ភ្នំពេញៈ ដំណាច់ឆមាសទី1 ឆ្នាំនេះ ការផ្តល់ឥណទានពីសំណាក់ធនាគារធំជាងគេទី1នៅកម្ពុជាបានស្ថិតក្នុងសភាពទ្រឹង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ីបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី18 កក្កដានេះថា ការផ្តល់ឥណទានរបស់អេស៊ីលីដាឆ្នាំនេះមានកំណើនទាបជាង1ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទំហំទឹកប្រាក់បានកើនពី2,771ដល់2,793លានដុល្លារអាមេរិកប៉ុណ្ណោះ គឺស្មើនឹងកំណើន0.79ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបន្តថា ទោះជាយ៉ាងណាការទទួលប្រាក់បញ្ញើមានកំណើនល្អប្រសើរ ដោយទំហំប្រាក់បញ្ញើបានកើនពី3,051លានដុល្លារ ដល់3,253លានដុល្លារអាមេរិក កើនឡើង202លានដុល្លារ ស្មើនឹងកំណើន6.6ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបន្តថា “ការផ្តល់ឥណទានមិនសូវមានភាពលូតលាស់ ដោយសារបញ្ហាកសិផលរបស់ប្រជាកសិករមានបញ្ហានៅឆ្នាំនេះ ទើបពួកគេមិនសម្រេចចិត្តខ្ចីប្រាក់ ហើយអ្នកមានប្រាក់នៅសល់បានយកប្រាក់មកទុកនៅធនាគារ ដោយសារការវិនិយោគមិនមានផលចំណេញ”។ លោកបន្តថា “ទោះជាយ៉ាងណាវិស័យដទៃទៀតក្រៅពីកសិកម្ម មិនមានបញ្ហាអ្វីនោះទេ នៅតែដំណើរការល្អជាធម្មតា”។
លោក អ៊ិន ចាន់នី បានបន្តថា ចំណែកឥណទានចំណាយទូទៅ(ដូចជាឥណទានទិញរបស់របរប្រើប្រាស់) ក៏មានសភាពទ្រឹងផងដែរ ដោយរយៈពេល6ខែឆ្នាំនេះ ការផ្តល់ឥណទានលើផ្នែកនេះមានទំហំទឹកប្រាក់58លានដុល្លារ ខណៈដំណាច់ឆ្នាំមុនទំហំឥណទានផ្នែកនេះ មានទំហំទឹកប្រាក់63លានដុល្លារអាមេរិក។ លោកបន្តថា លោករំពឹងថា ឥណទានទូទៅឆ្នាំនេះនឹងមានប្រហាក់ប្រហែលឆ្នាំមុន បើគិតរហូតដល់ដំណាច់ឆ្នាំ។
លោកបន្តថា “ការផ្តល់ឥណទានបែបនេះ មានបញ្ហាល្អ និងមិនសូវល្អសម្រាប់អតិថិជន ប្រសិនជាពួកគេទិញអ្វីមួយដើម្បីបង្កើនចំណូលជាការល្អ ប៉ុន្តែប្រសិនជាខ្ចីយកទៅទិញរបស់ប្រើប្រាស់ធម្មតាវិញ នឹងមិនបង្កើនចំណូលនោះទេ”។
ទោះជាយ៉ាងណាលោក ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមធនាគារកម្ពុជាបានថ្លែងថា ការផ្តល់ឥណទានពីធនាគារនានានៅតែមានភាពល្អប្រសើរ ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ អ្នកវិនិយោគបរទេសដែលមកវិនិយោគនៅកម្ពុជា ទទួលបានជោគជ័យ ដែលធ្វើឲ្យទីផ្សារក្នុងវិស័យនេះបន្តមានភាពរីកចម្រើន៕