពា្ចប់រួចរាល់។
3. មុននឹងទទួលការថតអេកូសាស្ដ្រពិនិត្យ អ្នកចាំបាច់ត្រូវទទួលទានទឹកបីទៅបួនកែវជាមុនសិន។ ចូរកុំបត់ជើងតូចសម្រាប់រយៈពេលប្រហែលមួយម៉ោងមុនពេលថត។
4. សូមកុំលាបឡេបំបាត់ក្លិន ទឹកអប់ ម្សៅ ឬក្រែម នៅក្រោមដៃ ឬទ្រូងរបស់អ្នក ព្រោះវាអាចប៉ះពាល់ទៅដល់គុណភាព នៃការថតឆ្លុះមើលសុដន់។
5. ប្រសិនបើលោកអ្នកត្រូវការធ្វើតេស្ដដោយរត់លើម៉ាស៊ីន សូមយកតាមខ្លួននូវសម្លៀកបំពាក់ និងស្បែកជើងសម្រាប់ផ្លាស់៕