ក្រោមពាក្យស្លោក « ខ្ញុំគាំទ្រភាពយន្ដខ្មែរ » បានធ្វើឱ្យភាពយន្ដខ្មែរខ្នាតធំរឿង « អន្ទាក់ស្នេហ៍ » ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជន លក់សំបុត្របានពេញៗរោង។
ទើបតែដាក់បញ្ចាំងបានរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ភាពយន្ដខ្មែរមួយនេះ ហាក់មានសន្ទុះខ្លាំង ស្របពេលដែលភាពយន្ដបរទេសល្បីៗកំពុងតែដាក់បញ្ចាំងទន្ទឹមថ្ងៃគ្នា។ រឿង « អន្ទាក់ស្នេហ៍ » ត្រូវបានអ្នកគាំទ្រជាច្រើនលើកសរសើរថា ប្លង់ទេសភាពស្រស់ស្អាត ជារឿងមនោសញ្ចេតនាទេ តែហួសពីការរំពឹងទុក ពោលគឺ ផ្ទុះសំណើចតាំងពីដើមរឿងរហូតដល់ចប់ បើទោះបីជាយើងមកមើលរឿងច្រើនដងក្ដី។ មានអ្នកខ្លះទៀតលើកសរសើរពីតារាសម្ដែង ជីវ័ន្ដ ដែលជាតួអង្គថ្លុកនៅក្នុងរឿងនេះទាំងមូល។
ក្រោយពីទទួលបានស្ដាប់ចំណាប់អារម្មណ៍របស់អ្នកគាំទ្រភាពយន្ដខ្មែររួចមក យុវជន ព្រីកា តំណាងផលិតកម្ម Space Sp Production ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកាទិញសំបុត្រ ដើម្បីគាំទ្រភាពយន្ដខ្មែរ។ សូមជម្រាបថា លោក ព្រីកា គឺផលិតករដឹកនាំផលិតរឿងមួយនេះ ហើយលោកក៏ជាអតីតក្មេងរើសសំរាមនៅតំបន់ស្ទឹងមានជ័យ តែលោកត្រូវបានលោក Scott ទទួលយកមកចិញ្ចឹមជាកូនធម៌ហើយបានបណ្ដុះបណ្ដាលរហូតទទួលបានសមិទ្ធផលជាច្រើន ចំណែកឯភាពយន្តរឿង «អន្ទាក់ស្នេហ៍» នេះដែរ លោកក៏អ្នកគ្រប់គ្រងការផលិតក្នុងរឿងទាំងស្រុងផងដែរ។
ជាការពិតណាស់ នៅរាត្រីថ្ងៃទី ២៣ ខែកុម្ភៈនេះ តារាសម្ដែងក្នុងរឿង អន្ទាក់ស្នេហ៍ ក៏បានបង្កភាពភ្ញាក់ដល់ទស្សនិកជនផងដែរ រួមមានលោក ជីវ័ន្ដ និងលោក សន ពិសិដ្ឋ ព្រមទាំងតារាសម្ដែង និងផលិតករជាច្រើនទៀត បានស្កាត់អ្នកគាំទ្រថតរូបភាពអនុសាវរីយ៍រួមគ្នា នៅក្នុងរោងកុន។ សូមទស្សនាសកម្មភាពទាំងស្រុងខាងក្រោមនេះ៖