គូស្នេហ៍ហូលីវូដដែលមានអារម្មណ៍សប្បាយរីករាយជាងគេគឺ Chrissy Teigen និងស្វាមីរបស់នាង លោក John Legend ព្រមទាំងកូនស្រីបាននាំគ្នាទៅសម្រាកលម្ហែកាយនារដូវវស្សានេះនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីកម្តៅសាច់នៅក្រោមពន្លឺព្រះអាទិត្យ ជាពិសេសសម្រាកលម្ហែជាមួយធម្មជាតិដ៏ស្រស់ស្អាតនៅលើកោះ ព្រមទាំងតុបតែងកាយក្នុងឈុតសម្លៀកបំពាក់ព្រះអង្គម្ចាស់ និងព្រះអង្គម្ចាស់ក្សត្រិយជាឈុតប្រចាំជាតិរបស់បាលីទៀតផង។
ពីរថ្ងៃកន្លងទៅនេះ តារាម៉ូដែលស្រីរូបនេះបានបង្ហោះរូបភាពបង្ហាញម៉ូដជាមួយស្វាមីដោយស្លៀកឈុតប្រចាំជាតិរបស់បាលីនៅលើបណ្ដាញទំនាក់ទំនងអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាងដែលមើលទៅប្រកបដោយការតុបតែងគ្រឿងអលង្ការយ៉ាងច្រើនគ្រប់គ្រឿងគួរជាទីចាប់អារម្មណ៍ និងស្រស់ស្អាតបំផុត អមដោយទេសភាពធម្មជាតិពណ៌បៃតងជា Backgroud ខាងក្រោយទៀតផងនោះ កាន់តែលើកសម្រស់អ្នកពីរបន្ថែមទៀត។ Chrissy Teigen បានសរសេររៀបរាប់នៅលើអ៊ីនស្តាក្រាមថា “ពួកយើងកាន់តែស្រស់ស្អាត និងជាពេលវេលាដ៏អស្ចារ្យនៅលើកោះបាលី ។ សណ្ឋាគារ Como Shambhala បានធ្វើឱ្យរាងកាយ និងចិត្តគំនិតរបស់ខ្ញុំស្រស់សា្រយ ដែលមិនធ្លាប់បានជួបពីមុនមក អរគុណទាំងអស់គ្នាដែលស្វាគមន៍យើងខ្ញុំម្ដងទៀត”។
គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រតារាប្រុសស្រីរូបនេះបានចូលទៅបញ្ជេញមតិយោបល់នៅខាងក្រោមរូបភាពថា សូមអរគុណដំណើររបស់អ្នកមកកាន់កោះបាលី សូមឱ្យការសម្រាកលម្ហែកាយរបស់អ្នកប្រកបដោយសេចក្ដីសុខសប្បាយ និងកុំភ្លេចវិលត្រឡប់មកជាថ្មីម្ដងទៀតនាឱកាសក្រោយ។ នេះអាចនិយាយបានថា ការគាំទ្រ និងការស្រឡាញ់ពេញចិត្តតារាពីរដួងនេះពិតជាវិសេសវិសាលមែន៕