យោងតាមសារព័ត៌មានបរទេសឱ្យដឹងថា ប៉ារ៉ាសិត ( Parasite ) បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយកាលពីដើមខែនេះ ដោយក្លាយជាខ្សែភាពយន្តភាសាបរទេសដំបូងគេដែលទទួលបានពានរង្វាន់ «រូបភាពល្អបំផុត (Best Picture) » ក្នុងកម្មវិធី Academy Awards 2020។ ខ្សែភាពយន្តនេះទទួលបានពានរង្វាន់អូស្ការចំនួន ៤ រួមមាន Best International feature film, Best original screenplay, Best directing, និងពានចុងក្រោយគេបង្អស់គឺ Best Picture នេះឯង។ ជាមួយគ្នានោះដែរ អ្នកគាំទ្រទូទាំងពិភពលោកភាគច្រើនបានកោតសរសើរពីខ្សែភាពយន្តនិងអ្នកដឹកនាំរឿងគឺលោក Bong Joon Ho ដែលមានស្នាដៃឆ្នើមដណ្ដើមបានពានរង្វាន់ច្រើនបំផុត។
ស្របពេលដែលភាពយន្ដល្បីរន្ទឺនេះទទួលបានការកោតសរសេរច្រើន ស្រាប់តែប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ ចេញសម្ដីរិះគន់ចំពោះ អូស្ការ ដែលបានប្រគល់ពានដល់ភាពយន្ដរបស់កូរ៉េខាងត្បូង ។ លោកបាននិយាយថា « និយាយអ៊ីចឹង..តើពានរង្វាន់ Academy Awardsឆ្នាំនេះអាក្រក់ប៉ុណ្ណាទៅ ? អ្នកទទួលពានគឺភាពយន្ដរបស់កូរ៉េខាងត្បូង ? តើជាស្អីទៅ? យើងមានបញ្ហាគ្រប់គ្រាន់ជាមួយប្រទេសកូរ៉េខាងត្បូងពាក់ព័ន្ធពាណិជ្ជកម្ម តើភាពយន្តដែលល្អបំផុតប្រចាំឆ្នាំទៅកាន់ពួកគេ? តើវាល្អទេ? ខ្ញុំមិនយល់? អ្នកដឹងទេ? ខ្ញុំកំពុងស្វែងរកចំនួនអ្នកចូលចិត្ត (Like) ដូចជាការបោះឆ្នោតរឿង Gone With the Wind ដែលអាចឱ្យចំនួន Like។ តើអាចធ្វើបានទេ? រឿង Sunset Boulevard និងមានរឿងជាច្រើនទៀត ។ តែចុងក្រោយប្រកាស the winner is កូរ៉េខាងត្បូង។ ខ្ញុំបានគិតថា វាជាភាពយន្ដបរទេសល្អបំផុត Best foreign movie។ តែទេ..តើមិនធ្លាប់មានពីមុនមកឬយ៉ាងណា? »។
សូមជម្រាបថា ភាពយន្ដ ប៉ារ៉ាសិត ឬ Parasite ក៏កំពុងរងការរិះគន់ថាចម្លងស្នាដៃពីភាពយន្ដឥណ្ឌរឿង «Minsara Kanna» ដោយចោទប្រកាន់ថា កូរ៉េខាងត្បូងថារំលោភកម្មសិទ្ធិបញ្ញា។ ផលិតករឥណ្ឌាលោក P.L Thenappan ជាអ្នកផលិតរឿង «Minsara Kanna» ក៏បានអះអាងថា «ខ្ញុំបានទស្សនារឿង Parasite របស់កូរ៉េខាងត្បូង ហើយខ្ញុំមានអារម្មណ៍ថា ពួកគេបានលួចចម្លងខ្សែភាពយន្ត Minasara Kanna។ ខ្ញុំក៏បាននិយាយជាមួយមេធាវីអន្តរជាតិ ហើយពិចារណាពីការដាក់ពាក្យបណ្តឹង ប្រឆាំងនឹងអ្នកផលិតរឿង Parasite ឆាប់ៗនេះ»។ តែយ៉ាងណាមិញផលិតករឥណ្ឌារូបនេះ មិនបានបញ្ជាក់ទេ ថារឿង Parasite បានរំលោភកម្មសិទ្ធិបញ្ញាត្រង់ចំណុចណាខ្លះនោះទេ។
រហូតមកទល់ពេល គេនៅមិនទាន់ឃើញមានការបកស្រាយរបស់អ្នកដឹកនាំរឿងលោក Bong Joon Ho នៅឡើយទេ។ ឆ្លើយតបនឹងបញ្ហានេះ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនផលិតរឿង «Parasite» CJ Entertainment បានផ្តល់បទសម្ភាសន៍ជាមួយកាសែត Maeil Business Newspaper’s Star Today ដោយលើកឡើងថា «ពួកយើងមិនមានការយល់ដឹងច្រើន ពីកម្មសិទ្ធិបញ្ញារបស់ភាពយន្តក្នុងប្រទេសឥណ្ឌាទេ។ មកទល់នឹងពេលនេះពួកយើងមិនទាន់ទទួលបានព័ត៌មានណាមួយជុំវិញបញ្ហានេះនៅឡើយទេ»៕