បើតាមការបង្ហើបរបស់លោក អុិន សុភិន ជាចាងហ្វាងផលិតកម្មមហាហង្សបានឱ្យដឹងថា សព្វថ្ងៃលោកមានក្រុមហ៊ុនធំៗចំនួន ៧ នៅក្នុងដៃ រួមទាំងផលិតកម្មភាពយន្ដដ៏ធំមួយនេះផងដែរ ដែលជាផ្នែកមួយជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលោក។ ដោយឡែកថ្មីៗនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ លោក និងកូនស្រីលោក គឺកញ្ញា ភិន សុដាលីស បានចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិកធំមួយ ទាំងប្រកាសតំណែងកូនឲជាប្រធានទីផ្សារយ៉ាងកាលីបថែមទៀត។ នៅក្នុងពិធីកាត់ខ្សែបូរប្រកាសក្រុមហ៊ុនថ្មីនិងប្រកាសតំណែងថ្មី នៅក្នុងថ្ងៃនោះ ក៏មានវត្តមានសិល្បករ និងក្រុមកីឡាករបាល់ទាត់ស្នូលរបស់ក្រុមមហាហង្សចូលរួមផងដែរ។
ជួបសម្ភាសន៍ជាមួយសារព័ត៌មានឡារ៉ែន លោក អុិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា លោកមានក្រុមហ៊ុនដឹកជញ្ជូនបញ្ញើឈ្មោះ Linex Neutral Express Solution ដែលទទួលសេវាដាក់បញ្ញើទៅក្រៅប្រទេសជាយូរមកហើយ ហើយបណ្ដាលមកពីក្រុុមហ៊ុននេះទទួលជោគជ័យ ទើបក្រុមហ៊ុន Kango Express ដែលជាក្រុមហ៊ុនកុម្មង់ទំនិញដោយផ្ទាល់នៅក្នុងសហរដ្ឋអាមេរិកប្រកាសចាប់ដៃ ដោយផ្ដល់សិទ្ធិឱ្យលោកបង្កើតក្រុមហ៊ុនមួយឈ្មោះ Kango Express Cambodia ជាតំណាងនៅកម្ពុជា។ លោកថាក្រុមហ៊ុនដែលលោកទើបទទួល នឹងមានសិទ្ធិកុម្ម៉ង់គ្រប់មុខទំនិញទាំងអស់ពីសហរដ្ឋអាមេរិក ក្នុងតម្លៃមិនចាំបាច់បង់ពន្ធ ដោយភាគីខាងអាមេរិក គឺជាចាត់ចែង និង វិចខ្ចប់របស់ដែលមានគុណភាព និងដូចរូបភាពបង្ហោះលក់ មកកាន់ក្រុមហ៊ុនរបស់លោក។ លោកថាតាមរយៈកិច្ចព្រមព្រៀង មិនថាទំនិញអ្វី ផលិតផលអ្វី គឺសូម្បីតែរថយន្ត អោយតែបងប្អូនចង់ទិញដោយផ្ទាល់នៅអាមេរិក គឺអាចកុម្ម៉ង់ទិញតាមរយៈក្រុមហ៊ុន Kango Express Cambodia របស់លោកបាន ដោយរាល់ទំនិញទាំងអស់ គឺនៅលើអនឡាញអាមេរិកប្រកាសលក់តម្លៃណា ទិញបានតម្លៃនឹង អត់ចាំបាច់បង់ពន្ធបន្ថែមដូចនៅទីផ្សារអាមេរិកនោះទេ ដោយសារតែកិច្ចសហការ។
លោកបន្ដថាទំនិញដែលមានលក់ជាសាធារណៈនៅក្នុងទីផ្សារអាមេរិក គឺអាចកុម្ម៉ង់ទិញបានទាំងអស់ លើកលែងទឹកអប់ដែលរយន្តហោះមិនអាចដឹកមកច្រើន និងលើកលែងអាវុធ ឬ ផលិតផលខ្លះដែលហាមឃាត់។ ក្នុងនោះការធានាលើការយឺតយ៉ាវ ការបាត់បង់ ឬ ភាពមិនច្បាស់លាស់ ក៏លែងកើតមានទៀតហើយ ដោយសារមានក្រុមហ៊ុនលោកជាតំណាងនៅកម្ពុជាទទួលខុសត្រូវ។ លោកថាខ្លួនត្រូវបានដៃគូសហរដ្ឋអាមេរិក ផ្ដល់តំណាងឱ្យក្លាយជាអគ្គនាយក ហើយកូនស្រីរបស់លោក គឺ ភិន សុដាលីស គឺជាប្រធានទីផ្សារធំប្រចាំក្រុមហ៊ុន។ លោកថាជំហានជោគជ័យកើតមានរួចទៅហើយ ដោយសារតែមុនប្រកាសកាត់ខ្សែបូរដែលបានធ្វើឡើងនេះ គឺក្រុមហ៊ុនរបស់លោកក៏បានដំណើរសាកល្បងបាន៦ខែដែរ ហើយឃើញថាមានតម្រូវការកុម្ម៉ង់ច្រើន ដោយសារតែសេវានេះពេញនិយម ហើយមិនភ័យរឿងខាតបង់ ឬ បានរបស់មិនដូចក្នុងរូប ឬ របស់កន្លែងក្លាយ។
អ្នកនាង ភិន សុដាលីស បានអះអាងថា តួនាទីដែលអ្នកនាងទើបទទួល គឺត្រូវចំណូលចិត្តមួយ ដោយសារតែផ្នែកគ្រប់គ្រង និងផ្នែកពង្រីកទីផ្សារ អ្នកនាងមានបទពិសោធន៍តាំងពីលក់រោមភ្នែកធម្មតាៗ នៅតាមហ្វេសប៊ុកដំបូងៗ។ អ្នកនាងនឹងមាននាទីឡើងចុះអាមេរិកញឹកញាប់ ប៉ុន្តែមិនចោលការសម្ដែងនោះទេ គឺអ្នកនាងនៅតែទទួលនៅពេលមានរឿងត្រូវសម្ដែង ដែលទម្លាក់ដោយផលិតកម្មមហាហង្ស។ លោក អុិន សុភិន ក៏ប្រកាសជំហរមិនកាត់បន្ថយការផលិតភាពយន្តក្នុងមួយឆ្នាំយ៉ាងតិច៤រឿង តាមផែនការដែលធ្លាប់បានធ្វើនោះផងដែរ៕