ក្រៅពីការគិតគូរលើបញ្ហាគ្រប់គ្រងចង្វាក់ផលិតកម្មនៃសហគ្រាស និងឧស្សាហកម្មនានាដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានហើយ ថ្មីៗនេះអ្នកជំនាញនានាលើពិភពលោកបានណែនាំថា សកម្មភាពសំខាន់ដែលនាំឱ្យមនុស្សម្នាក់ៗអាចចូលរួមកាត់បន្ថយផលប៉ះពាល់ខ្លាំងលើពិភពលោកផងដែរនោះ គឺការអប់រំឱ្យចេះសន្សំសំចៃ និងគ្រប់គ្រងសកម្មភាពឱ្យបានល្អ។
អ្នកជំនាញបរិស្ថាន និងបម្រែបម្រួលនៃធនធានធម្មជាតិនៅក្នុងប្រទេសនានា ដូចជានៅអឺរ៉ុប និងនៅក្នុងប្រទេសជប៉ុនជាដើម បានបញ្ជាក់ថា ការសន្សំសំចៃ គឺជាវិធីល្អមួយដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាន ហើយវាក៏ជាផ្នែកមួយដ៏សំខាន់ផងដែរក្នុងការ កាត់បន្ថយផលប៉ះពាល់លើពិភពលោក។
ជារៀងរាល់ថ្ងៃ សំរាមប្លាស្ទិក សម្លៀកបំពាក់ចាស់ៗ និងសំណល់នៃការរស់នៅជាច្រើនបានហូរចូលទៅក្នុងមហាសមុទ្រ ដែលបានបំផ្លាញដល់ជីវចម្រុះ។ បន្ថែមពីលើនេះ ការផលិតនូវផលិតផលទាំងអស់នោះសុទ្ធតែប៉ះពាល់ដល់បរិស្ថាន ដែលហេតុនេះហើយ ទើបបណ្តាប្រទេសមួយចំនួនបានជំរុញឱ្យមានការប្រើប្រាស់ឡើងវិញ ការជួលសម្ភារប្រើប្រាស់ដែលមិនចាំបាច់ និងការកែច្នៃអ្វីដែលប្រើប្រាស់បានដោយខ្លួនឯង ដើម្បីកាត់បន្ថយការទិញរបស់ថ្មី។ ចំណែកឯសម្ភារប្រើប្រាស់រួចមួយចំនួនដែលនៅល្អ ក៏អាចនឹងធ្វើការបរិច្ចាគទៅតំបន់ដទៃទៀតដែលកំពុងត្រូវការ ដើម្បីឱ្យពួកគេមានលទ្ធភាពប្រើប្រាស់បាន ដោយមិនចាំបាច់ទិញរបស់របរថ្មីដែលមានគុណភាពមិនល្អ ងាយខូច និងទាមទារឱ្យមានការផលិតច្រើនឡើង។
បន្ថែមពីលើនេះ វេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើង ពាក់ព័ន្ធនឹងគំនិតជំរុញឱ្យរដ្ឋាភិបាលបង្កើតគម្រោងដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា សម្រួលដល់ប្រជាជនក្នុងការកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន បង្កើនចំនួនអ្នកប្រើប្រាស់សេវាធ្វើដំណើរសាធារណៈ និងធ្វើការងារនានា ដើម្បីជំរុញឱ្យប្រជាជនអាចធ្វើដំណើរដោយថ្មើរជើង និងជិះកង់បាននៅក្នុងគោលដៅជិតៗជាដើម។
ការធ្វើបែបនេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យប្រជាជនចេះសន្សំសំចៃធនធានលើការចំណាយទៅលើប្រេងឥន្ធនៈ ហើយទទួលបានសុខភាពល្អ និងថែមទាំងកាត់បន្ថយការបំពុលបរិយាកាសទៀតផង។ ព្រោះជារៀងរាល់ថ្ងៃការទាញយកឥន្ធនៈ ក៏ដូចជាចំហេះឥន្ធនៈ កំពុងបង្កជាបញ្ហាយ៉ាងច្រើននៅក្នុងពិភពលោក។
ជាតិពុលទាំងអស់នោះបានធ្វើឱ្យប្រទេសនានាត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់ពុល ដែលកើតមានឡើងនៅពេលអាកាសធាតុចុះត្រជាក់។ ចំពោះការទទួលទានអាហារ និងការប្រើប្រាស់គ្រឿងសង្ហារិម ក៏ដូចគ្នាដែរ នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា គេបានប្រមូលអាហារសល់ៗ
ពីផ្ទះប្រជាជន ដើម្បីកែច្នៃឡើងវិញឱ្យក្លាយជាថាមពលឥន្ធនៈសម្រាប់ប្រើប្រាស់ឡើងវិញ ខណៈប្រទេសអភិវឌ្ឍន៍មួយចំនួន បានប្រើប្រាស់កម្ទេចឈើពីសម្ភារប្រើប្រាស់ចាស់ៗ ដើម្បីបង្កើតជាអាល់កុលម្យ៉ាងឈ្មោះថាអេតាណុល ដើម្បីលាយជាមួយនឹងឥន្ធនៈសម្រាប់ប្រើប្រាស់។ ការប្រើប្រាស់របស់សល់ៗពីការរស់នៅទាំងអស់នេះ ត្រូវបានគេមើលឃើញថា អាចបង្កើតជាប្រេងឥន្ធនៈដែលមានផលប៉ះពាល់តិចតួចដល់ផែនដី តែទោះជាយ៉ាងនេះក៏ដោយ ក៏ការសន្សំសំចៃ ឬការទិញសម្ភារសម្រាប់តែគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ និងមិនខ្ចះខ្ជាយ ជាវិធីដ៏សំខាន់មួយក្នុងការជួយកាត់បន្ថយផលប៉ះពាល់ដល់ពិភពលោក ជាពិសេស គឺការកាត់បន្ថយភាពខ្ជះខ្ជាយលើការទទួលទានសាច់ ពីព្រោះការផលិតរបស់របរទាំងអស់នេះ ត្រូវការវត្ថុធាតុដើមជាច្រើន និងត្រូវការប្រើថាមពលច្រើន ដើម្បីឱ្យវាចេញជារូបរាងឡើង។
ការសន្សំសំចៃដ៏សំខាន់មួយផ្សេងទៀត ដែលអ្នកជំនាញផ្នែកផលប៉ះពាល់បរិស្ថានណែនាំ គឺការសន្សំសំចៃអគ្គិសនី។ ប្រជាជនគួរចាប់ផ្តើមសន្សំសំចៃអគ្គិសនី ដោយការប្តូរអំពូលភ្លើង ឬសម្ភារមិនសូវចាំបាច់មួយចំនួន ដែលស៊ីភ្លើងខ្លាំង មកប្រើផលិតផលសន្សំសំចៃភ្លើងវិញ។ បន្ថែមពីលើនេះ ការរៀបចំលំនៅឋានថ្មី ក៏គួរតែរៀបចំគម្រោងស្ថាបត្យកម្មដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូល ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅក្នុងការរស់នៅ។ ការប្រើប្រាស់អគ្គិសនីច្រើនលើសពីតម្រូវការ ត្រូវបានគេរកឃើញថា បណ្តាលឱ្យប្រទេសនីមួយៗ ត្រូវប្រើប្រាស់ថាមពលជាច្រើន រួមទាំងថាមពលកកើតឡើងវិញ និងថាមពលមិនកកើតឡើងវិញផងដែរ ដើម្បីផ្គត់ផ្គង់។
ហេតុនេះប្រសិនបើប្រជាជនចេះសន្សំសំចៃអគ្គិសនី ពួកគាត់នឹងអាចចំណេញទាំងថវិកាសម្រាប់ផ្គត់ផ្គង់ការរស់នៅ និងថែមទាំងកាត់បន្ថយផលប៉ះពាល់ដល់ពិភពលោកទៀតផង៕